​ប្តី​ប្រពន្ធ​ដែល​​តែង​តែ​ឈ្លោះ​គ្នា​​មិន​ឈប់ ត្រូវ​គិតពី​​ក្បួន​ហុងស៊ុយ​ខ្លះ

  • 2018-06-28 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ជីវិត​ជា​ប្តី​ប្រពន្ធ​តែង​​​​​ជៀស​មិន​ផុត​ពី​​ការ​ឈ្លោះ​ទាស់​ទែង​គ្នា ​គ្រាន់​​តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ​។ ក្នុង​ករណី​ដែល​​​ប្តី​​ប្រពន្ធ​អ្នក ឈ្លោះ​គ្នា ​រហូត​ដល់​ថ្នាក់​​​អស់​វិធី​​ទប់​​ស្កាត់និង​​កែប្រែ​បាន ​អីចឹង​​អ្នក​អាច​សាក​ល្បង​ តាម​ក្បួន​ហុងស៊ុយ​ចិន ដែល​​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ​ក្បួន​ហុង​ស៊ុយ របស់​លោក​​ស៊ឹង ណាំហុង។ ដូច្នេះ​​​​ដើម្បី​ស្វែង​រក​ក្តី​សុខ និង​សុភមង្គល​នៅ​ក្នុង​គ្រួសារ អ្នក​​អាច​អនុវត្ត​​ ដោយ​ដាក់​តាំង​វត្ថុ​ផ្សេងៗ​​ឲ្យ​ចំ​ទិស​ដូច​ខាង​ក្រោម៖

ដើម្បី​កាត់​បន្ថយ​ការ​ឈ្លោះ​ប្រកែក​គ្នា

ប្រសិន​បើ​គូ​ស្វាមី​​ភរិយា​ចង់​មាន​ការ​ស្រុះ​ស្រួល​គ្នា និង​កាត់​បន្ថយ​​នូវ​ការ​ឈ្លោះ​ប្រកែក​គ្នា​ ចូរ​ដាក់​តាំង​ផ្កា​កុលាប​ក្រហម​ចំនួន​៩ទង នៅ​ចំ​ទិស​ខាង​ជើង ព្រោះ​វា​អាច​បញ្ចុះ​នូវ​កំហឹង​ឆាប​ឆេះ​​ឲ្យ​មក​កម្រិត​ទាប​វិញ។ ម៉្យាង​ទៀត នៅ​ត្រង់​ទី​កន្លែង​​ដាក់​តាំង​ផ្កា​នេះ ហាម​​មាន​វត្ថុ​ ឬ​​​រុក្ខជាតិ​ណា​មាន​ពណ៌​បៃ​តង ពុំ​នោះ​ទេ នៅ​ក្នុង​គ្រួសារ​រមែង​​មាន​​ការ​ឈ្លោះ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ឥត​ឈប់​ឈរ។

ដើម្បី​បង្កើន​បរិយាកាស​សប្បាយ​រីករាយ

ទីតាំង​សប្បាយ​រីករាយ​នៅ​ក្នុង​គេហដ្ឋាន​នៅ​ចំ​​ទិស​ខាង​លិច។ ដូច្នេះ​​គេ​អាច​ដាក់​តាំង​ ​ដើម​រុក្ខជាតិ​មាន​ផ្លែ ដូចជា​ដើម​ក្រូច​ឃ្វិច និង​ដើម​ប៉េងប៉ោះ ព្រោះ​វា​​អាច​បង្កើន​ឲ្យ​មាន​បរិយាកាស​សប្បាយ​រីករាយ​នៅ​ក្នុង​គ្រួសារ​ រី​ឯ​រឿង​រកាំរកូស ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ឯកឯង ហើយ​ក៏​អាច​បង្ក​ឲ្យ​គូ​ស្វាមី​ភរិយា​​ស្គាល់​តែ​​ភាព​សប្បាយ​រីករាយ​។

ដើម្បី​កាត់​បន្ថយ​ការ​ឆ្លៀត​មាន​ក្រៅ

ដើម្បី​ចៀសវាង​នូវ​ភាព​រកាំ​រកូស​​ក្នុង​រឿង​អាពាហ៍ពិពាហ៍ ទី​តាំង​ឆ្លៀត​មាន​ក្រៅ ស្ថិត​នៅ​ចំ​ទិស​ឦសាន។ អ្នក​គួរ​​​អាច​ដាក់​តាំង​វត្ថុ​ដែល​ធ្វើ​ពី​ដី​ដុត ដូច​ជា​ពែង ឬ​ចាន​ថ្ម​ជា​ដើម​ ព្រោះ​វា​អាច​ទប់​ស្កាត់ មិន​ឲ្យ​មាន​ការ​ឆ្លៀត​បេះ​បោច​ខាង​ក្រៅ​បាន។ ​​​

ដើម្បី​កែប្រែ​កំហឹង

គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​ រមែង​តែង​តែ​បង្ក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ឥត​ឈប់​ឈរ ហើយ​ពួក​គេ​ចូល​ចិត្ត​កំហឹង​ទល់​នឹង​កំហឹង ដើម្បី​ដោះ​ស្រាយ​បញ្ហា។ យ៉ាង​ណា​មិញ អ្នក​អាច​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​វិញ ដោយ​ជៀសវាង​ដូច​​ខាង​ក្រោម៖

១.​ ដាក់​តាំង​វត្ថុ​ញឹក​ស្កេកស្កះ និង​មាន​ភាព​ច្របូក​ច្របល់ ហើយ​ធ្វើ​ឲ្យ​​អារម្មណ៍​តាន​តឹង​ជានិច្ច។

២.​ ពណ៌​សម្បុរ​ឆើតឆាយ​ខ្លាំង​ពេក។ ពណ៌​ក្រហម​ច្រើន​ពេក​​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ពុះ​កញ្ជ្រោល​ខ្លាំង ដូច្នេះ​គួរ​ប្រើ​ពណ៌​ណា​ដែល​មិន​​​សូវ​ឆើត។

៣.​ ទីតាំង​គ្រែ​មាន​ធ្នឹម​​កាត់​ទទឹង​សង្កត់​ពី​លើ ក៏​បណ្តាល​ឲ្យ​មនុស្ស​ឆាប់​មាន​ចិត្ត​ខឹង​ឆេវឆាវ​ដែរ។

​​ ការ​រៀប​ចំ​ដាក់​តាំង​វត្ថុ​តាម​ក្បួន​ហុងស៊ុយ​ចិន បាន​​ជឿ​​និង​អនុវត្ត​ ​តាំង​ពី​ដើម​មក ប៉ុន្តែ​យ៉ាង​ណា​​ជីវិត​ជា​ប្តី​ប្រពន្ធ ដូច​​ចាន​ក្នុង​រាវ​តែង​មាន​ការ​​ប៉ះ​ទង្គិច សំខាន់​អ្នក​ត្រូវ​ចេះ​អធ្យាស្រ័យ​​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ​ព្រោះ​ចុង​ក្រោយ​គ្មាន​នរណា​​ឈ្នះ​ហើយ​ក៏​​​គ្មាន​អ្នក​ចាញ់​ដែរ ដូច្នោះ​​មិន​​បាច់​ប្រឹងប្រកែក​តឹងសរសៃកដាក់គ្នា​ពេក​នោះ​ទេ។

ចុចអានបន្ត៖

​​​

អត្ថបទ៖ ដេត ឈុនអ៉ី