តិចនិករៀបវ៉ាលិសមិនឱ្យលើស៧គីឡូក្រាម ដើរលេងបាន១អាទិត្យធ្វើរំភើយ

  • 2019-05-07 00:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​កក់​បាន​សំបុត្រ​យន្តហោះ​ថោក​ដែល​គ្រប់​គ្នា​ចង់​បាន​ហើយ​នោះ ការ​រៀប​ចំ​វ៉ាលិស​គឺ​ជា​រឿង​ឈឺ​ក្បាល​បន្ត ព្រោះ​បើ​ប៉ះ​ក្រុមហ៊ុន​ដែល​លក់​សំបុត្រ​ធូរ​ថ្លៃ​ច្រើន​តែ​កំណត់​ទម្ងន់​វ៉ាលិស​​ក៏​តិច​ទៅ​តាម​នោះ​ដែរ។

តាម​បទ​ពិសោធន៍​តែ​ម្ដង ក្រុមហ៊ុន​ដែល​លក់​សំបុត្រ​ធូរ​ថ្លៃ​មិន​បើក​ឱ្យ​មាន​វ៉ាលិស​ធំ​ដែល​ត្រូវ​ផ្ញើ​តាម​យន្តហោះ​ឡើយ (Check-in Luggage) គឺ​បាន​តែ​វ៉ាលិស​ឬ​កាបូប​ដែល​ដាក់​តាម​ខ្លួន​ពេល​ឡើង​យន្ត​ហោះ​៧​គ.ក តែ​ម្ដង។ ដូច្នេះ​បើ​ចង់​បាន​គីឡូ​ថែម​ត្រូវ​ទិញ​បន្ថែម​ខាង​ក្រៅ​ពី​លើ​តម្លៃ​សំបុត្រ​យន្តហោះ​ទៀត ហើយ​ជា​ធម្មតា​តម្លៃ​ទិញ​ថែម​ច្រើន​តែ​ថ្លៃ​ខ្លាំង។

ចុចអាន៖ ដំណាក់កាលសំខាន់ៗ មុននឹងបានឡើងជិះយន្តហោះ សម្រាប់អ្នកគ្មានបទពិសោធន៍ (វីដេអូ)

អ៊ីចឹង បើ​មាន​កាបូប​ឬ​វ៉ាលិស​ដែល​ដាក់​បាន​តែ​៧​គ.ក​បែប​នេះ គ្នា​យើង​ច្បាស់​ជា​មិន​ស្រណុក​និង​មិន​ដឹង​ថា​ត្រូវ​រៀប​ចំ​បែប​ណា​ដើម្បី​អាច​ប្រើ​គ្រប់​​ពេល​ទៅ​ដើរ​លេង​ច្រើន​ថ្ងៃ​មែន​ទេ? កុំ​បារម្ភ​ទៀត​អី ចាំ​បង​កញ្ញា​ប្រាប់​តិចនិក​ចុះ!

១. ប្រើ​វ៉ាលិស​ណា​ដែល​មាន​សាច់​ទន់ និង​ស្រាល

ជំហាន​ដំបូង​នៃ​ការ​រៀប​ចំ​វ៉ាលិស គឺ​ជ្រើស​វ៉ាលិស​ឱ្យ​ត្រូវ​ជាមុន​សិន។ ដើម្បី​ងាយ​ស្រួល និង​មិន​ភ័យ​រឿង​ត្រូវ​ពិន័យ ឬ​ខាង​ព្រលាន​ដក​អីវ៉ាន់​មុន​ពេល​ឡើង​យន្តហោះ ត្រូវ​​ប្រើ​វ៉ាលិស​ណា​ដែល​ស្រាល​ដើម្បី​អាច​ដាក់​របស់​របរ​ក្នុង​នោះ​បាន​ច្រើន។ សម្រាប់​ទម្ងន់​វ៉ាលិស​​ឬ​កាបូប​ដែល​ល្អ​សម្រាប់​​យក​ឡើង​យន្តហោះ​នេះ ត្រូវ​រើស​​​កាបូប​ឬ​វ៉ាលិស​ណា​ដែល​មាន​ទម្ងន់​មិន​លើស​២​គ.ក គិត​តែ​សម្បក​ទទេ។

មួយ​ទៀត គួរ​រើស​កាបូប​ឬ​វ៉ាលិស​ណា​ដែល​​ហោប៉ៅ​រូត​ខាង​ក្រៅ​ដើម្បី​ដាក់​ប៉ាស្ព័រ លុយ​មួយ​ចំនួន​ ប៊ិច ឬ​វត្ថុ​ចាំបាច់​ណា​ដែល​ត្រូវ​ប្រើ​ភ្លាម ដោយ​មិន​បាច់​រូត​យក​ពី​ក្នុង​វ៉ាលិស​នាំ​ខាត​ពេល​ឡើយ។

អ៊ីចឹង​ពេល​នេះ ​យើង​បាន​ទម្ងន់​២ គ.ក ឬ​តិច​ជាង​នេះ

២. ដាក់​ខោ​អាវ​តិច​​តួច​បាន​ហើយ

ភាគ​ច្រើន​មិន​ថា គ្នា​យើង​សូម្បី​តែ​បង​កញ្ញា​ផ្ទាល់​ក៏​ធ្លាប់​មាន​ប្រវត្តិ​ដាក់​ខោ​អាវ​ច្រើន​គរ​ទឹក​គរ​ដី​ពេល​ទៅ​ដើរ​លេង​ម្ដងៗ​ដែរ ព្រោះ​ខ្លាច​ខ្វះ ហើយ​ចេះ​តែ​ញាត់​ចូល​កាបូប ឬ​វ៉ាលិស​យកៗ​តែ​ម្ដង។​តែ​សម្រាប់​អ្នក​ដែល​​ត្រូវ​ប្រើ​វ៉ាលិស​ត្រឹម​តែ​៧ គ.ក ហើយ​មិន​ចង់​អស់​លុយ​ទិញ​គីឡូ​ថែម​​នោះ វិធី​ល្អ​គឺ​ដាក់​តែ​ខោ​អាវ​​ដែល​ចាំ​បាច់​ទៅ​បាន​ហើយ។

អូខេ! ដំបូង​ត្រូវ​ធ្វើ​បញ្ជី​មួយ​ថា តើ​សម្លៀកបំពាក់​ណា​ខ្លះ​ដែល​យើង​ត្រូវ​ការ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នេះ ​ហើយ​យក​ល្អ​គួរ​ដាក់​តែ​សម្លៀកបំពាក់​ស្ដើង​ៗ សាច់​ទន់ និង​សម្លៀកបំពាក់​ណា​ដែល​អាច​ស្លៀក​ផ្គួប​គ្នា​ដើម្បី​ចំណេញ​កន្លែង​ដាក់។ ជា​ធម្មតា បើ​អ្នក​ចូល​ចិត្ត​ស្លៀក​ខោ​​អាច​ដាក់​តែ​ខោ​១​ឬ​២​ ហើយ​ប្រើ​ពណ៌​​ណា​ដែល​មិន​សូវ​ពិបាក​រើស​អាវ​ ដូច​ជា​ពណ៌​ខ្មៅ ខូវប៊យ​​ជា​ដើម ព្រោះ​គេ​អាច​មិន​ចាប់អារម្មណ៍​លើ​ខោ​ដែល​អ្នក​ស្លៀក​ឡើយ ឱ្យ​តែ​ចេះ​លេង​អាវ​ម៉ូដ​ខុស​ៗ​គ្នា​ទៅ​បាន​ហើយ។

ចំណែក​អ្នក​ដែល​ចូល​ចិត្ត​ស្លៀក​រ៉ូប​វិញ គួរ​ជ្រើស​រើស​រ៉ូប​ណា​សាច់​ស្ដើង ​រី​ឯ​រ៉ូប​ខូវប៊យ ឬ​សាច់​ក្រាស់​ និង​ស្បែក​ជើង​ធ្ងន់ៗ​គួរ​ទុក​ពាក់ ​ពេល​​ឡើង​យន្តហោះ​តែ​ម្ដង​ដើម្បី​ចំណេញ​គីឡូ​ក្នុង​វ៉ាលិស។

គន្លឹះ​គួរ​ដឹង​ពេល​រៀប​ខោ​អាវ​ដាក់​វ៉ាលិស

ស្រីៗ

ពាក់​ពេល​ឡើង​យន្តហោះ

-អាវធំ ឬអាវ​ក្រាស់​១

-អាវ​​យឺត ​អាវ​ក្រណាត់​ ឬ​រ៉ូប​ពី​ក្នុង១

-អាវ​ទ្រនាប់១

-ខោ​ខូវ​ប៊យ ឬ​ខោ​សាច់​ក្រាស់១

-ខោ​ក្នុង១

-ស្បែក​ជើង​ប៉ាតា ឬ​ស្បែក​ជើង​ធ្ងន់ៗ​១​គូ

សម្រាប់​ដាក់​ក្នុង​វ៉ាលិស

-អាវ​ពាក់​ធម្មតា​ ឬ​រ៉ូប​ស្ដើងៗ​៣-៤

-អាវ​ទ្រនាប់​៣

-ខោ ១​-២​

-ខោ​ទ្រនាប់ ៥

-អាវ​ខោ​គេង​យប់​១​កំប្លេ​បាន​ហើយ (ព្រោះ​ពាក់​តែ​ពេល​គេង អាច​ពាក់​ដដែល​ៗ​បាន ឬ​បោក​នៅ​ពេល​ព្រឹក ទុក​ចោល​ក្នុង​បន្ទប់​ទឹក​សណ្ឋាគារ)

-ស្បែក​ជើង​ធម្មតា​១​គូ (ផ្ទាត់ ឬ​ក្រវាត់​កែង​ដែល​មិន​ធ្ងន់)

ប្រុសៗ

ពាក់​ពេល​ឡើង​យន្តហោះ

-អាវ​ក្រៅ​១

-អាវ​ពី​ក្នុង​១

-ខោ​ខូវប៊យ ឬ​ខោ​សាច់​ក្រាស​១

-ខោ​លីអូ​

-ស្បែក​ជើង​ប៉ាតា ឬ​ស្បែក​ជើង​ប៊ូ​​ធ្ងន់

ដាក់​ក្នុង​វ៉ាលិស

-អាវ​ពាក់​ធម្មតា​៤

-ខោ​១-២

-ខោ​ទ្រនាប់ ៥

-ខោ​អាវ​គេង​១​​កំប្លេ ឬ​ខោ​ខ្លី​ស្ដើងៗ​១-២

-ស្បែក​ជើង​ធម្មតា (ក្រវាត់​កែង ឬ​ផ្ទាត់​ពាក់​ដើរ​លេង) ១​គូ

ទម្ងន់​ខោ​អាវ​សរុប​ក្នុង​វ៉ាលិស​​ប្រហែល​ ២គ.ក

ចុចអាន៖ Tips សម្រាប់ស្រីៗ រៀបចំរបស់របរដាក់វ៉ាលីឲ្យ​មានសណ្តាប់ធ្នាប់​ល្អ

៣. រៀប​របស់​ត្រូវ​ប្រើ​ក្នុង​បន្ទប់​ទឹក

ច្រាស​ដុស​ធ្មេញ ថ្នាំ​ដុស​ធ្មេញ សាប៊ូ​កក់​សក់ ដុស​ខ្លួន ម៉ាស៊ីន​ផ្លុំ​សក់ ប្រដាប់​កោរ​ពុក​មាត់​ ការ​ពិត​មិន​បាច់​ដាក់​ទៅ​ក៏​បាន​ ព្រោះ​នៅ​តាម​សណ្ឋាគារ​មាន​ផ្ដល់​ជូន​​តែ​ម្ដង។ ប៉ុន្តែ​សម្រាប់​អ្នក​ទៅ​គេង​ផ្ទះ​សំណាក់​តម្លៃ​ថោកៗ ឬ​​គេង​រួម​គ្នា​គ្នា​ច្រើន​ប្រហែល​ត្រូវ​យក​របស់​ខ្លួន​ឯង​ទៅ​តាម។

ដូច្នេះ​គួរ​ចេះ​របៀប​រៀប​ចំ​របស់​ទាំង​នោះ​ឱ្យ​មាន​របៀប​រៀប​រយ ហើយ​មិន​មែន​លើក​ទាំង​ដបៗ​មក​ញ៉ុក​ចូល​កាបូប​តែ​ម្ដង​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ខាត​គីឡូ។ គួរ​​វេច​ខ្ចប់​របស់​ទាំង​នោះ​​ក្នុង​ដប​ឬ ថង់​សម្រាប់​ធ្វើ​ដំណើរ​ដែល​មាន​កម្រិត​បរិមាណ​តិច​តួច​ដើម្បី​ដាក់​តាម​ខ្លួន ហើយ​ណា​មួយ​នៅ​ព្រលាន​យន្តហោះ​កាល​ណា​មាន​វត្ថុ​រាវ​​ មិន​ថា​ ឡេ សាប៊ូ ទឹក​អប់ ទឹក​ញ៉ាំ​លើស​ពី​១០០ ម.ល គឺ​មិន​អាច​យក​តាម​ខ្លួន​ដាច់​ខាត។ ដូច្នេះ​ច្របាច់​វា​ដាក់​ដប​តូចៗ​ សម្រាប់​តែ​ប្រើ​ប៉ុន្មាន​ថ្ងៃ​ទៅ​បាន​ហើយ ចំណែក​ទឹក​ញ៉ាំ អាច​ដាក់​តែ​ដប​ទទេ​ ហើយ​ចាំ​ចាក់​ទឹក​ចូល​ពេល​ក្រោយ​ក៏​បាន។

ទម្ងន់​​អីវ៉ាន់​អស់​នេះ​គឺ ០,៥ គ.ក ឬ​តិច​ជាង​នេះ

៤. កុំ​យក​របស់​អេឡិចត្រូនិក​ណា​ដែល​មិន​សំខាន់​ទៅ​តាម

បើ​គ្រាន់​តែ​ទៅ​ដើរ​លេង​ធម្មតា មិន​មែន​ទៅ​ធ្វើ​ការ​ហើយ​ចេញ​លទ្ធផល​ភា្លមៗ​ទេ យក​ល្អ​កុំ​បាច់​យក​ Laptop ទៅ​នាំ​តែ​ធ្ងន់​ ហើយ​ខាត​គីឡូ​ទេ។ ម្យ៉ាង​ទៀត ​របស់​សំខាន់​សម្រាប់​ស្រីៗ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​គឺ​ម៉ាស៊ីន​កៀប​សក់ ម៉ាស៊ីន​កិប ម៉ាស៊ីន​ផ្លុំ ម៉ាស៊ីន​មូរ.... រញ៉េរញ៉ៃ​ដល់​ក។ សូម្បី​តែ​បង​កញ្ញា​ក៏​ធុញ​នឹង​រឿង​នេះ​ដែរ។ តែ​សម្រាប់​វ៉ាលិស​៧​គ.ក គួរ​ទិញ​ម៉ាស៊ីន​ធ្វើ​សក់​ណា​ដែល​អាច​ប្រើ​បាន​មុខ​ងារ​ច្រើន ដូច​ជា​ទាំង​កិប​ក៏​បាន កៀប​ត្រង់​ក៏​បាន និង​មូរ​រួញ​ក៏​បាន។

អ៊ីចឹង​របស់​អេឡិចត្រូនិក​សំខាន់ៗ​ដែល​គួរ​យក​ទៅ​ជាមួយ​​មាន​ដូច​ជា៖

-ទូរសព្ទ១​គ្រឿង

-Powerbank

-កាមេរ៉ា​តូច​ល្មម

-ឆ្នាំងសាក​កាម៉េរា

-ឆ្នាំង​សាក​ទូរសព្ទ

-ព្រីភ្លើង​តូច​មួយ

-ម៉ាស៊ីន​ធ្វើ​សក់​ដែល​មាន​ប្រើ​បាន​ច្រើន​យ៉ាង​១​គ្រឿង

សរុប​ទៅ ១,៥ គ.ក ឬ​តិច​ជាង​នេះ

ចុចអាន៖ ដើរ​លេង​បែប​ឆ្លាតវៃ របស់​ខ្លះ​មិន​ចាំបាច់​ដាក់​នាំ​ធ្ងន់​វ៉ាលី​ទេ

៥. របស់​សាគួ​ផ្សេងៗ

-ប៉ាស្ព័រ

-សំបុត្រ​យន្តហោះ

-លុយ

-ប័ណ្ណ​ធានា កាត ATM, Credit Card ជាដើម

-ប័ណ្ណ​បើក​បរ (ករណី​ចាំបាច់)

-អាវ​ភ្លៀង ឬ​ឆ័ត្រ​តូច​មួយ

-កន្សែង​តូច​សម្រាប់​ជូត​មុខ ឬ ជូត​ដៃ

-ថ្នាំ​ឈឺក្បាល វិល​មុខ ក្អួត​ចង្អោរ

-គ្រឿង​សម្អាង រួម​ទាំង​កញ្ចក់​តូច​១

-ប៊ិច+ សៀវភៅ​តូច

សរុប​ទៅ​ប្រហែល ១ គ.ក

អូខេ​ ឥលូវ​សរុប​ទម្ងន់​របស់​របរ​ក្នុង​វ៉ាលិស​យើង​គឺ៖ វ៉ាលិស ២គ.ក + ខោ​អាវ ២​គ.ក + របស់​ប្រើ​ក្នុង​បន្ទប់​ទឹក ០,៥ គ.ក + របស់​របរ​អេឡិចត្រូនិក ១,៥ គ.ក + របស់​សាគួ​ផ្សេងៗ​ ១គ.ក = ៧ គ.ក ល្មម

ចុចអាន៖ ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​បរទេសមិន​គួរ​យក​របស់​មិន​បាន​ការ​ទាំង ១០ នេះទៅ​តាម​

ប៉ុន្តែ​តិចនិក​នេះ​សម្រាប់​តែ​អ្នក​ទៅ​ដើរ​លេង ហើយ​មក​ផ្ទះ​វិញ​ទេ​ណា ព្រោះ​បើ​សម្រាប់​អ្នក​ដែល​ត្រូវ​ទិញ​របស់​របរ​មក​ផ្ទះ​វិញ​ទៀត​នោះ ប្រហែល​មិន​អាច​ប្រើ​ការ​បាន​ទេ ព្រោះ​របស់​ទិញ​ក្រៅ​ទាំង​នោះ​ច្បាស់​ជា​​ត្រូវ​ទិញ​គីឡូ​ថែម​ហើយ​ទើប​បាន។

សម្រាប់​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ដែល​ប្រើ​វ៉ាលិស​បាន​តែ​៧ គ.ក គួរ​សាក​ល្បង​វិធី​នេះ​មើល​ ហើយ​ប្រាប់​វិញ​ផង​ណា​ថា​អាច​យក​ជា​ការ​បាន​អត់?

ជូន​ពរ​ដើរ​លេង​បាន​សប្បាយ​ និង​សុខ​សុវត្ថិភាព​ទាំង​អស់​គ្នា​ណា!

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម