វិធី​សន្សំ​ប្រាក់​តាម​ប្រជាជន​ជប៉ុន​ ដើម្បី​សល់​ចាយ​ទុក​ពេល​ចាស់​ទៅ

  • 2018-06-23 05:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ដទៃ ជប៉ុន​មិន​សូវ​សម្បូរ​ធនធាន​ធម្មជាតិ​នោះ​ទេ ការ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ និង​ការ​អភិវឌ្ឍន៍​ក៏​មាន​ការ​​កំណត់​ច្រើន។ ​លក្ខខណ្ឌ​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ត្រូវ​គេ​ចងចាំ​ថា​ជា​ប្រទេស​ដែល​មាន​ការ​សន្សំសំចៃ​ រិះ​ថាំ​ខ្ពស់ ចំណែក​ប្រជាជន​ធ្វើការ​មិន​សូវ​មាន​ពេល​ឈប់​សម្រាក​ដូច​ប្រទេស​ដទៃ​ឡើយ។

ជាមួយ​នឹង​វប្បធម៌​បែប​នេះ​ទើប​ធ្វើ​ឱ្យ​​ប្រជាជន​ជប៉ុន​ចាប់​ផ្ដើម​ចេះ​សន្សំ​សំចៃ​ប្រាក់​ដែល​រក​បាន ដើម្បី​អាច​សល់​​សម្រាប់​ចាយ​វាយ​នៅ​ពេល​ខ្លួន​ចាស់​ រក​អ្វី​លែង​កើត​ទៀត។

១. កាត់​បន្ថយ​ចំណាយ​ណា​ដែល​មិន​​ចាំបាច់៖

បើ​អ្នក​មាន​ឱកាស​បាន​រួម​អាហារ​ជាមួយ​ក្រុម​គ្រួសារ​ប្រជាជន​ជប៉ុន អ្នក​នឹង​ឃើញ​ថា អាហារ​មួយ​ចានៗ​​មាន​បរិមាណ​តិច​ជាង​អាហារ​នៅ​ប្រទេស​ផ្សេង។ មិន​មែន​ត្រឹម​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ប៉ុណ្ណោះ​ទេ តែ​ប្រជាជន​ជប៉ុន​ថែម​ទាំង​កាត់​បន្ថយ​អាហារ​ណា​ដែល​មិន​សូវ​សំខាន់ ឬ​ច្រើន​ជ្រុល​សម្រាប់​អាហារ​មួយ​ពេល។ ជា​រួម ពួក​គេ​ញ៉ាំ​តែ​អាហារ​ដែល​ល្មម​ឆ្អែត មិន​ឱ្យ​សល់​ចោល​ម្ហូប​នោះ​ទេ។

បើ​នៅ​ក្នុង​អគារ​ស្នាក់​នៅ​របស់​ជនជាតិ​នេះ​វិញ​ អ្នក​នឹង​កម្រ​ឃើញ​ផ្ទះ​ណា​មាន​របស់​របរ​ច្រើន​ស្អេកស្កះ​ណាស់។ គេ​ទុក​តែ​របស់​ណា​ដែល​ត្រូវ​ប្រើ​ចាំបាច់ សូម្បី​តែ​ភ្លើង​អគ្គិសនី សម្ភារៈ​ប្រើ​ប្រាស់​ក៏​ត្រូវ​គិត​គូរ​ល្អិតល្អន់​ពី​អាយុ​កាល​នៃ​ការ​ប្រើ​ប្រាស់​ដែរ។ ពោល​គឺ​សន្សំ​សំចៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ហេតុ​នេះ​ហើយ​ អ្នក​អាច​ឃើញ​មាន​​គ្រឿង​សង្ហារិម​ចាស់ៗ​តែ​នៅ​តែ​មើល​ឃើញ​ថ្មី ដោយ​សារ​ការ​សម្អាត​​ជា​ប្រចាំ។

ចុចអាន៖ តិចនិក​សន្សំ​លុយ​ឲ្យ​សល់​ទ្រព្យ​ និង​ផ្ទះ​សម្បែង​​ ក្រោយ​ចំណាយ​ផ្សេង​ៗ​រួច​

២. បែង​ចែក​ប្រាក់​សន្សំ​សម្រាប់​កូន​ៗ​ជំនាន់​ក្រោយ៖

កូនៗ​របស់​ជនជាតិ​ជប៉ុន​ភាគ​ច្រើន​ត្រូវ​បាន​បង្ហាត់​បង្រៀន​ឱ្យ​ចេះ​សន្សំ​សំចៃ​ប្រាក់​តាំង​ពី​នៅ​តូចៗ​ម្ល៉េះ។ ពួក​គេ​តែង​យល់​​ច្បាស់​ថា បើ​សន្សំ​ប្រាក់​បាន​ច្រើន​កាល​ណា ពួក​គេ​អាច​ទិញ​របស់​ល្អ មាន​គុណភាព​ខ្ពស់​បាន​ច្រើន​​កាល​នោះ។ ​ក្រៅ​ពី​នេះ ឪពុក​ម្ដាយ​តែង​អប់​រំ​ទូន្មាន​កូន​ៗ​​ឱ្យ​យល់​ថា ការ​ខ្ចី​លុយ​គេ​ចាយ​គឺ​ជា​កិរិយា​មិន​សមរម្យ​ឡើយ​ក្នុង​សង្គម​​​ជប៉ុន។ ហេតុ​នេះ​ហើយ ឱ្យ​តែ​មាន​ឱកាស សិស្ស​សាលា​វិទ្យាល័យ​របស់​ជប៉ុន​តែង​តែ​ឆ្លៀត​ពេល​ធ្វើ​ការ​បណ្ដើរ រៀន​បណ្ដើរ​ដើម្បី​ស្វែង​យល់​ពី​សារសំខាន់​នៃ​លុយ និង​មាន​លទ្ធភាព​ចាយ​វាយ​ខ្លួន​ឯង​បាន។

ចុចអាន៖ វិធីសាស្រ្តបង្រៀនកូន​ឲ្យ​មានគំនិតលើរឿងលុយកាក់តាំងពីតូច

៣. សន្សំ​របស់​ដែល​អាច​​នៅ​ប្រើ​កើត ឬ​ប្រើ​ឡើង​វិញ​បាន៖

ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​បាន​ប្រមូល​របស់​ឬ​កាកសំណល់​មក​ច្នៃ​ឡើង​វិញ​ដើម្បី​បង្កើត​ជា​សម្ភារៈ​ថ្មី​មួយ​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ ថ្មី​ៗ​នេះ ប្រដាប់ប្រដា​ជា​ច្រើន​ធ្វើ​ពី​ប្លាស្ទីក ក្រណាត់ និង​វត្ថុ​ធាតុ​ដើម​ក្នុង​វិស័យ​សំណង់ ប្រេង ត្រូវ​បាន​​កែ​ច្នៃ​ឡើង​វិញ​ ហើយ​ប្រើ​ប្រាស់​ដោយ​ប្រជាជន​ជប៉ុន​ស្ទើរ​តែ​ទូទៅ​ទៅ​ហើយ។

ប្រទេស​នេះ​បាន​រក​ឃើញ​បច្ចេកវិទ្យា​ពិសេស​ក្នុង​ការ​កែ​ច្នៃ​របស់​ចាស់​ឱ្យ​អាច​ប្រើ​ឡើង​វិញ​បាន ដូច​ជា​​ក្រដាស​កាសែត​ចាស់ៗ​អាច​ច្នៃ​មក​ធ្វើ​ជា​ឥន្ធនៈ​ដែល​មាន​​កម្លាំង​ខ្លាំង​សម្រាប់​ប្រើ​ក្នុង​ការ​ដាំ​ស្ល និង​កម្ដៅ​ផ្សេង​ៗ។

​៤. សន្សំ​សំចៃ​ពេល​វេលា៖

សម្រាប់​ជនជាតិ​ជប៉ុន ពេល​វេលា​គឺ​ពិត​ជា​មាស​ប្រាក់​។ ដូច្នេះ​ប្រជាជន​នេះ​មិន​ដែល​ទុក​ពេល​វេលា​ឱ្យ​រំលង​ហួស​ទៅ​ដោយ​ឥត​ខ្លឹម​សារ​នោះ​ទេ។ ឧទាហរណ៍ ​ដើម្បី​សន្សំ​សំចៃ​ពេល​ធ្វើ​ដំណើរ ជប៉ុន​មាន​​រថភ្លើង Shinkansen​ ដែល​ជា​រថភ្លើង​ល្បី​ឈ្មោះ​លឿន​បំផុត​ក្នុង​លោក អាច​រត់​បាន​​ដល់​ជាង ៥០០គ.ម ក្នុង​១​ម៉ោង។ ក្រៅ​ពី​រថភ្លើង​នេះ គេ​នៅ​មាន​ប្រព័ន្ធ​រថយន្ត​ក្រុង​ដែល​តែង​មក​ដល់​ទៀង​ពេល ហើយ​តែង​ប្រាកដ​ថា​ អ្នក​ដំណើរ​របស់​គេ​មាន​ផាសុកភាព​នឹង​ប្រើ​សេវា​ទាំង​នេះ។​

​ជន​ជាតិ​​នេះ​តែង​​តែ​ឱ្យ​តម្លៃ​ទៅ​លើ​ការងារ។ ពេល​លេង ឬ​ពេល​សម្រាក គឺ​ពួក​គេ​លេង​យ៉ាង​សប្បាយ តែ​បើ​ចូល​ដល់​ពេល​ធ្វើការ ពួក​គេ​តែង​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការ​ងារ​១០០% មិន​​យក​ពេល​លេង​មក​លាយ​ឡំ​ឡើយ។ ហេតុ​នេះ​ហើយ​ ទើប​យើង​ឃើញ​ថា រាល់​ការងារ ឬ​ទំនិញដែល​​ធ្វើ​ដោយ​ប្រជាជន​ជប៉ុន​តែង​មាន​គុណភាព​ល្អ​លើស​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក។

ចុចអាន៖ ចំណុចខ្លះៗដែលអ្នកគួរដឹង បើចង់សន្សំលុយពីដើមខែទៅ

៥. វិធីសាស្ត្រ​ផ្សេង​​ទៀត​ក្នុង​ការ​សន្សំ​សំចៃ៖

តាម​ការ​ស្ទង់​មតិ​​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ប្រជាជន​ជប៉ុន​ស្ទើរ​តែ​ទាំង​អស់​បាន​អនុវត្ត​ការ​សន្សំ​សំចៃ មិន​ថា​ក្មេង​ចាស់ ឬ​ស្ថានភាព​គ្រួសារ​បែប​ណា​នោះ​ទេ។ មាន​វិធី​មួយ​ចំនួន​ដែល​គេ​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​នេះ ដែល​ប្រជាជន​ជប៉ុន​ប្រើ​ដើម្បី​សល់​លុយ៖

  • ពួក​គេ​សន្សំ​​ប្រាក់​ដោយ​មាន​គោលដៅ​ច្បាស់​លាស់៖ បែង​ចែក​មួយ​ចំណែក​សម្រាប់​ការ​ដើរ​កម្សាន្ត មួយ​ចំណែក​​​សម្រាប់​ពេល​ឈឺ មួយ​ចំណែក​សម្រាប់​ជួសជុល​ផ្ទះ​ជា​ដើម។

  • តែង​ប្រៀបធៀប​តម្លៃ​មុន​នឹង​ចំណាយ៖ ឧទាហរណ៍​ថា ជំនួស​ឱ្យ​ការ​ទៅ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ បើ​អ្នក​ក្នុង​ផ្ទះ​យក​បាយ​ទៅ​ញ៉ាំ​នៅ​កន្លែង​ធ្វើ​ការ​​៣​ដង​ក្នុង​មួយ​អាទិត្យ ពួក​អាច​សន្សំ​បាន ៦៣០០០ យេន (ជាង​៥០០​ដុល្លារ) ក្នុង​មួយ​ឆ្នាំ ឬ​បើ​ស្វាមី​មិន​ផឹក​ស្រា​ថ្លៃ​ៗ ទៅ​ផឹក​ស្រា​ធម្មតា ពួក​គេ​អាច​​សន្សំ​បាន ៣ម៉ឺន​យេន (ជាង​២០០​ដុល្លារ)​ ក្នុង​មួយ​ឆ្នាំ។

  • ១០ទៅ១៥% នៃ​ចំណូល​ដែល​រក​បាន ត្រូវ​ទុក​ប្រើ​សម្រាប់​ការ​កម្សាន្ត​អារម្មណ៍។

  • ពេល​ទៅ​ផ្សារ​ទិញ​ទំនិញ​ម្ដងៗ ស្ត្រី​មេ​ផ្ទះ​ជប៉ុន​តែង​កត់​បញ្ជី​ទំនិញ​ដែល​ត្រូវ​ការ​ជា​មុន ហើយ​ទិញ​ដោយ​គិត​ច្បាស់​លាស់ និង​យក​ប្រាក់​អាប់​មក​វិញ។

  • មុន​បើក​ទូរ​ទឹកកក ពួក​គេ​ដឹង​ច្បាស់​ណាស់​ថា​​អ្វី​ដែល​ត្រូវ​យក។ ពោល​គឺ​បើក​យក​ហើយ​បិទ​ទៅ​វិញ​ភ្លាម​ក្នុង​៣​វិនាទី ដើម្បី​សន្សំ​សំចៃ​ភ្លើង។

  • ទឹក​ក្ដៅ​ដែល​សល់​ពី​ការ​ងូត​ទឹក​ត្រូវ​ទុក​ប្រើ​ដើម្បី​ជូត​សម្អាត​ផ្ទះ។

  • គ្រប់​ផ្ទះ​តែង​មាន​ម៉ាស៊ីន​សន្សំ​សំចៃ​ថាមពល។

  • ទិញ​សម្លៀកបំពាក់​តែ​ពេល​ណា​មាន​បញ្ចុះ​តម្លៃ​តែ​ប៉ុន​នោះ៕​​

ប្រភព៖ Express | nypost ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម