ហេតុផលសាមញ្ញ ៥ យ៉ាង ដែលបណ្ដាលឲ្យវដ្ដរដូវរបស់ស្ត្រីយឺតយ៉ាវ
- 2018-03-22 01:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសាមញ្ញ ៥ យ៉ាង ដែលបណ្ដាលឲ្យវដ្ដរដូវរបស់ស្ត្រីយឺតយ៉ាវ
វដ្ដរដូវយឺតយ៉ាវ គឺជាក្ដីព្រួយបារម្ភរបស់នារីៗស្ទើរតែគ្រប់គ្នា ជាពិសេសអ្នកដែលមិនទាន់មានគម្រោងចង់បានកូន។ ដើម្បីផ្ដល់ជាចំណេះដឹងបន្ថែមខាងផ្នែកសុខភាព កញ្ញា សូមបង្ហាញហេតុផលសាមញ្ញ ៥ យ៉ាង ដែលបណ្ដាលឲ្យវដ្ដរដូវរបស់អ្នកយឺតយ៉ាវ ហើយអ្នកគួរតែរៀនស្វែងយល់ និងដោះស្រាយវាដោយខ្លួនឯងផ្ទាល់៖
១.វដ្ដរដូវរបស់អ្នកមិនទាន់បញ្ចប់
ជាទូទៅមួយវដ្ដរដូវរបស់មនុស្សស្រីមានរយៈពេលប្រហែល ២៨ ថ្ងៃ ដូច្នេះប្រសិនខែនេះវាប្រែប្រួលមកលឿនជាងសព្វដងត្រឹម ២៤ ថ្ងៃក្រោមហេតុផលណាមួយ នោះខែបន្ទាប់វានឹងត្រូវការរយៈពេលរហូតដល់ ៣២ ថ្ងៃ ដើម្បីបង្គ្រប់ប៉ុន្មានថ្ងៃដែលសល់កាលពីខែមុន។
២.ភាពតានតឹង
រាងកាយរបស់អ្នកនឹងជម្រុះពងអូវុលចេញពីអូវែ ដើម្បីបន្តចូលវគ្គបង្កកំណើត ដូច្នេះប្រសិនអ្នកមានអារម្មណ៍ភ័យព្រួយ ឬពិបាកចិត្តខ្លាំងចំពោះបញ្ហាអ្វីមួយនៅកំឡុងពេលនោះ វានឹងរង់ចាំមួយរយៈសិន រហូតអ្នកមានអារម្មណ៍ល្អឡើងវិញ។ លើសពីនេះទៅទៀតប្រសិនបើស្ថានភាពធ្ងន់ធ្ងរខ្លាំង រដូវរបស់អ្នកអាចមិនមករាប់ខែក៏មាន។
**៣.អ្នកឈឺ ឬមានរបួស**
ប្រសិនអ្នកមានជំងឺ ឬរងរបួសធ្ងន់ធ្ងរ រាងកាយរបស់អ្នកក៏មិនបញ្ចេញអូវុលដែរ ក្រោមហេតុផលអ្នកមិនមានលទ្ធភាពគ្រប់គ្រងដើម្បីបង្កកំណើត។ អ្នកអាចមានរដូវដូចដើមវិញ នៅពេលដែលសុខភាពរបស់អ្នកវិវត្តមកប្រក្រតីវិញ។
៤.អ្នកញ៉ាំមិនគ្រប់គ្រាន់ ឬហាត់ប្រាណខ្លាំងពេក
នៅពេលរាងកាយរបស់អ្នកខ្វះវីតាមីនដោយសារការញ៉ាំមិនគ្រប់គ្រាន់ ឬក៏ប្រើប្រាស់ថាមពលអស់ច្រើនដោយសារការហាត់ប្រាណ នោះសុខភាពរបស់អ្នកនឹងដុនដាប មិនមានលទ្ធភាពបង្កកំណើត។ អ្នកក៏ត្រូវប្រឈមមុខជាមួយវដ្ដរដូវមិនទៀងទាត់ ឬក៏ផ្អាកមួយរយៈធំជាដើម។
៥.ការប្រើប្រាស់ឱសថ
ការចាប់ផ្ដើមប្រើប្រាស់ ឬផ្លាស់ប្ដូរឱសថភ្លាមៗ ក៏ជះឥទ្ធិពលដល់វដ្ដរដូវរបស់អ្នកដែរ។ ហេតុនេះប្រសិនអ្នកជួបបញ្ហាបែបនេះ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់។
ដំបូន្មាន៖ ប្រសិនវដ្ដរដូវរបស់អ្នកមិនសូវទៀងទាត់ ហើយតែងតែយឺតយ៉ាវ មានក្ដីព្រួយបារម្ភខ្លាំង ព្រោះសង្ស័យថាខ្លួនមានផ្ទៃពោះរឹតតែធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែធុញថប់ ដូច្នេះអ្នកគួរតែធ្វើតេស្ដទឹកនោមឲ្យបានលឿន ដើម្បីឲ្យសម្ពាធផ្លូវចិត្តនោះបានរសាយមកវិញ។ ទោះជាលទ្ធផលបែបណា អ្នកក៏អាចដឹងបានឆាប់ ដើម្បីស្វែងរកដំណោះស្រាយបន្តបានរហ័សដូចគ្នា៕
ចុចអាន៖ស្ត្រីពេលធំពេញវ័យទៅ នឹងជួបរឿងនឹកស្មានមិនដល់ទាំង ៧ យ៉ាងនេះពីសុដន់