៥ វិធីសាស្ត្ររាងចាស់គំរឹល តែជួយឱ្យអ្នកដើរលេងអស់លុយតិច បានសប្បាយកប់
- 2018-11-08 04:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីសាស្ត្ររាងចាស់គំរឹល តែជួយឱ្យអ្នកដើរលេងអស់លុយតិច បានសប្បាយកប់
មានមនុស្សមិនតិចទេដែលទៅដើរលេងម្ដងៗ មកវិញត្រូវដេកកើតទុក្ខដោយសារតែអស់លុយច្រើន ហើយមិនសូវបានសប្បាយចិត្ត។ ដូច្នេះបើអ្នកក៏ស្ថិតក្នុងចំណោមពួកគេដែរនោះ ៥វិធីខាងក្រោមនេះប្រហែលអាចជួយអ្នកឱ្យមានថ្ងៃវិស្សមកាល ឬដំណើរកម្សាន្តឆ្លងប្រទេសបានរីករាយ ហើយមិនសូវចំណាយខ្ពស់៖
**១- កក់សំបុត្រយន្តហោះធូរថ្លៃ**
ការចំណាយលើមធ្យោបាយធ្វើដំណើរគឺជាបន្ទុកមួយដែលមិនអាចជៀសបាន។ បើសិនត្រូវទៅត្រឹមប្រទេសជិតខាង អ្នកអាចជ្រើសរើសមធ្យោបាយឡានក្រុង ជាជាងយន្តហោះ ទោះបីវាត្រូវចំណាយពេលយូរបន្តិច តែអ្នកអាចរីករាយនឹងទេសភាពតាមដងផ្លូវ និងអាចកាត់បន្ថយចំណាយសម្រាប់អ្នកមានកញ្ចប់ថវិកាមានកំណត់។
ផ្ទុយទៅវិញ បើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយដោយយន្តហោះ មានវិធីសាស្ត្រមួយទៀតគឺស្វែងរកក្រុមហ៊ុនណាដែលលក់សំបុត្រក្នុងតម្លៃធូរថ្លៃ ឬកក់សំបុត្រមុនពេលធ្វើដំណើរយូរខែ ឬជ្រើសរើសការធ្វើដំណើរចំថ្ងៃធ្វើការ ឬមួយទៀតជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍តូចៗ។
យ៉ាងណាមិញ សម្រាប់តម្លៃសំបុត្រធូរថ្លៃ អ្នកក៏ត្រូវត្រៀមចិត្តជួបប្រទះបញ្ហាមួយចំនួន ដូចជា ជើងហោះហើរមិនទៀងទាត់ បរិយាកាសក្នុងយន្តហោះមិនមានផាសុកភាព និងបញ្ហាផ្សេងៗទៀតជាដើម។
២- រកបន្ទប់ណាតម្លៃថោក ឬសមរម្យ
បន្ទាប់ពីបន្ទុកលើមធ្យោបាយធ្វើដំណើរ អ្នកត្រូវចំណាយលើការស្នាក់នៅថែមទៀត។ ដូច្នេះដើម្បីចំណាយតិច អ្នកគួរតែរកមើលតាមវិបសាយផ្សេងៗដែលផ្ដល់ការកំណត់តម្លៃបន្ទប់ខុសៗគ្នា ដើម្បីជាការសម្រេចចិត្តត្រឹមត្រូវ។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកតាមរយៈប័ណ្ណផ្សព្វផ្សាយរបស់សណ្ឋាគារ ឬរមណីយដ្ឋាននានាដែលអាចមានកម្មវិធីបញ្ចុះតម្លៃជាដើម។
ជាគំនិតមួយទៀត អ្នកក៏ជ្រើសរើសការស្នាក់នៅជាលក្ខណៈផ្ទះស្នាក់ Homestay ឬបន្ទប់ជួល ព្រោះកន្លែងទាំងនេះមានតម្លៃធូរជាងសណ្ឋាគារ និងដោយសារតែយើងទៅដើរលេង មិនចំណាយពេលនៅកន្លែងគេងច្រើន ដូច្នេះវាអាចសន្សំចំណាយបានខ្លះ។ ប៉ុន្តែត្រូវប្រាកដថា កន្លែងស្នាក់នៅទាំងនោះមានសុវត្ថិភាព និងមានមតិល្អៗពីអ្នកមានបទពិសោធន៍ស្នាក់នៅមុនៗ។
៣- ពេលទៅដល់ ប្រើមធ្យោបាយធ្វើដំណើរសាធារណៈ
បើអ្នកទៅដើរលេងដោយខ្លួនឯង (មិនទៅតាមក្រុមហ៊ុនទេសចរណ៍) អ្នកត្រូវចំណាយបន្ថែមលើការធ្វើដំណើរទៅកន្លែងផ្សេងៗ។ ដូច្នេះដើម្បីកាត់បន្ថយចំណាយ គួរពិចារណាលើមធ្យោបាយសាធារណៈនានាដូចជា ឡានក្រុង រថភ្លើងជាដើម។ ក្រៅពីនេះ អ្នកអាចជួលកង់ ឬម៉ូតូនៅតាមសណ្ឋាគារ ឬរមណីយដ្ឋាន។
៤- សាកភ្លក់អាហារតាមចិញ្ចើមផ្លូវ
មិនត្រឹមតែមានតម្លៃធូរជាងក្នុងភោជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែអាហារតាមចិញ្ចើមផ្លូវនៅក្នុងប្រទេសជាច្រើនអាចឱ្យអ្នកទទួលបានរសជាតិថ្មី និងស្វែងយល់ពីវប្បធម៌នៃប្រទេសទាំងនោះបានច្រើនទៀតផង។
៥-ទៅជាក្រុម
ការដើរកម្សាន្តជាក្រុម អាចជួយសន្សំសំចៃបានច្រើន នេះបើគិតដល់ការចាយវាយលើការធ្វើដំណើរ បន្ទប់ស្នាក់នៅ អាហារ អ្នកអាចចែកគ្នាចេញបាន។ ប៉ុន្តែយ៉ាងណាក៏គួរពិភាក្សាគ្នាមុនសម្រេចចិត្ត ជៀសវាងការអាក់អន់ចិត្តគ្នា ឬរើសកន្លែងខុស៕
ចុចអាន៖