វិធីសាស្រ្តបង្រៀនកូន​ឲ្យ​មានគំនិតលើរឿងលុយកាក់តាំងពីតូច

  • 2017-06-16 10:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាគួរឲ្យឈឺក្បាលបំផុតមួយរបស់ឪពុកម្ដាយសម័យនេះគឺការដែលកូនៗរបស់យើងមិនយល់ពីតម្លៃរបស់លុយ។ ប្រសិនបើកូនៗមើលមិនឃើញពីតម្លៃរបស់លុយហើយ នៅពេលដែលយើងបង្រៀនឲ្យសន្សំលុយ ឬឲ្យចាយលុយសន្សំសំចៃគឺគ្មានផលនោះឡើយ ធ្វើឲ្យរឿងនេះជារឿងធំ ដែលអាចប៉ះពាល់ដល់ការគិតរបស់កូនទៅអនាគត។ ថ្ងៃនេះយើងសាកល្បងមកមើលទាំងអស់គ្នាថាធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យកូនតូចរបស់យើងចេះឲ្យតម្លៃទៅលើលុយ។

បញ្ហាចាប់ផ្ដើមដំបូងក្នុងការដែលកូនរបស់យើងមិនយល់ពីតម្លៃរបស់លុយនោះគឺ នៅពេលដែលកូនរបស់យើងសុំលុយយកទៅធ្វើអ្វីម្យ៉ាង តើឪពុកម្ដាយឲ្យគេភ្លាមៗឬយ៉ាងណា? ចំណុចដំបូងដែលគួរផ្លាស់ប្ដូរគឺនៅត្រង់នេះឯង ព្រោះបើទម្លាប់ឲ្យភ្លាមៗ កូននឹងយល់ថាលុយងាយរក គ្រាន់តែហើបមាត់ និងលាដៃក៏នឹងបានលុយតាមត្រូវការយកទៅទិញនំ ឬទិញការ៉េមដែលគេចង់ញ៉ាំបាត់ទៅហើយ។

យើងត្រូវសាកល្បងផ្លាស់ប្ដូរទម្លាប់នេះមកជា នៅពេលដែលកូនចង់បានអ្វីគឺត្រូវមានអ្វីយកមកដោះដូរ ដោយរបស់ដែលយកមកដោះដូរគឺមិនចាំបាច់អ្វីលំបាកច្រើនទេ ដូចជា ទៅទិញអ្វីមួយមកឲ្យម៉ាក់ ទៅយកទឹកស្រោចផ្កា ជួយប៉ាលាងឡាន ឬប្រសិនបើជារបស់ដែលធំដុំបន្តិច គឺអាចដោះដូរជាមួយការសន្យាថាខំរៀនឲ្យបានពិន្ទុល្អដើម្បីមកប្ដូរនឹងអ្វីដែលគេចង់បាន។

ធ្វើដូច្នេះគឺដើម្បីឲ្យកូនៗយល់ថាលុយមិនមែនរកបានដោយងាយៗទេ គឺត្រូវធ្វើអ្វីមួយដើម្បីដោះដូរដូចគ្នា ឬប្រសិនបើនឹងបង្រៀនកូនឲ្យចេះសន្សំលុយ នៅពេលកូនមានអ្វីដែលគេចង់បាន ជំនួសឲ្យការឲ្យលុយគេទៅទិញភ្លាមៗ អាចឲ្យគេចេះញាត់កូនជ្រូកដើម្បីសន្សំប្រាក់ទៅទិញវិញគឺប្រសើរជាង។

បន្ទាប់ពីបង្រៀនកូនឲ្យចេះសន្សំលុយហើយ រឿងដែលសំខាន់មិនចាញ់នេះដែរគឺការបង្រៀនកូនឲ្យចេះ “ចាយលុយ”។ បញ្ហានេះគឺជាបញ្ហាដែលនៅសាលារៀនបច្ចុប្បន្នមិនមានបង្រៀននោះទេ ដូច្នេះជាចាំបាច់ ត្រូវជានាទីរបស់ឪពុកម្ដាយ ក្នុងការបង្រៀនកូនឲ្យចេះចាយលុយ ថាតើចាយលុយយ៉ាងណាដើម្បីឲ្យសមនឹងតម្លៃ។

ឧទាហរណ៍នៅពេលដែលដើរទិញអីវ៉ាន់ អ្នកអាចបង្រៀនឲ្យកូនៗចេះប្រៀបធៀបមើលថាត្រូវទិញបែបណាដើម្បីឲ្យចំណេញបំផុត ដូចជាសាប៊ូបោកខោអាវ ១គីឡូតម្លៃ ១ម៉ឺនរៀល ប៉ុន្តែបើទិញ១០គឺឡូ តម្លៃ ៨ម៉ឺនរៀល ប្រសិនបើរបស់នោះមិនជាខូច ឬអាចទុកប្រើបានយូ គឺអាចទិញក្នុងបរិមាណច្រើនក៏បាន។

មួយវិញទៀតប្រសិនបើអាច ក៏ព្យាយាមបង្រៀនឲ្យកូនយល់ដឹងពីការបណ្ដាក់ទុនតូចៗ ដូចជាចាប់ផ្ដើមងាយៗពីការនាំពួកគេទៅបង្កើតគណនីធនាគារសន្សំលុយ បន្ទាប់ពីបង្រៀនឲ្យពួកគេចេះសន្សំលុយក្នុងកូនជ្រូកបានល្អហើយ ៕

ប្រភព៖ Rabbitdaily ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន