កម្មវិធី​ "ស្រ្តី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា ឆ្នាំ​២០១៩" ចាប់​ផ្តើម​បើក​ឱ្យ​មាន​ការ​ស្នើ​បេក្ខភាព​ហើយ

  • 2019-02-13 03:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ផ្តល់​កិត្តិយស​ និង​ទទួល​ស្គាល់​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រៀប​ចំ​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៩ បន្ត​ទៀត។

កម្មវិធី​នេះ​នឹង​បើក​ឱកាស​ដល់​សាធារណជន​ទូទៅ​ដើម្បី​ស្នើ​បេក្ខភាព​ស្រ្តី​គ្រប់​រូប​ដែល​ខ្លួន​ទទួល​ស្គាល់​ថា​ជា​ស្រ្តី​គំរូ ជា​ស្ត្រី​ឆ្នើម និង​សកម្ម​បាន​ចូល​រួម​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប.គ.ព​ ក្នុង​ប្រទេស​ដើម្បី​ទទួល​ពាន​រង្វាន់​កិត្តិយស​ជា "​ស្រ្តី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​២០១៩" ពី​ក្រសួង​ប.ទ។

បេក្ខនារី​ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​រួម​លើក​កម្ពស់​វិស័យ​នេះ និង​ជំរុញ​ការ​ចូល​រួម​របស់​ស្រ្តី​ផ្សេង​ទៀត​ផង​ដែរ។ ក្រសួង​ប.ទ នឹង​ជ្រើស​រើស​សម្រិតសម្រាំង​បេក្ខនារី​ទាំង​នោះ ហើយ​ផ្តល់​ពាន​រង្វាន់​កិត្តិយស​ដល់​ស្រ្តី​ឆ្នើម​ ក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ដ៏​ធំ​ដំបូង​បង្អស់​មួយ​នៅ​កម្ពុជា "Digital Cambodia" ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩។

  • កម្មវិធី​ឆ្នាំ​នេះ​ផ្តោត​លើ​ប្រធានបទ “ស្រ្តី​កម្ពុជា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ឌីជីថល” នឹង​ប្រកាស​រក​បេក្ខភាព​ជា​ស្ត្រី ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភ: ឆ្នាំ​២០១៩

  • បន្ទាប់​មក​ក្រសួង​នឹង​ធ្វើ​ការ​ជ្រើស​រើស​ ហើយ​វាយ​តម្លៃ​រក​ស្រ្តី​ឆ្នើម​លេច​ធ្លោ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។

  • ជ័យ​លាភី ០៥ (ប្រាំ) រូប នឹង​ត្រូវ​ផ្តល់​កិត្តិយស​​ទទួល​ពាន​រង្វាន់​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០១៩​ខាង​មុខ

ពាក់ព័ន្ធ​នឹង​ការ​ផ្តួចផ្តើម​ឱ្យ​មាន​កម្មវិធី​នេះ​ឡើង ឯក​ឧត្តម ត្រាំ អ៊ីវ​តឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រធាន​ក្រុម​ប្រឹក្សា​មូលនិធិ ស.អ. បាន​មាន​ប្រសាសន៍​ថា "ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ឌីជីថល (Digital Transformation) គឺ​ជា​របត់​នៃ​ការ​ប្រែប្រួល​ក្នុង​យុគ​សម័យ​ឌីជីថល​នេះ ដែល​បច្ចេកវិទ្យា​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ ឬ​ឧបករណ៍​ដើម្បី​ផ្លាស់​ប្តូរ​របៀប​របប​ការងារ​ ការ​ធ្វើ​អាជីវកម្ម និង​ការ​គ្រប់គ្រង​ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធភាព កំណើន​ផល​ចំណេញ​ និង​ពង្រីក​ឱកាស​ផ្សេងៗ​ទៀត។ ដើម្បី​អាច​អភិវឌ្ឍ​ប្រទេស​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ យើង​គ្រប់​គ្នា​ត្រូវ​ចូលរួម​ជំរុញ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ​ទៅ​ជា​ឌីជីថល ស្រប​តាម​យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​៤ របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦។ "

ចំពោះ​ការ​រៀបចំ​កម្មវិធី​នេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុ​ប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​មូលនិធិ ស.អ. បាន​មាន​ប្រសាសន៍​ថា “ នា​ពេល​បច្ចុប្បន្ន ស្ត្រី​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា។ ស្ត្រី​ភាគ​ច្រើន​ជា​អាជីវករ អភិបាល​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម។ ក្នុង​ការ​ជំរុញ Tech Start Up និង​នវានុវត្តន៍​នា​ពេល​កន្លង​មក យើង​សង្កេត​ឃើញ​មាន​ស្រ្តី​ចូល​រួម​ច្រើន​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត ការ​រៀប​ចំ​កម្មវិធី​នេះ ក៏​ជា​ការ​កៀរគរ​ ការ​ចូល​រួម​ពី​គ្រប់​តួអង្គ​ដើម្បី​សម្រេច​នូវ​គោលដៅ​ផ្លាស់ប្តូរ​ទៅ​ជា​ឌីជីថល និង​គោលដៅ​យុទ្ធសាស្រ្ត​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​ឆ្នាំ​២០២០។ យើង​សូម​លើក​ទឹក​ចិត្ត​ឱ្យ​ស្រ្តី​ចូល​រួម​កាន់​តែ​ច្រើន​ឡើង។ "

កម្មវិធី​ឆ្នាំ​២០១៩​ នេះ មាន​ពាន​រង្វាន់​រហូត​ដល់​ទៅ ០៥ (ប្រាំ) ​ប្រភេទគឺ៖

-សហគ្រិន​ឆ្នើម​ស្រ្តី​ក្នុង​បច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award)

-វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award)

-ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ឬ​សហគមន៍ (Cambodian Woman ICT For Community Award)

-ស្ត្រី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃ​ប្រឌិត (Creative Digital Content Award)

-និង​ចុង​ក្រោយ​គឺពន្លក​ថ្មី ( Girl Innovator )

សូម​បញ្ជាក់​ថា​ស្រ្តី​ឆ្នើម​នៅ​កម្ពុជា​ទាំង​០៥​(ប្រាំ)​ប្រភេទ​ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវ​តែ​ជា​ក្រុម​ស្ត្រី​កម្ពុជា​ដែល​មាន​សក្តានុពល​ក្នុង​ផ្នែក​បច្ចេកវិទ្យា មាន​ភាព​ជា​អ្នក​ដឹកនាំ​ខ្ពស់​ ព្រម​ទាំង​បាន​ប្រើប្រាស់​នូវ​ជំនាញ​របស់​ខ្លួន​ដើម្បី​បម្រើការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ​ក៏​ដូចជា​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​នេះ ​ពួក​គាត់​ក៏​ត្រូវតែ​ជា​ស្រ្តី​កម្ពុជា​ដែល​បាន​លះបង់​នូវ​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ​ផ្នែក​ណា​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ សម្រាប់​យក​មក​បម្រើ​ផល​ប្រយោជន៍​ក្នុង​សង្គម​កម្ពុជា​ជា​រួម។

សាធារណជន​អាច​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន ដោយ​ស្នើ​បេក្ខភាព​ ស្រ្តី​ដែល​លោក​អ្នក​គិត​ថា​ជា​ស្រ្តី​ឆ្នើម ឬ​ស្រ្តី​គំរូ​ក្នុង​វិស័យ​នេះ។

ការ​ស្នើ​បេក្ខភាព​អាច​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ ដោយ​គ្រាន់​តែ​ចុច​ទីនេះ

ឬ អាច​ទំនាក់​ទំនង​តាម​សារ​អេឡិកត្រូនិក info@cbrd.gov.kh ឬ​ ទូរស័ព្ទ​លេខ៖ 012 717 318 ឬ 086 47 87 72

រូបភាពផ្ដល់ដោយ៖ cbrd.gov.kh

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម