សញ្ញា ៥ យ៉ាងបញ្ជាក់ថាកូនរបស់អ្នកកំពុងត្រូវការវិន័យ ដើម្បីអប់រំអត្តចរិត
- 2019-08-09 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៥ យ៉ាងបញ្ជាក់ថាកូនរបស់អ្នកកំពុងត្រូវការវិន័យ ដើម្បីអប់រំអត្តចរិត
ដោយសារតែក្ដីស្រឡាញ់ដ៏លើសលប់ចំពោះកូន ឪពុកម្ដាយមួយចំនួនទម្រើស និងតាមចិត្តកូន រហូតមើលលែងឃើញចំណុចខ្វះខាតរបស់ពួកគេ។ ដូច្នេះប្រសិនអ្នកមិនចង់ឲ្យអ្វីៗយឺតពេលនោះទេ អ្នកត្រូវបន្ថែមវិន័យអប់រំអត្តចរិតពួកគេជាថ្មី បើអ្នកសង្កេតឃើញសញ្ញាគ្រោះថ្នាក់ទាំង ៥ យ៉ាងខាងក្រោមនេះ៖
១.ទាមទារ
បញ្ហានេះភាគច្រើនកើតឡើងចំពោះកូនៗ ដែលទទួលបានក្ដីស្រឡាញ់ខ្លាំងពីឪពុកម្ដាយ។ មិនថាពួកគេចង់បានអ្វី អ្នកតែងតែផ្ដល់ឲ្យពួកគេជានិច្ច យូរៗទៅពួកគេលែងយល់ពីការដឹងគុណ ត្រេកអរ ឬស្កប់ស្កល់ ហើយចាប់ផ្ដើមរំពឹង ទាមទារគ្រប់យ៉ាង ដោយមិនខ្វល់ពីហេតុផលថាគួរ ឬមិនគួរឡើយ។
**វិធីដោះស្រាយ**៖ អ្នកត្រូវបង្រៀនកូនឲ្យចេះអរគុណ និងរីករាយចំពោះអំណោយទាំងឡាយដែលពួកគេបានទទួលពីអ្នក ឬមនុស្សជុំវិញ។
២.ខ្វះសេចក្ដីអាណិតអាសូរ និងចិត្តសប្បុរស
ចំណុចពីរយ៉ាងនេះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅក្នុងសង្គម។ ពួកគេមិនអាចរស់នៅជាមួយអ្នកអស់មួយជីវិតឡើយ ដូច្នេះនេះជាទុនសំខាន់សម្រាប់ចម្លងពួកគេឲ្យរកឃើញសេចក្ដីសុខជាមួយអ្នកដទៃនៅថ្ងៃអនាគត។
វិធីដោះស្រាយ៖ បង្រៀនពួកគេឲ្យចេះដាក់ទានចំពោះទុរគតជន។ នៅផ្ទះ អ្នកអាចពន្យល់ឲ្យពួកគេចេះជួយសម្អាតបន្ទប់បងប្អូន ឬជួយលាងចានជំនួសអ្នកជាដើម។
៣.ទម្លាក់កំហុសឲ្យអ្នកដទៃ
ប្រសិនបើកូនរបស់អ្នកមិនទទួលខុសត្រូវចំពោះទង្វើខ្លួនឯង ហើយព្យាយាមទម្លាក់កំហុសឲ្យអ្នកដទៃ មានន័យថាការអប់រំរបស់អ្នកកំពុងជួបបញ្ហាធំហើយ។
វិធីដោះស្រាយ៖ កុំបង្ខំឲ្យពួកគេទទួលស្គាល់កំហុសខ្លាំងពេក។ អ្នកត្រូវបង្រៀនឲ្យពួកគេស្គាល់ពីទំនួលខុសត្រូវខ្លួនឯងបន្តិចម្ដងៗ។ អ្នកអាចដាក់ការងារឲ្យពួកគេធ្វើ រួចសរសេរនៅលើក្រដាស ដើម្បីរំលឹករួចកុំភ្លេចអរគុណពួកគេទុកជាមុន។
៤.មិនខ្វល់ខ្វាយពីសុខទុក្ខអ្នកជុំវិញ
នៅពេលដែលកូនរបស់អ្នកមិនចេះខ្វល់ខ្វាយពីអ្នកដទៃ ជាពិសេសសមាជិកគ្រួសារខ្លួនឯង បញ្ជាក់ថាពួកគេកំពុងវិវត្តខ្លួនជាមនុស្សអាត្មានិយមបណ្ដើរៗហើយ។
វិធីដោះស្រាយ៖ នាំពួកគេទៅចូលរួមកម្មវិធីសប្បុរសធម៌នានា ដើម្បីបង្ហាញពីការចេះជួយទុក្ខធុរៈគ្នា។ ឧស្សាហ៍ប្រាប់ពួកគេថា ជីវិត និងសុខទុក្ខអ្នកដទៃ គឺសំខាន់ខ្លាំងដូចខ្លួនរបស់ពួកគេដែរ។
៥.មិនចេះមានអារម្មណ៍ខុសឆ្គង
ពួកគេបដិសេធមិនព្រមទទួលយកអារម្មណ៍ខុសឆ្គង ឬទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ព្រោះតែគិតថាពួកគេមិនបានធ្វើអ្វីខុស។
វិធីដោះស្រាយ៖ ផ្ដល់នូវលទ្ធផលដែលពួកគេសមនឹងទទួលចំពោះកំហុសឆ្គងទាំងនោះ។ បង្រៀនឲ្យពួកគេបែងចែករវាងរឿងត្រឹមត្រូវ និងរឿងខុសឆ្គង និងឲ្យពួកគេមានភាពក្លាហានគ្រប់គ្រាន់ដើម្បីទទួលខុសត្រូវចំពោះជម្រើសរបស់ខ្លួន៕
ចុចអាន៖ប្រដៅកូនបែបណា ទើបកូនស្ដាប់បង្គាប់ មិនក្បាលរឹង ឬឈ្លើយ?