ប្រដៅកូនបែបណា ទើបកូនស្ដាប់បង្គាប់ មិនក្បាលរឹង ឬឈ្លើយ?
- 2018-02-02 07:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រដៅកូនបែបណា ទើបកូនស្ដាប់បង្គាប់ មិនក្បាលរឹង ឬឈ្លើយ?
អ្វីក៏ដោយដែលឪពុកម្ដាយត្រូវការឲ្យកូនៗធ្វើ ជាដំបូងឪពុកម្ដាយត្រូវធ្វើជាគំរូឲ្យកូនៗបានឃើញសិន ដូច្នេះក្មេងៗនឹងចងចាំមេរៀនពីអ្នក។ គ្រប់សកម្មភាពរបស់ឪពុកម្ដាយនឹងជះឥទ្ធិពលដល់កូនៗ បើមិនផ្លូវល្អ ក៏អាចចូលទៅផ្លូវអាក្រក់ ហើយបើអ្នកត្រូវការឲ្យកូនៗជឿស្ដាប់បង្គាប់ ខាងក្រោមនេះគឺជាវិធីសាមញ្ញចំនួន ៤ ដែលនឹងជួយឲ្យឪពុកម្ដាយគ្រប់រូបដឹងថាប្រដៅកូនបែបណាទើបកូនស្ដាប់បង្គាប់។
១. ចាប់ផ្ដើមដោយការស្ដាប់កូនសិន
ការធ្វើឲ្យកូនស្ដាប់តាមសម្ដីរបស់ខ្លួនចាត់ទុកបានថាជារឿងលំបាកមួយរបស់ឪពុកម្ដាយ។ ដូច្នេះមុននឹងធ្វើឲ្យកូនៗងាកមកស្ដាប់តាមសម្ដីរបស់អ្នក អ្នកជាឪពុកម្ដាយត្រូវធ្វើជាគំរូឲ្យពួកគេបានឃើញសិន និងប្រើចំណុចនេះជាមេរៀនបង្រៀនឲ្យកូនមានគំនិតចង់ធ្វើជាអ្នកស្ដាប់ដ៏ល្អ។ បើអ្នកជាឪពុកម្ដាយដែលយកចិត្តទុកដាក់ស្ដាប់អ្វីដែលកូននិយាយ ពួកគេនឹងមើលឃើញពីការខ្វល់ខ្វាយរបស់អ្នក និងហ៊ាននិយាយជាមួយអ្នកយ៉ាងបើកចំហ។ ដូច្នេះប្រសិនបើចង់ឲ្យកូនៗស្ដាប់សម្ដីអ្នក ជាដំបូងអ្នកត្រូវធ្វើយ៉ាងណាឲ្យទំនាក់ទំនងរបស់អ្នកនិងពួកគេមានភាពស្និទ្ធស្នាល។
២. របៀបនិយាយជាមួយកូន គឺជារឿងសំខាន់
ពេលខ្លះកូនៗអាចនឹងគ្មានចិត្តស្ដាប់ឪពុកម្ដាយនិយាយ នៅពេលដែលឪពុកម្ដាយចាប់ផ្ដើមរអ៊ូរទាំខ្លាំងពេក ឬធ្វើឲ្យពួកគេមានអារម្មណ៍ថាឪពុកម្ដាយកំពុងជេរស្ដី ឬខឹងពួកគេដោយសារពួកគេធ្វើអ្វីមិនដូចចិត្ត។ ជំនួសឲ្យការដែលអ្នកមកក្ដៅក្រហាយនឹងការដែលកូនមិនចាប់អារម្មណ៍ស្ដាប់ សូមសាកល្បងផ្លាស់ប្ដូរស្ថានការណ៍នេះជាថ្មី។ ជំនួសឲ្យការចាំតែចេញបញ្ជា ឬស្រែកបន្ទោសឮៗ អ្នកគួរប្រើសម្ដីច្បាស់លាស់ប៉ុន្តែមិនកាចដាច់អហង្កា ដូចជា ប្រសិនបើកូនកំពុងញ៉ាំនំ ហើយចោលកញ្ចប់លើឥដ្ឋ អ្នកគ្រាន់តែចង្អុលទៅសម្បកនំនោះ ហើយប្រាប់ឲ្យកូនយកទៅចោលក្នុងធុងសំរាម ឬជំនួសឲ្យការជេរស្ដីបន្ទោស អ្នកគួរប្រើសំឡេងធម្មតា និងប្រាប់គេតាមសម្រួល។
៣. សម្លឹងកែវភ្នែក + ច្បាស់លាស់
ក្រៅពីការចាប់អារម្មណ៍ស្ដាប់ និងប្រើពាក្យសម្ដីទន់ភ្លន់ហើយ ភាសាកាយវិការក៏ជាចំណុចសំខាន់ដែលនឹងជួយឲ្យកូនៗងាកមកស្ដាប់បង្គាប់ ឬស្ដាប់សម្ដីរបស់អ្នកដែរ។ ដូច្នេះនៅពេលស្ដាប់អ្វីដែលកូននិយាយ អ្នកគួរបន្ទាបខ្លួនឲ្យស្មើជាមួយកូន សម្លឹងមើលភ្នែកពួកគេ និងតាំងចិត្តស្ដាប់ ហើយនៅពេលអ្នកនិយាយទៅកាន់កូនៗក៏ដូចគ្នា។ នៅពេលអ្នកប្រាប់អ្វីមួយបានច្បាស់លាស់ នោះនឹងធ្វើឲ្យកូនងាយយល់ និងស្ដាប់តាមសម្ដីអ្នក។
៤. ស្វែងរកឫសគល់នៃបញ្ហា
ពេលខ្លះកូនអ្នកហាក់ស្ដាប់បង្គាប់ ប៉ុន្តែបើពេលខ្លះកូនមិនស្ដាប់បង្គាប់ អ្នកគួរសង្កេត និងស្វែងយល់ថាហេតុផលដែលកូនមានអាកប្បកិរិយាបែបនោះ គឺដោយសារអ្វី។ សង្កេតមើលថាតើកូនកំពុងខឹង ឬខូចចិត្តនឹងអ្វីមួយ ឬពួកគេធ្វើរឹងរូសព្រោះត្រូវការឲ្យឪពុកម្ដាយចាប់អារម្មណ៍ ឬយកចិត្តទុកដាក់។ ឧទាហរណ៍ដោយសារទើបមានប្អូន ការធ្វើបាប ឬបន្តុះបង្អាប់នៅសាលារៀន ក៏ដូចជាការត្រូវឪពុកម្ដាយស្ដីបន្ទោស គឺសុទ្ធតែអាចជាមូលហេតុដែលធ្វើឲ្យក្មេងមិនស្ដាប់បង្គាប់។ អាកប្បកិរិយាកូនអាចនឹងផ្លាស់ប្ដូរ ទៅតាមអាយុរបស់ពួកគេ ដូច្នេះឪពុកម្ដាយគួរព្យាយាមនិយាយជាមួយកូនឲ្យបានច្រើន និងស្វែងរកឲ្យឃើញថាមានរឿងអ្វីកើតឡើង ហើយប្រាប់កូនយល់ជានិច្ចថា ម៉ាក់ប៉ានៅតែស្រឡាញ់ ឬបារម្ភកូនទោះមានអ្វីកើតឡើងក៏ដោយ ៕ ចុចអាន៖
រឿងសំខាន់១០យ៉ាងដែលអ្នកត្រូវបង្រៀនកូន មុនពួកគេអាយុ១០ឆ្នាំ
ទម្លាប់១០ប្រការរបស់ឪពុកម្ដាយ ដែលអាចបំផ្លាញអនាគតកូនទាំងស្រុង