ពេលវេលាគ្រោះថ្នាក់ទាំង៥ ធ្វើឲ្យស្វាមីបែកចិត្តស្រលាញ់ស្រីផ្សេង

  • 2019-06-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មនុស្ស​ប្រុស​ប្រែ​ចិត្ត មាន​លេស​ជា​ច្រើន​ដែល​​គាត់​នឹង​លើក​យក​មក​ការពារ​ខ្លួន​ឯង។ បើ​អ្នក​ហ៊ាន​​តែ​ប្រហែស​បន្តិច ជន​ទី​៣​នឹង​លេច​មុខ​ចេញ​មក​ជ្រៀតជ្រែក​​មិន​ខាន។ ហេតុនេះ​ហើយ យ៉ាង​ហោច​ណាស់ អ្នក​គួរ​ដឹង​ពី​ពេល​វេលា​គ្រោះ​ថ្នាក់​ ៥ ​នាំ​ឲ្យ​ស្វាមី​បែក​ចិត្ត​លែង​ស្រលាញ់​ដូច​មុន ដើម្បី​ការពារ​កុំ​ឲ្យ​ហួស​ពេល ​ឬ​ឈឺ​ចាប់​ខ្លាំង​រហូត​មិន​អាច​ទទួល​យក​បាន។

១. ពេល​ដែល​គាត់​មាន​លុយ​ច្រើន​ហូរ​ហៀរ

​នៅ​ពេល​មនុស្ស​ប្រុស​មាន​ការងារ​ល្អ​ មាន​តំណែង​ខ្ពស់ ឬ​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្សេងៗ គាត់​តែង​តែ​មាន​លុយ​ចាយ​មិន​ខ្វះ។ ខណៈ​ពេល​នេះ​ហើយ ដែល​អាច​នាំ​ឲ្យ​ប្រុសៗ ភ្លើតភ្លើន​ គិត​ចង់​សប្បាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ ពេល​មាន​អ្វី​ៗ​គ្រប់​យ៉ាង សូម្បី​តែ​សំបក​ខាង​ក្រៅ​ ក៏​អាច​ទាក់​ចិត្ត​ស្រី​​ៗបាន​សឹង​តែ​គ្រប់​គ្នា​ដែរ​។ អ្វី​ដែល​អ្នក​គួរ​នៅ​ពេល​នេះ​ គឺ​ត្រូវ​ចេះ​មើល​ថែរក្សា នៅ​ក្បែរ​គាត់ និង​យល់​ចិត្ត​ឲ្យ​បាន​ច្រើន។​

២. ពេល​ដែល​គាត់​ទន់​ខ្សោយ

ថ្វីត្បិត​តែ​មនុស្ស​ប្រុស​មាន​ភាព​រឹង​មាំ​ពិត​មែន​ ប៉ុន្តែ​គាត់​ក៏​អាច​ទន់​ខ្សោយ​ដូច​គ្នា ក្នុង​គ្រាដែល​កើតទុក្ខ​ស្មុគ​ស្មាញ​ដូច​ជា ពេល​បាត់​បង់​ក្រុម​គ្រួសារ ការងារ ឬ​ជួប​រឿង​មិន​សម​បំណង។ ក្នុង​ពេល​​វេលា​ក្រៀម​ក្រំ​បែប​នេះ គាត់​ត្រូវ​ការ​បំផុត​អ្នក​លើក​ទឹក​ចិត្ត​និង​អាច​ចែក​រំលែក​ទុក្ខ​ជាមួយ។ បើ​អ្នក​គិត​តែ​ពី​ការងារ ឬ​រឿង​ផ្ទាល់​ខ្លាំង​ពេក ហើយ​មិន​សូវ​បាន​ខ្វល់​ខ្វាយ​ពី​អារម្មណ៍​ស្វាមី គាត់​ច្បាស់​ជា​ទៅ​រក​អ្នក​ផ្សេង​ដែល​អាច​យល់​ពី​ចិត្ត​និង​ចេះ​លួង​លោម​បាន​ល្អ​ជាង​អ្នក។​

៣. ពេល​ដែល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​អ្នក​

ការ​ចាក​ចេញ​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត ឬ​នៅ​បរទេស អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ឯកោ និង​បាត់បង់​ក្តី​ស្រលាញ់​។ កាយ​មិន​នៅ​ក្បែរ​គ្នា មិន​បាន​ឃើញ​មុខ​គ្នា​រាល់​ថ្ងៃ​​ យូរ​ៗ​ទៅ​ស្នេហា​នឹង​ជួប​ភាព​រង្គោះរង្គើ។ ជា​ពិសេស គាត់​មាន​ឱកាស​ច្រើន​នឹង​ជួប​មនុស្ស​ស្រី​ថ្មីៗ ធ្វើ​អ្វី​តាម​ចិត្ត​ចង់​។ មិន​ថា​អ្នក​ទាំង​ពីរ រស់​នៅ​ក្នុង​​ម៉ោង​ខុស​គ្នា ឬ​រវល់​យ៉ាង​ណា​នោះ​ទេ គួរ​ឆ្លៀត​ពេល ខល​សួរ​សុខទុក្ខ មើល​មុខ​គ្នា​រាល់​ថ្ងៃ កុំ​ចេះ​តែ​បណ្តោយ​ធ្វើ​ហី​ៗ​​ឲ្យ​សោះ​។

៤. ពេល​ដែល​គាត់​ស្និទ្ធស្នាល​ជាមួយ​មិត្តភ័ក្តិ​ស្រី​លើស​ព្រំ​ដែន​

រវាង​មនុស្ស​ស្រី​និង​ប្រុស​ រាប់​អាន​គ្នា​ជា​មិត្ត​ភ័ក្តិ​ល្អ គ្មាន​អ្វី​ទាស់​ខុស​ឡើយ។ ប៉ុន្តែ​បើ​ទំនាក់​ទំនង​លើស​ពី​ធម្មតា ដូច​ជា​ឧស្សាហ៍​ចេញ​ទៅ​ខាង​ក្រៅ​ញាំ​អី ដើរ​លេង​​ជាមួយ​គ្នា​ញឹក​ញាប់​ មាន​ការ​វិការ​ស្និទ្ធស្នាល​ខ្លាំង មិន​យូរ​មិន​ឆាប់​ មិត្តភាព​នឹង​ក្លាយ​ជា​ស្នេហា​ដោយ​មិន​ដឹង​ខ្លួន​។ បើក​សេរីភាព​ឲ្យ​គាត់​ ប៉ុន្តែ​កុំ​លើស​ព្រំ​ដែន​ខ្លាំង​ពេក ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត​នៅ​ថ្ងៃ​ណាមួយ។​

៥. ពេល​ដែល​អ្នក​ឈប់​​ស្រលាញ់​ខ្លួន​ឯង

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ក្រោយ​ពេល​សម្រាល​កូន រាង​កាយ​មនុស្ស​ស្រី ប្រែប្រួល​មិន​សូវ​ស្រស់ស្រាយ​ដូច​មុន ហើយ​សម្រស់​ក៏​ធ្លាក់​ចុះ​ដែរ។ យ៉ាង​ណា​មិញ គួរ​ចេះ​រិះរក​វិធី​ថែរក្សា​ការពារ​​ខ្លួន​ឲ្យ​បាន​ល្អ​។ ទោះ​បី​ជា​មាន​កូន ២ ឬ​ ៣ ក៏​សម្រស់​នៅ​តែ​ស្អាត​ សុខភាព​រឹងមាំ ​មិន​ទ្រុឌទ្រោម​ងាយ​ៗ។ បើ​សូម្បី​តែ​អ្នក​មិន​គិតគូរ​ស្រលាញ់​ខ្លួន​ឯង​ផង តើ​ឲ្យ​នរណា​មក​​ស្រលាញ់​ជាប់​ចិត្ត​នឹង​អ្នក​នោះ?

ពេល​ខ្លះ​សំបក​ក្រៅ​​មនុស្ស​ប្រុស​ពិត​ជា​ខូច​ខិល​បន្តិច​មែន ប៉ុន្តែ​គ្មាន​នរណា​អាច​យក​បេះដូង​គាត់​បាន​ដោយ​ងាយ​ឡើយ។ ហេតុ​នេះ​ហើយ​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ អ្នក​ត្រូវ​តែ​ការពារ​​ប្រសើរ​ជាង​ព្យាបាល។ ដឹង​មុន​ជៀសវាង​​ឲ្យ​អ្នក​ផ្សេង​ឆ្លៀតឱកាស​យក​ទៅ​បាត់៕​​​​

ចុចអានបន្ត៖ បំផ្លាញផ្លូវចិត្តមនុស្សស្រីទាំងស្រុង បើប្រុសៗហ៊ាននិយាយពាក្យទាំងនេះដាក់នាង

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម