មនុស្សស្រីរឹងមាំ ស្រឡាញ់ភាពស្អាតពីខាងក្នុង ជាជាងសម្រស់ក្រោមមុខកាំបិត

  • 2019-08-23 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​ជា​មនុស្ស​ស្រី ​ភាគច្រើន​តែង​ស្រឡាញ់ និង​ប្រាថ្នា​ចង់​បាន​ភាព​ស្រស់​ស្អាតដូចៗគ្នា។ មានសម្រស់​ពិត​ប្រាកដ១ ដែលមនុស្ស​ស្រី​ភាគច្រើនមាន តែគ្រប់គ្នាច្រើនមើល​រំលង​។

មតិ​ខ្លះ​លើក​ឡើង​ថា មនុស្ស​ស្រី ​ដែល​មាន​រូប​រាង​ខាង​ក្រៅ​ស្អាត គឺ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ភ្នែក​អ្នក​ផង​ទាំង​ពួង ពិសេស​ក្រសែ​ភ្នែក​របស់​មនុស្ស​ប្រុស។

រូបតំណាង

ចំណែក​មតិ​ខ្លះ​ទៀត បាន​បញ្ជាក់​ថា ភាព​ស្រស់​ស្អាត​ពិត​ប្រាកដ​របស់​មនុស្ស​ស្រី គឺ​ចេញ​មក​ពី​ខាង​ក្នុង ​មិន​សំដៅ​ដល់​រូបរាង​ខាង​ក្រៅ​នោះ​ទេ។ ដោយសារ​តែ​និយមន័យ​នៃ​ស្តង់ដារ​សម្រស់​ខុស​ៗ​គ្នា ដូច្នេះ​ទើប​អ្នក​មាន​ជីវភាព​រស់នៅ​មធ្យម និង​ធូរធារ​និយម​ Lifestyle ថ្មី​ៗ ជ្រើសរើស​ការ​វះកាត់​កែ​សម្ផស្ស ដើម្បី​​បំពេញ​តម្រូវ​ការ។

រូបតំណាង

ការ​កែ​ប្រែ​សម្រស់​ក្រោម​មុខ​កាំបិត​ ដែល​កំពុង​ទទួល​ការ​ពេញ​និយម​បំផុត ​មាន​ដូចជា៖ ​វះ​កាត់​កែ​ទម្រង់​មុខ​អក្សរ​ V បបូរ​មាត់​ព្រែក​ កាត់​ត្របក​ភ្នែក​តាម​ទម្រង់​ភ្នែក​ព្រាប ចាក់​ចង្កា បូម​ខ្លាញ់​ក្បាល​ពោះ ឬ​ដងខ្លួន និង​វះ​កាត់​ពង្រីក​សុដន់​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ ​ត្រូវ​ស្តង់ដា​បែប​នារី​សម្រស់​សម័យ​ថ្មី។

រូបតំណាង

តួ​លេខ​ពី​គេហទំព័រ Plastic Surgery បាន​បង្ហាញ​ថា​ ការ​វះកាត់​កែ​សម្ផស្ស​ប្រចាំ​ឆ្នាំ​ មាន​ចំនួន 17.5 លាន​ករណី ដែល​បាន​កើត​មាន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ កាលពី​ឆ្នាំ ២០១៧។

ទន្ទឹម​នឹង​ការ​កែ​ប្រែ​ភាព​ស្រស់​ស្អាត គ្រប់​ៗ​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ​វះ​កាត់​កែសម្ផស្ស​តាម​ផ្នែក​ផ្សេងៗ ចាំ​បាច់​គឺ​ត្រូវ​ចំណាយ​លុយ​ច្រើន ហើយភាពស្អាតក៏មាន​អាយុកាល​​កំណត់​នៃ​ថ្នាំ​ផង​ដែរ។

រូបតំណាង

​ចំណុច​នេះ​បើ​តាម​លោក វេជ្ជបណ្ឌិត អ៊ូ សុវណ្ណរ៉ា​ ឯកទេស​វះកាត់​កែសម្ផស្ស​ សញ្ញាប័ត្រ​មក​ពី​ប្រទេស​កូរ៉េ បាន​ពន្យល់​ប្រាប់ Sabay ថា ការ​វះ​កាត់​កែ​សម្ផស្ស​មាន​២​ប្រភេទ គឺ៖ វះ​កាត់​ដោយ​ប្រើ​ថ្នាំ​ស្ពឹក ឬ​សណ្ដំ និង​ការ​វះ​កាត់​ដោយ​មិន​ប្រើ​ថ្នាំ​ស្ពឹក ឬ​សណ្ដំ តែ​ប្រើ​បច្ចេកទេស​កែ​សម្ផស្ស​ទំនើប​កំពុង​ពេញ​និយម​ក្នុង​ពិភពលោក។

លោក​បន្ត​ថា មុន​ពេល​វះ​កាត់ ឬ​កែ​សម្ផស្ស​តែង​មាន​ការ​យល់ព្រម​ពី​ភាគី​សងខាង និង​​ការ​ពិនិត្យ​សុខភាព​ល្អិតល្អន់​​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្រោយ​វះ​កាត់​ និង​ត្រូវ​ស្តង់ដារ​​បច្ចេកទេស។

រូបតំណាង

ដោយសារតែស្រឡាញ់ភាព​ស្រស់​ស្អាត​យូរ​អង្វែង និង​ខ្ជិលស្មុគស្មាញ​ច្រើន មនុស្ស​ស្រី​រឹងមាំ​តែង​ផ្ដោត​គឺ ភាព​ជឿជាក់​ខ្ពស់។ នារី​ប្រភេទ​នេះ យល់​ថា​វា​ជា​ភាព​ស្រស់​ស្អាត​ពិត​ប្រាកដ​ចេញ​ពី​ខាង​ក្នុង​ខ្លួន ​ដោយ​មិន​ចាំបាច់​ប៉ះ​ពាល់​ដោយ​មុខ​កាំបិត។ នាង​ចូលចិត្ត​ខិតខំ​ដុះ​ខាត់​ចំណេះវិជ្ជា និង​សម្រិត​សម្រាំង​អត្តចរិត ដែល​មាន​ប្រយោជន៍​វែង​ឆ្ងាយ ​គ្មាន​ដែន​កំណត់ ឬ​ថ្ងៃ​សាប​សូន្យ​ឡើយ។

រូបតំណាង

នាង​ចូលចិត្ត និង​ផ្ដល់​តម្លៃ​ខ្ពស់ ​នៃ​ភាព​ជា​ខ្លួនឯង ជាជាង​ការ​កែ​ច្នៃ​ថែម​ថយ​ដោយ​វះ​កាត់​ប្លាស្ទិក ឬ​ដាក់សារធាតុ​គីមី​ចូល​ខ្លួន។ ហេតុផល ៤​ចំណុច ដែល​នារី​ដែល​មាន​ទំនុក​ចិត្ត​ស្រាប់​តែង​យល់​ឃើញ​ ទាក់ទង​នឹង​ការ​វះ​កាត់​កែ​សម្ផស្ស៖

រូបតំណាង

១. តម្លៃ​ថ្លៃ​ណាស់

អ្នក​អាច​ចំណាយ​លើ​ការ​វះ​កាត់​កែ​សម្ផស្ស​ទៅ​តាម​ផ្នែក​ខុស​ៗ​គ្នា។ ជាក់​ស្ដែង តម្លៃ​នៃ​ការ​​​វះ​កាត់​​លើក​មុខ​ឲ្យ​ខ្ពស់​គឺ​៦០០០​ដុល្លារ ចំណែក​ការ​ធ្វើ​ច្រមុះ​ឲ្យ​ស្រួច​ ២០០០​ដុល្លារ​ និង​ធ្វើ​ថ្ពាល់​ឲ្យ​ពេញ​ប្រហែល​១៤០០​ដុល្លារ ឬ​លើស​នេះ​ទៅ​តាម​ប្រភេទ​ផ្សេង​ៗ​ទៀត។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ Jetsettimes។ ចុចត្រង់នេះដើម្បីដឹងពីតម្លៃការវះកាត់កែសម្ផស្ស

រូបតំណាង

២. វា​អាច​ញៀន

សម្រស់​ក្រោម​មុខ​កាំបិត​វះ​កាត់ តែង​មាន​រយៈ​ពេល​កំណត់។ ដូច្នេះ​បើ​អ្នក​ធ្លាប់​ស្អាត ដោយ​សារ​តែ​វះ​កាត់​លើក​ទី​១​នោះ ប្រាកដ​ណាស់​វា​អាច​ជំរុញ​អ្នក​ចង់​ធ្វើ​ម្ដង​ទៀត​នៅ​លើក​ទី​២​ដែរ។

រូបតំណាង

៣. ភាព​ប្រថុយប្រថាន និង​បញ្ហា​សុខភាព

​រាល់​ការ​វះ​កែ​សម្ផស្ស​អាច​ប្រឈម​បញ្ហា​សុខភាព ប្រសិន​បើ​វះ​កាត់​ខុស​ស្តង់ដាបច្ចេកទេស និង​មិន​បាន​ជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ។

រូបតំណាង

៤. មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល

ការ​វះ​កាត់​ភាគ​ច្រើន​ជួយ​ឲ្យ​យើង​ស្អាត​ខុស​ពី​រូបរាង​ដើម​ ប្រសិន​បើ​ធ្វើ​តាម​ក្បួន​ខ្នាត​បច្ចេកទេស។ ប៉ុន្តែ​បើ​មិន​ត្រូវ​ក្បួន​វិញ វា​នឹង​បង្ក​បញ្ហា​ខ្លាំង​ដល់​សុខភាព​រាងកាយ ប្រឈម​នឹង​ការ​ស្លាប់ ខាត​បង់​លុយ​កាក់ និង​រង​សំពាធ​ផ្លូវចិត្ត ឬ​កាន់​តែ​ធ្ងន់ធ្ងរ គឺ​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ក៏​មាន។

មនុស្ស​ស្រី​ដែល​ឲ្យ​តម្លៃ​ភាព​ស្រស់​ស្អាត​ចេញ​ពីខាង​ក្នុង​មក តែង​គិត​ថា​នារី​គ្រប់​ៗ​រូប​សុទ្ធ​តែ​មាន​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ដូចគ្នា គ្រាន់​តែ​ពេល​ខ្លះ​អ្នក​មិន​សូវ​ចាប់​អារម្មណ៍។ សូម​ពិនិត្យ និង​ទទួល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុន​សម្រេច​​ចិត្ត​វះ​កាត់​កែ​សម្ផស្ស។ នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ Young Womens Health។

ប្រសិន​បើ​នៅ​សុខ​ៗ អ្នក​ស្រាប់តែ​ទើស​នឹង​សម្រស់​ខ្លួនឯង ហើយ​ចង់​កែ​ចំណុច​នេះ ឬ​ចំណុច​នោះ​នៃ​រាង​កាយ​ខ្លួនឯង ដើម្បី​តែ​ទាក់ទាញ​ចិត្ត​អ្នក​ដទៃ ពិសេស​បុរស​ៗ ខណៈ​អ្នក​ក៏​មាន​រូបរាង​សមរម្យ​ពី​ធម្មជាតិ​ស្រាប់​ដែរ​ នោះ​ សូម​គិត​ម្ដង​ទៀត។ សូម​ចាំ​ថា អ្នក​ដែល​ស្រឡាញ់​អ្នក​ពិត​ប្រាកដ ​គឺ​គេ​អាច​ទទួល​យក​រូបរាង​ ទំហំ​ និង​លក្ខណៈ​ពិសេស​របស់​អ្នក​ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​តាម​រយៈ​សម្រស់​ពី​ខាង​ក្នុង​ខ្លួន ដែល​គ្មាន​ថ្ងៃ​សាបសូន្យ។

រូបតំណាង

មនុស្ស​ស្រី​ដែល​មាន​ភាព​ស្អាត​បំផុត​ចេញ​ពី​ក្នុង​ខ្លួន​ គ្មាន​ថ្ងៃ​សាបសូន្យ​អាច​សម្គាល់​បាន​តាម​រយៈ៖

រូបតំណាង
  • នាង​មាន​ទំនុក​ចិត្ត​ និង​ចំណេះដឹង​ខ្ពស់

  • នាង​ជា​មនុស្ស​មាន​សុខភាព​ល្អ ក្លាហាន និង​ឆ្លាត​វៃ

  • នាង​ជា​មនុស្ស​ស្មោះត្រង់ និង​ពោរពេញ​ដោយ​ថាមពល

រូបតំណាង
  • នាង​មាន​ស្នាម​ញញឹម និង​ក្ដី​សង្ឃឹម​ជាប់​ជានិច្ច

  • ​នាង​មាន​ការ​គោរពចំពោះមនុស្សទូទៅ ចេះ​បន្ទាប​ខ្លួន​ និងយល់​ដឹង​កាលៈទេសៈ

  • នាង​ជា​មនុស្ស​ដែល​គេ​ឯង​ស្រឡាញ់ រាប់​អាន ព្រោះ​នាង​តែង​មាន​គំនិត​សុទិដ្ឋិនិយម និង​ការ​គិត​បែប​វិជ្ជមាន​ក្នុង​ជីវិត។

ចុចត្រង់នេះដើម្បីដឹងពីលក្ខណៈស្រ្តីដែលគេចូល​ចិត្ត​​​ចង់​​ក្បែរ​​

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម