​ចិត្ត​ទន់​ពេក​គេ​ធ្វើ​បាប! ៧​វិធី​​ផ្លាស់​ប្ដូរ​ខ្លួន​ពី​​មនុស្ស​ចិត្ត​ទន់​ឲ្យ​ក្លាយ​ជា​​​មាន​ជំហរ​រឹង​មាំ

  • 2018-03-14 04:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ពី​វិធី​៧​យ៉ាង​ដើម្បី​​ផ្លាស់​ប្ដូរ​ចរិត​ដែល​ឆាប់​ចិត្ត​ទន់​ ឲ្យ​​ក្លាយ​មក​ជា​អ្នក​ដែល​មាន​ជំហរ​រឹង​មាំ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត និង​កេង​ចំណេញ​ពី​​មនុស្ស​​មាន​បំណង​អាក្រក់​ទាំង​ឡាយ៖

រូបតំណាង

**១. ឈប់​ជឿ​សម្ដី​របស់​អ្នក​ណា​ងាយ​ៗ**

ពេល​ខ្លះ​ការ​ដែល​យើង​មាន​ចរិត​​ឆាប់​ជឿ​គេ​ពេក ឬ​តាម​ពុត​គេ​មិន​ទាន់​នេះ​ហើយ ដែល​ជា​ចំណុច​ធ្វើ​ឲ្យ​អ្នក​ត្រូវ​​ធ្វើ​បាប​រហូត​ត្រូវ​គ្រាំគ្រា​ចិត្ត ហើយ​ទម្រាំ​ដឹង​ខ្លួន​ក៏​​ត្រូវ​ខូចខាត​ទាំង​ផ្លូវ​អារម្មណ៍ ព្រម​ទាំង​មិត្តភាព​ល្អ​ៗ​ទៅ​ជាមួយ​គ្នា។ យក​ល្អ អ្នក​គួរ​ឈប់​ជឿ​សម្ដី​អ្នក​ណា​ងាយ​ៗ និង​សាកល្បង​ពិចារណា​ឲ្យ​បាន​ល្អ​សិន ព្រោះ​បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ក្លាយ​ជា​មនុស្ស​ចិត្ត​ទន់​ដែល​ងាយ​ឲ្យ​​អ្នក​ដទៃ​ធ្វើ​បាប​​មិន​ចេះចប់​មិន​ចេះ​ហើយ។

២. វាយ​តម្លៃ​គ្រប់​យ៉ាង​តាម​ទង្វើ​

ប្រយោគ​ដែល​ថា “ទង្វើ​សំខាន់​ជាង​សម្ដី” គឺ​នៅ​តែ​អាច​ប្រើ​បាន​នៅ​គ្រប់​ស្ថានការណ៍​ក៏​ថា​បាន ដូច្នេះ​ហើយ​បើ​សិន​មិន​ចង់​ក្លាយ​ជា​មនុស្ស​ចិត្ត​ទន់​ដែល​​អ្នក​ណា​និយាយ​អ្វី​ក៏​ជឿ​ស្លុង ចូរ​ប្រើ​សតិ​ដែល​​ខ្លួន​មាន​ពិចារណា​ឲ្យ​បាន​ល្អ និង​សម្លឹង​មើល​ហេតុការណ៍​ខាង​មុខ​ឲ្យ​​បាន​ល្អិតល្អន់​មុន​ដាក់​ចិត្ត​ជឿ ព្រោះ​មិន​ថា​​លទ្ធផល​ចេញ​មក​យ៉ាង​ណា យ៉ាង​ហោច​ណាស់​អ្នក​​ក៏​បាន​ជឿ​ដោយ​មើល​តាម​កែវភ្នែក​របស់​ខ្លួន ជា​ជាង​ស្ដាប់​តាម​សម្ដី​របស់​អ្នក​ដទៃ។

៣. ផ្ដោត​លើ​រឿង​ដែល​សំខាន់

ការ​ចេះ​រៀប​លំដាប់​ការងារ​អាទិភាព នឹង​ជួយ​ឲ្យ​អ្នក​មើល​ឃើញ​រឿង​ដែល​មាន​ផល​ល្អ​សម្រាប់​ជីវិត​របស់​អ្នក​បាន​កាន់​តែ​ច្រើន និង​អាច​ចាត់ចែង​ការងារ​ជាមួយ​ខ្លួន​ឯង​បាន​យ៉ាង​កាន់​តែ​ងាយ​ស្រួល។ ប្រសិន​បើ​​រវល់​តែ​យក​ខ្លួន​ទៅ​រវល់​​តែ​ជាមួយ​បញ្ហា​ដែល​មិន​មែន​ជា​បញ្ហា ឬ​រឿង​ដែល​ខុស​គោលដៅ ក្រៅ​ពី​ធ្វើ​ឲ្យ​ខាតបង់​ពេល​វេលា​ឥត​ប្រយោជន៍​ហើយ វា​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទៀត​ផង។

រូបតំណាង

៤. កាត់​រឿង​ដែល​គួរ​ឲ្យ​រំខាន​ចេញ​ពី​ជីវិត

ក្នុង​មួយ​ថ្ងៃ​ៗ​នៃ​ជីវិត​មនុស្ស​​យើង​ម្នាក់​ៗ​ត្រូវ​ជួប​បញ្ហា​លំបាក​ៗ​ផ្សេង​ៗ​គ្នា​ចៀស​មិន​ផុត ដូច្នេះ​ហើយ​ការ​កាត់​រឿង​ខ្លះ​​ដែល​មិន​សំខាន់​ចេញ នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​បាន​ទទួល​ក្ដី​សុខ​ក្នុង​ជីវិត​​កាន់​តែ​ច្រើន ហើយ​​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មិន​ឆាប់​ចិត្ត​ទន់​ចំពោះ​អ្វី​មួយ​ងាយ​ៗ។

៥. ចងចាំ​គ្រប់​​ទង្វើ​ដែល​គេ​ធ្លាប់​ធ្វើ​បាប​អ្នក

ការ​គុំកួន​អាច​​មិន​មែន​ជា​រឿង​ល្អ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ចិត្ត​ទន់ វិធី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង និង​មិន​ងាយ​ជ្រុល​ខ្លួន​ឲ្យ​គេ​ធ្វើ​បាប​ម្ដង​ហើយ​ម្ដង​ទៀត។

៦. រៀន​បដិសេធ​ខ្លះ

មុន​នឹង​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ចិត្ត​រឹង​បាន ជំហាន​ដំបូង​អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​ហាត់​បដិសេធ​អ្នក​ដទៃ​ឲ្យ​ចេះ​សិន ព្រោះ​បើ​សិន​អ្នក​នៅ​តែ​រវល់​តែ​តប​ស្នង​នូវ​តម្រូវ​ការ​របស់​អ្នក​ដទៃ ទាំង​ដែល​ខ្លួន​ឯង​លំបាក​កាយ​លំបាក​​ចិត្ត​នោះ អ្នក​​ក៏​មិន​អាច​ក្លាយ​ជា​មនុស្ស​មាន​ជំហរ​រឹង​មាំ​ពិត​ប្រាកដ​សម្រាប់​ខ្លួន​ឯង​ដែរ។

៧. ដាច់​ខាត​ចំពោះ​ការ​គិត​ខ្លួន​ឯង

ដើម​ហេតុ​នៃ​ភាព​ចិត្ត​ទន់​ច្រើន​កើត​ចេញ​ពី​ការ​ស្ទាក់ស្ទើរ គ្មាន​ភាព​ដាច់​ខាត​នៅ​ក្នុង​ខ្លួន ដែល​ពេល​ខ្លះ​វា​ក៏​ត្រលប់​មក​ធ្វើ​បាប​ខ្លួន​ឯង​បាន​យ៉ាង​ងាយ។ ដូច្នេះ​ហើយ មុន​នឹង​ទៅ​ធ្វើ​ចិត្ត​រឹង​ដាក់​អ្នក​ដទៃ អ្នក​គួរ​ចាប់​ផ្ដើម​ដាច់​ខាត​ជាមួយ​​ការ​គិត​ក្នុង​ខួរ​ក្បាល​របស់​ខ្លួន​ឯង​មុន​សិន​ដែរ ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម