អ្នកស្រឡាញ់ទេសភាពផ្កា ទៅលេងដាឡាត់មានផ្ការីកស្ទើរគ្រប់រដូវ
- 2018-12-08 00:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រឡាញ់ទេសភាពផ្កា ទៅលេងដាឡាត់មានផ្ការីកស្ទើរគ្រប់រដូវ
ដាឡាត់គឺជាក្រុងរបស់ខេត្ត Lam Dong នៃប្រទេសវៀតណាមដែលស្ថិតនៅលើតំបន់ទំនាបកណ្ដាល មានអាកាសធាតុត្រជាក់ស្ទើរតែពេញមួយឆ្នាំតែម្ដង។ ភាពល្បីល្បាញ និងត្រូវបានដាក់រហស្សនាមថាជាទីក្រុងអមត ដាឡាត់ផ្ដល់ឱ្យអ្នកទេសចរនូវទេសភាពផ្កាចម្រុះពណ៌ ច្រើនប្រភេទ និងគ្រប់រដូវ មិនថាអ្នកមករដូវណាក៏នៅតែអាចរីករាយនឹងភាពត្រកាល និងត្រជាក់ភ្នែកនៃផ្កាទាំងនោះបានដែរ។
ចុចអាន៖ ៧យ៉ាងស្រីៗត្រូវដឹង មុនធ្វើដំណើរកម្សាន្តក្រៅប្រទេសម្នាក់ឯង
រដូវផ្កាឆឺរី
បើកក្បាលរដូវផ្ការីកនៅដើមខែមករា និងកុម្ភៈ ដាឡាត់ត្រូវស្វាគមន៍ផ្កាឆឺរីដែលនឹងរីកស្គុះស្គាយពណ៌ផ្កាឈូកក្រហមពាសពេញដើម ធ្លាក់រុះរោយលម្អដីឱ្យមានពណ៌ក្រហមដូចក្រាលព្រំដូច្នោះដែរ។
ឈានជើងដល់ទឹកដីដាឡាត់ក្នុងរដូវនេះ អ្នកនឹងទទួលបានអារម្មណ៍នៃការបង់កន្សែងចាក់ទន់ល្មើយនៅនឹងក រង់ចាំខ្យល់បក់រវិចៗ ឈរពីក្រោមដើមឈើសង្ខាងផ្លូវមើលស្រទាប់ផ្កាឆឺរីរបូតពីទងធ្លាក់មកទុំនឹងបាតដៃដោយអារម្មណ៍លន្លង់លន្លោច។
រដូវផ្កាពណ៌ស្វាយ
ផ្កាពណ៌ស្វាយនេះត្រូវបានបុរសជនជាតិបារាំងម្នាក់ទិញតាំងពីបារាំងយកមកដាំនៅក្នុងឆ្នាំ១៩៦០ជាង ហើយក្រោយមកក៏មាន បណ្ឌិតផ្នែកកសិកម្មមួយរូបទៀតបាននាំពូជផ្កាពណ៌ស្វាយនេះមកពីអូស្ត្រាលីមកដាំនៅក្នុងឆ្នាំ១៩៩០ ហើយក៏បានបន្តដុះសុះសាយពេញក្រុងដាឡាត់តែម្ដង។
ជាប្រក្រតី ផ្កាពណ៌ស្វាយនេះរីកចន្លោះខែកុម្ភៈនិងមីនា ហើយទេសចរអាចឃើញពីភាពឆើតឆាយរបស់វា និងថតរូបជាមួយវានៅតាមផ្លូវមួយចំនួនដូចជា ផ្លូវ Nguyen Thi Minh Khai, Doc Stone Phu Dong Thien Vuong Street, Bui Road Thi Xuan, Hai Ba Trung ជាដើម។
ចុចអាន៖ ៥ វិធីសាស្ត្ររាងចាស់គំរឹល តែជួយឱ្យអ្នកដើរលេងអស់លុយតិច បានសប្បាយកប់
រដូវផ្កាឡាវេនឌ័រ
ផ្កាឡាវេនឌ័រត្រូវបានយកមកដាំនៅក្នុងក្រុងដាឡាត់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ កាលពីខែមេសាកន្លងទៅក្នុងឆ្នាំនេះ ចម្ការផ្កាមួយកន្លែងស្ថិតក្នុងភូមិ Van Thanh បានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកភ្លូកទឹកភ្លូកដី ព្រោះតែទ្រាំមិនបាននឹងភាពទាក់ទាញរបស់ផ្កានេះ ហើយត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ម្ចាស់ចម្ការក៏បិទលែងឱ្យចូលមើល ដើម្បីការពារការខូចខាតផ្កាដោយសារតែមានការជាន់ឈ្លីច្រើនពេក។
បច្ចុប្បន្ន ចម្ការផ្កាឡាវេនឌ័រទំហំ១ហិចតាត្រូវបានបង្កើតឡើងយ៉ាងជោគជ័យដែលបានដាំយ៉ាងរ៉ូមែនទិចរួមផ្សំជាមួយទិដ្ឋភាពបឹង Tuyen Lam។ ដើម្បីទៅដល់ទីនោះ អ្នកអាចចេញពីរីសត Clay Tunnel ទៅត្រង់ ហើយបត់ឆ្វេងតាមសញ្ញាដែលបានដាក់តាមដងផ្លូវ។
ចុចអាន៖ បើបានទៅលេងថៃ កុំភ្លេចទៅអើតផ្សាររាត្រី៣កន្លែងនេះ
រដូវផ្កាឈូករ័ត្ន
សួនផ្កាឈូករ័ត្ននៅដាឡាត់ត្រូវបានដាំដំបូងបង្អស់នៅខែតុលាឆ្នាំ២០១៥និងបានក្លាយជាទីទាក់ទាញបំផុតសម្រាប់យុវវ័យ។ ស្របពេលនេះដែរ ទេសចររាប់ពាន់នាក់មកលេង និងថតរូបមិនចេះដាច់។
រដូវស្មៅក្រហម
ស្មៅក្រហមគឺជាស្មៅព្រៃដែលដុះនៅតាមជម្រាលភ្នំនៅជាយក្រុងដាឡាត់។ ភាគច្រើនវាដុះនៅខែធ្នូក្នុងព្រៃដើមស្រល់ជិតបឹង Tuyen Lam ភូមិផ្កា Thai Phien ដែលមើលទៅឃើញផ្កាឈូកស្រទន់ ត្រជាក់ភ្នែកគួរឱ្យចង់ចូលជិត។
រដូវផ្កាស្មៅ
ពីខែឧសភាដល់កក្កដា ផ្កាស្មៅពណ៌សត្រូវគ្របដណ្ដប់តំបន់សំខាន់ៗមួយចំនួននៃក្រុងដាឡាត់ ដូចជា បឹង Tuyen Lam ស្ពាន៧២៣ ដែលឆ្លងកាត់ដាឡាត់និងញ៉ាត្រាំង។ ទោះបីជាផ្កាស្មៅ ឬផ្កាព្រៃក៏ដោយ តែវាបានបង្អួតសម្រស់មិនឱ្យចាញ់ប្រភេទផ្កាផ្សេងទៀតឡើយ។
រដូវផ្កា Cam Tu
ផ្កាប្រភេទនេះដុះនៅក្នុងរដូវក្ដៅ ហើយបើអ្នកមកចំពេលនេះ អ្នកនឹងបានឃើញភាពស្រស់ស្អាតរបស់វានៅគ្រប់ទីកន្លែងដុះមកត្រសងគ្នានឹងពន្លឺពណ៌លឿងរបស់ព្រះអាទិត្យបង្កើតជាទិដ្ឋភាពទាក់ភ្នែកដកចិត្តមិនរួចទេ។
ភាគច្រើននៃអ្នកមានគូគឺមកលេងសួនផ្កានេះដើម្បីបង្កើនភាពផ្អែមល្ហែម និងថតរូបអនុស្សាវរីយ៍មិនដែលរំលង៕