៧យ៉ាង​ត្រូវ​ហាម បើ​ចង់​​ក្លាយ​ជា​អ្នក​មាន ដូច​ប្រាថ្នា

  • 2018-02-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ធ្វើ​ការ​អូហ្វីស​ជា​ច្រើន ប្រាកដ​ជា​គិត​ជានិច្ច​ថា ប្រសិន​បើ​ពួក​គេ​ចេញ​ទៅ​ធ្វើ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ពួក​គេ​អាច​ក្លាយ​ជា​អ្នក​មាន​ក៏​​ថា​បាន ហើយ​ម្យ៉ាង​ទៀត​ក៏​មិន​ចាំបាច់​មក​​ស៊ី​ឈ្នួល​គេ​ត​ទៅ​ទៀត​ដែរ។ ប៉ុន្តែ​​ការ​ពិត​ឲ្យ​តែ​ពួក​គេ​អាច​ចៀសវាង ៨​យ៉ាង​ខាង​ក្រោម​នេះ​បាន ពួក​គេ​ក៏​អាច​ងើប​ផុត​ពី​ភាព​ក្រ​បាន​ដូច​គ្នា៖

១. ជា​អ្នក​ដេញ​តាម​សម្ភារៈ​បច្ចេកវិទ្យា

ប្រសិន​បើ​អ្នក​ជា​​ហ្វេន​​ឧបករណ៍​បច្ចេកវិទ្យា​ប្រាកដ​ជា​ដឹង​ហើយ​ថា​ Gadget ថ្មី​ៗ​ចេញ​មក​គ្មាន​ថ្ងៃ​ឈប់ឈរ​នោះ​ទេ ដូច្នេះ​បើ​យើង​កាន់​តែ​រត់​តាម​វា​ប៉ុណ្ណា​ លុយ​ដែល​ចេញ​ពី​ហោប៉ៅ​ក៏​​ច្រើន​ទៅ​តាម​នោះ​ដូច​​គ្នា ហើយ​ក៏​ធ្វើ​ឲ្យ​ចំណូល​ដែល​រក​បាន​នោះ​គឺ​មិន​ដែល​ស្គាល់​ពាក្យ​ថា "គ្រប់គ្រាន់”។

២. មិន​ចាប់​អារម្មណ៍​ដោះស្រាយ “បំណុល”

មាន​មនុស្ស​ភាគ​តិច​ប៉ុណ្ណោះ​ដែល​គ្មាន “បំណុល” ប៉ុន្តែ​អ្នក​ដែល​មាន​បំណុល​ភាគ​ច្រើន​បែរ​ជាមិន​ចាប់​អារម្មណ៍​រឿង​ជម្រះ​បំណុល ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ ធ្លាក់​ក្នុង​​ស្ថានភាព​កាន់​តែ​អាក្រក់ ព្រោះ​​បាន​លុយ​ពេល​ណា​ក៏​រវល់​តែ​ចាយ​ហ៊ឺហារ​សប្បាយ ខណៈ​ដែល​ការ​ប្រាក់​កាន់​តែ​ច្រើន​ទៅ​ៗ។

៣. ចែក​មិន​ដាច់​ថា​អ្វី “ចាំបាច់” ឬ អ្វី​ដែល “ចង់​បាន”

វិធី​បែង​ចែក​ដ៏​ងាយ​បំផុត​គឺ​ត្រូវ​ដឹង​ថា​អ្វី​ខ្លះ​ដែល​ខ្លួន​ចាំបាច់ត្រូវ​មាន (ចាំបាច់) លក្ខណៈ​បើ​ខ្វះ​វា​ដឹង​តែ​រស់​មិន​បាន ដូច​ជា​បច្ច័យ​ទាំង ៤ (ចំណី​អាហារ ថ្នាំ​សង្កូវ សម្លៀក​បំពាក់ និង​ទី​លំនៅ) ហើយ​អ្វី​ខ្លះ​ដែល​មាន​ក៏​ល្អ (ចង់​បាន) តែ​បើ​ខ្វះ​ក៏​ជីវិត​នៅ​តែ​ទៅ​មុខ​បាន ដូច​ជា​​អាហារ​ទំនើប​ថ្លៃ​ៗ សម្លៀក​បំពាក់​ប្រ៊េន​ថ្លៃ​ៗ ឬ​អ្វី​ដែល​មិន​ចាំបាច់​​ត្រូវ​មាន។ តែ​បើ​ចែក​មិន​ដាច់ ចេះ​តែ​ទិញ​​តាម​អារម្មណ៍​ខ្លួន​ឯង​ជា​ធំ ចំណាយ​នឹង​ចេះ​តែ​កើន​ឡើង​គ្មាន​ទី​បញ្ចប់។

៤. មិន​ដែល​កំណត់​​ទំហំ​ប្រាក់​ក្នុង​ការ​ចាយវាយ

នៅ​តាម​ក្រុមហ៊ុន​តែង​មាន​ការ​កំណត់​ចំនួន​ថវិកា ដើម្បី​ដំណើរការ​គម្រោង​មួយ​ៗ។ ការ​គ្រប់គ្រង​លុយ​បុគ្គល​ក៏​ត្រូវ​មាន​ការ​កំណត់​ដូច​គ្នា ដូច​ជា​ការ​ទិញ​អីវ៉ាន់​សម្រាប់​ឆ្នាំ​ថ្មី ការ​ដើរ​លេង សម្រាប់​ទិញ​សម្លៀក​បំពាក់​... បើ​អ្នក​ចេះ​តែ​ចាយ​គ្មាន​ការ​កំណត់​នោះ ចំណាយ​នឹង​កើន​ឡើង​ហួស​ចំណូល ហើយ​បង្កើត​​បំណុល​នៅ​ទី​បំផុត។

៥. គិត​ថា​មិន​ទាន់​ដល់​ពេល​ត្រូវ​សន្សំ​លុយ

កុំ​គិត​ថា “អាយុ​ទើប​ជាង​ម្ភៃ​ប្រញាប់​សន្សំ​លុយ​ទៅ​ណា??” បើ​យើង​ចេះ​តែ​ចាំ​ពី​មួយ​ខែ​ទៅ​មួយ​ខែ មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បែប​នេះ ប្រាកដ​ជា​គ្មាន​លុយ​សល់​សម្រាប់​​អនាគត ឬ​ពេល​ចាំបាច់​ណា​ឡើយ។ ចាប់​ផ្ដើម​ទម្លាប់​សន្សំ​ប្រាក់​ចាប់​ពី​ពេល​នេះ ទោះ​តិច​តួច​ក៏​ដោយ។

៦. ចាប់​អារម្មណ៍​តែ​ “បច្ចុប្បន្ន” មិន​ចាប់​អារម្មណ៍ “អនាគត”

នៅ​ពេល​ជួប​ប្រទះ​បញ្ហា មនុស្ស​ជា​ច្រើន​ជ្រើសរើស​គេចវេះ ឬ​បែរ​ទៅ​ធ្វើ​អ្វី​ផ្សេង ហើយ​បញ្ហា​ក៏​នៅ​តែ​ជា​បញ្ហា ឬ​អាច​កាន់​តែ​ធ្ងន់ទៅ​ៗ​។ ចំណែក​រឿង​លុយ​កាក់​ក៏​ដូច​គ្នា គឺ​មនុស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​នឹង​ក្ដី​សុខ​ក្នុង​ថ្ងៃ​នេះ​ធ្វើ​យ៉ាង​ណា​ហូប​ឲ្យ​ឆ្អែត​ឆ្ងាញ់ ជប់លៀង​ឲ្យ​សប្បាយ ដើរ​លេង ចាយ​វាយ​ឲ្យ​អស់​ចិត្ត ទាំង​ដឹង​ថា​មិន​មាន​លុយ​សន្សំ​នៅ​សល់​សម្រាប់​អនាគត ឬ​ពេល​អាសន្ន។ វា​ប្រាកដ​ជា​ប្រសើរជាង​នេះ បើ​រាល់​ពេល​ដែល​ចាយ​លុយ យើង​ចេះ​គិតគូរ​ដល់​ពេល​អនាគត។

៧. ចំណាយ​​កើន​ឡើង​មិន​ឈប់

បើ​យើង​រក​ចំណូល​បាន​ច្រើន​ជាង​មុន​១០ ប៉ុន្តែ​ចំណាយ​ច្រើន​ជាង​មុន​ដល់​២០ ជីវិត​​ក៏​មិន​អាច​ប្រសើរ​ឡើង​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ បញ្ហា​​នឹង​មក​តាម​​ក្រោយ​ឲ្យ​អ្នក​កាន់​តែ​វ័ណ្ឌក។ ដូច្នេះ​​បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន ត្រូវ​ធ្វើ​យ៉ាង​ណា​រក​ចំណូល​ឲ្យ​បាន​ច្រើន​ជាង​តម្រូវ​ការ​នោះ​សិន ហើយ​បើ​ចង់​សល់​លុយ​ត្រូវ​តែ​មាន​វិន័យ​ក្នុង​ការ​ចាយវាយ មិន​អាច​ចាយ​តាម​ចិត្ត​បាន​ទេ ៕

ចុចអាន៖

ប្រភព៖ therichmustknow ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម