៥​គន្លឹះ​ ​​និយាយ​ស្ដី​ឲ្យ​មាន​មន្ត​ស្នេហ៍​ ជឿជាក់ ​ចង់​ទាក់​ចិត្ត​អ្នក​ណា​ក៏​បាន

  • 2018-02-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សិល្បៈ​ក្នុង​ការ​និយាយ​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​ដ៏​សំខាន់។ មហាសេដ្ឋី​លំដាប់​ពិភពលោក Bill Gates បាន​ពោល​ថា “ការ​និយាយ​នេះ​មួយ បើ​អ្នក​ចេះ​និយាយ វា​នឹង​ក្លាយ​ជា​ទ្រព្យ ប៉ុន្តែ​បើ​អ្នក​មិន​ចេះ​និយាយ វា​នឹង​ក្លាយ​ជា​បំណុល​សម្រាប់​អ្នក​វិញ”។ ដូច្នេះ​ហើយ ​ទើប​មនុស្ស​​ភាគ​ច្រើន​តែង​កោតសរសើរ​ចំពោះ​អ្នក​ដែល​ពូកែ​វោហារ។ ប៉ុន្តែ​វា​រឹត​តែ​ប្រសើរ​ប្រសិន​បើ​អ្នក​ពូកែ​និយាយ​ហើយ​ដឹង​ថា​និយាយ​អ្វី​ គួរ​និយាយ​បែប​ណា គួរ​និយាយ​ពេល​ណា ហើយ​​មាន​មន្ត​ស្នេហ៍។ ចង់​ដឹង​វិធី​ទាំង​នេះ សូម​អាន​ខាង​ក្រោម​​ដូច​តទៅ៖

១. អ្នក​និយាយ​បាន​ល្អ ត្រូវ​​ចេះ​គិត​បាន​ល្អ​ជា​មុន​សិន

វា​គ្មាន​ប្រយោជន៍​នោះ​ឡើយ​ដែល​យើង​ត្រូវ​ចាប់​ផ្ដើម​អ្វី​ៗ​​ដោយ​ការ​គិត​ក្នុង​ផ្លូវ​អាក្រក់ បើ​ទោះ​បី​ជាមួយ​មនុស្ស​ដែល​យើង​មិន​ត្រូវ​ខ្សែ​​ក៏​ដោយ ក៏​គ្មាន​ហេតុផល​អី​ដែល​យើង​​ត្រូវ​ទៅ​និយាយ​មិន​ល្អ​ជាមួយ​គេ​​​តាម​ចិត្ត​ដែរ។ ការ​គិត​ល្អ ចាត់​ទុក​ថា​ជា​មូលដ្ឋាន​របស់​មនុស្ស អ្នក​ដែល​ចេះ​គិត​ក្នុង​ផ្លូវ​ល្អ នឹង​អាច​មើល​ឃើញ​ពិភពលោក​ មក​ខ្លួន​ឯង ក៏​ដូច​ជា​អ្នក​ដទៃ​ក្នុង​ផ្លូវ​វិជ្ជមាន​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ទស្សនៈ ពាក្យ​សម្ដី​ល្អ​ៗ​លេច​ឡើង​ច្រើន​ពេល​និយាយ​ស្ដី។ “និយាយ​​ល្អ” ត្រង់​នេះ​មាន​ន័យ​ថា និយាយ​ពីរោះ សុភាព មាន​ក្បាល​មាន​កន្ទុយ ដើម្បី​បង្ហាញ​ពី​សុជីវធម៌ គ្មាន​ពាក្យ​គ្រោតគ្រាត បង្កាច់​បង្ខូច ភូតភរ ផ្លែផ្កា និង​គំហក​ដាក់​គ្នា។ មនុស្ស​ដែល​និយាយ​បែប​នេះ​បាន​ប្រាកដ​ជា​មិន​អាច​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ទេ ព្រោះ​ភាព​អាក្រក់​នៅ​ក្នុង​ចិត្ត​តែង​ទម្លាយ​ចេញ​មក​តាម​រយៈ​ពាក្យ​សម្ដី ការ​លើក​ដាក់​សំឡេង ខ្សែ​ភ្នែក ឬ​កាយ​វិការ​​នៅ​ខណៈ​ពេល​និយាយ​បាន។

២. និយាយ​ត្រូវ​កាលៈទេសៈ

មិន​មែន​គ្រប់​ពេល​គ្រប់​វេលា​នោះ​ទេ​ដែល​យើង​អាច​និយាយ​បាន គឺ​ត្រូវ​មាន​ពេល​ខ្លះ​ដែល​យើង​គួរ​មិន​និយាយ ដើម្បី​ធ្វើ​ជា​អ្នក​ស្ដាប់​​គេ​និយាយ​ខ្លះ។ សូម​កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​គួរ​ឲ្យ​រំខាន ដោយ​ការ​និយាយ​ហូរ​មិន​ឈប់ មិន​មើល​កាលៈទេសៈ។ មនុស្ស​ចេះ​និយាយ​នឹង​ដឹង​ថា​ឱកាស​ណា​គួរ​និយាយ ឱកាស​ណា​គួរ​ស្ដាប់ ហើយ​ឱកាស​ណា​គួរ​បណ្ដែត​បណ្ដោយ។ វិធី​និយាយ​ឲ្យ​ត្រូវ​កាលៈទេសៈ​បែប​ងាយ​ៗ​នោះ​គឺ ត្រូវ​មើល​​ថា​យើង​ត្រូវ​និយាយ​ប្រធានបទ​អ្វី រឿង​អ្វី និយាយ​នៅ​ឯណា ​បរិយាកាស​​បែប​ណា អ្នក​ណា​ជា​អ្នក​ស្ដាប់ អ្នក​ស្ដាប់​មាន​ប៉ុន្មាន​នាក់ ជា​ការ​និយាយ​គ្នា​បែប​លេង​សើច ឬ​ជា​ការ​ប្រជុំ​ផ្លូវ​ការ...។ បើ​មើល​​ដឹង​ពី​ស្ថានការណ៍​​ទាំង​អស់​នេះ​ហើយ អ្នក​អាច​ត្រៀម​​ការ​និយាយ​ស្ដី​បាន​កាន់​តែ​ល្អ។

៣. និយាយ​មាន​ប្រយោជន៍

ហាម​និយាយ​​ស្ដី​ពាសវាលពាសកាល។ មិន​ថា​និយាយ​​ជាមួយ​មិត្តភ័ក្ដិ មិត្ត​រួម​ការងារ ឬ​និយាយ​ក្នុង​កន្លែង​ប្រជុំ ឬ​ទី​សាធារណៈ​ អ្នក​ត្រូវ​មាន​គោលបំណង​ជាក់​លាក់​ក្នុង​ការ​និយាយ ត្រូវ​និយាយ​មាន​ប្រយោជន៍ មាន​ការ​កំណត់​ច្បាស់​លាស់​ថា​ត្រូវ​ការ​ឲ្យ​អ្នក​ស្ដាប់​ទទួល​បាន​​អ្វី ឬ​ត្រូវ​ការ​ប្រាប់​អ្វី​ដល់​អ្នក​ស្ដាប់។

៤. និយាយ​ស្ដី​ឲ្យ​គួរ​ឲ្យ​ចង់​ស្ដាប់

ការ​លើក​ដាក់​សំឡេង​ត្រូវ​​ឲ្យ​មាន​ភាព​ទន់ភ្លន់ តែ​ច្បាស់​លាស់ ឮ​ល្មម អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ស្ដាប់​។ ការ​និយាយ​សាធារណៈ ​ពេល​ខ្លះ​ត្រូវ​ប្រើ​មាត់​ទទេ ប៉ុន្តែ​ភាគ​ច្រើន​គឺ​ត្រូវ​ប្រើ​មេក្រូ ដូច្នេះ​បើ​មាន​ឱកាស ត្រូវ​ហ្វឹក​ហាត់​ការ​ប្រើ​សំឡេង​ឲ្យ​បាន​សមរម្យ ទាំង​​បែប​មាត់​ទទេ និង​ជាមួយ​មេក្រូហ្វូន។ ក្នុង​ការ​និយាយ​នោះ​ទៀត​សោត គួរ​មាន​ឃ្លាឃ្លោង ចង្វាក់​ លើក​ដាក់​ពី​មួយ​ទៅ​មួយ​ ដើម្បី​ឲ្យ​អ្នក​ស្ដាប់​កាន់​តែ​​ចាប់​អារម្មណ៍។

៥. និយាយ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល

វិធី​ងាយ​ៗ​គឺ​ត្រូវ​​ សម្លឹង​មើល​កែវភ្នែក​អ្នក​ស្ដាប់​ឲ្យ​ចំ​ៗ ចេះ​សួរ​សំណួរ​​ខ្លះ​ក្នុង​ពេល​និយាយ​ រួច​ហើយ​សឹម​ពន្យល់​បន្ត ដើម្បី​ឲ្យ​អ្នក​ស្ដាប់​បាន​ចូលរួម​ជា​មតិ ឬ​ចែក​រំលែក​បទ​ពិសោធន៍​ខ្លះ ដូច្នេះ​ពួក​គេ​នឹង​​កាន់​តែ​ចាប់​អារម្មណ៍​លើ​អ្វី​​ដែល​យើង​និយាយ។ ការ​ចេះ​និយាយ​លេង​ភាសា​តាម​តំបន់​ក៏​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ល្អ​ដែរ សូម​កុំ​ប្រើ​ភាសា​ខ្មែរ លាយ​គ្នា​ជាមួយ​ភាសា​បរទេស ដោយ​គ្មាន​ការ​ពន្យល់​​បក​ស្រាយ លើក​លែង​តែ​ពេល​ចាំបាច់។

រូបមន្ត​នៃ​ការ​និយាយ​របស់​ព្រះ​សម្មាសម្ពុទ្ធ៖

១. ពាក្យ​សម្ដែង​ដែល​មិន​ពិត មិន​ត្រឹមត្រូវ មិន​ជា​ប្រយោជន៍ មិន​ជា​ទី​​គួរ​ឲ្យ​ចង់​ស្ដាប់​សម្រាប់​អ្នក​ដទៃ ព្រះ​អង្គ​មិន​ពោល។

២. ពាក្យ​សម្ដី​ដែល​ពិត ត្រឹមត្រូវ មិន​ជា​ប្រយោជន៍ មិន​ជា​ទី​គួរ​ឲ្យ​ចង់​ស្ដាប់​សម្រាប់​អ្នក​ដទៃ ព្រះ​អង្គ​​មិន​ពោល។

៣. ពាក្យ​សម្ដី​ដែល​ពិត ត្រឹមត្រូវ ​ជា​ប្រយោជន៍ តែ​មិន​ជា​ទី​គួរ​ឲ្យ​ចង់​ស្ដាប់​សម្រាប់​អ្នក​ដទៃ ព្រះ​អង្គ​​មិន​ពោល។

៤. ពាក្យ​សម្ដី​ដែល​ពិត ត្រឹមត្រូវ ​មិន​ជា​ប្រយោជន៍ ទោះ​​ជា​ទី​គួរ​ឲ្យ​ចង់​ស្ដាប់​សម្រាប់​អ្នក​ដទៃ ក៏​ព្រះ​អង្គ​​មិន​ពោល។

៥. ពាក្យ​សម្ដី​ដែល​ពិត ត្រឹមត្រូវ ​មិន​ជា​ប្រយោជន៍ ទោះ​​ជា​ទី​គួរ​ឲ្យ​ចង់​ស្ដាប់​សម្រាប់​អ្នក​ដទៃ ក៏​ព្រះ​អង្គ​​មិន​ពោល។

៦. ពាក្យ​សម្ដី​ដែល​ពិត ត្រឹមត្រូវ ​​ជា​ប្រយោជន៍ ​​ជា​ទី​គួរ​ឲ្យ​ចង់​ស្ដាប់​សម្រាប់​អ្នក​ដទៃ ទើប​ព្រះ​អង្គ​ពោល ៕

ចុចអាន៖

ប្រភព៖ postread ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន