គោលដៅ ៥ ដែល​នារី​គ្រប់​រូប​គួរ​កំណត់​ខ្លួនឯង​ក្នុង​ឆ្នាំ ២០១៨

  • 2017-12-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ចាប់ផ្ដើម​ឆ្នាំ​ថ្មី យើង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួច​ជាស្រេច​ជាមួយ​នឹង​ដំណោះស្រាយ ក៏​ដូច​ជា​គម្រោង​​មួយ​ចំនួន ដើម្បី​ធ្វើឲ្យ​ឆ្នាំ​​ក្រោយ​ប្រសើរ​ជាង​ឆ្នាំ​មុន។ ប៉ុន្តែ​ជា​រឿយ​ៗ​គោលដៅ​ទាំង​នោះ​មិន​មាន​ភាព​ខុស​គ្នា​ពី​ឆ្នាំ​ចាស់​ឡើយ។ ដូចនេះ​ដើម្បី​ឲ្យ​ឆ្នាំ​ថ្មី​សម្រេច​ការងារ​បាន​ជោគជ័យ កញ្ញា សូម​ណែនាំ​មិត្ត​នារី​ឲ្យ​កំណត់​គោលដៅ​ខ្លួនឯង​ក្នុង​ឆ្នាំ ២០១៨ ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ៖

១.រៀន​បង្កើត​ការងារ​ថ្មី​ឲ្យ​ចេញ​ជា​រូបរាង

ដើម្បី​ឲ្យ​គោលដៅ​ឆ្នាំ​ថ្មី​បាន​សម្រេច យើង​គួរ​តែ​ធ្វើ​ផែន​ការ​ប្រចាំខែ​សម្រាប់​ខ្លួន​ឯង​ជាមុន ទើប​ពេញ​មួយ​ឆ្នាំ​ដឹង​ថា​បាន​ជោគជ័យ​លើ​អ្វី​ខ្លះ ហើយ​មិន​បាន​ផល​អ្វី​ខ្លះ។ ឧទាហរណ៍៖ ៣ ខែ​ដំបូង​នៃ​ឆ្នាំ​ថ្មី គួរ​ធ្វើ​អ្វី​ខ្លះ? ហើយ ៣ ខែ​បន្ទាប់​ធ្វើ​អ្វី​ទៀត? ធ្វើ​បែប​នេះ​រយៈ​ពេល ៣ ខែ​ដំបូង​បើ​មិន​ជោគជ័យ ឬ​ជោគជ័យ​បន្តិច​បន្តួច ត្រូវ​កែ​ច្នៃ​ផែន​ការ​ទី ២ ដោយ​យក​គំរូ ឬ​មើល​ពី​គម្រោង​ទី ១។ បើ​ទី ២ ជោគជ័យ ត្រូវ​លើក​ផែនការ​ទី ៣ និង ​ទី ៤ មក​បន្ត។

២.បោះ​ចោល​ទម្លាប់​អាក្រក់

មនុស្ស​ម្នាក់​ៗ​ពិតជា​ដឹង​ពី​ទម្លាប់​អាក្រក់​របស់​ខ្លួន​ហើយ។ ដូចនេះ​គួរតែ​លើក​យក​ចំណុច​អវិជ្ជមាន​នោះ​មក​ពិចារណា និង​រក​នឹក​ថា វា​បាន​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​អ្វី​ខ្លះ​ក្នុង​ពេល​កន្លង​មក។ ពេល​អ្នក​ដឹង​ច្បាស់​ពី​ទម្លាប់​អាក្រក់​ទាំង​នោះ​ហើយ ត្រូវ​តែ​បោះ​វា​ចោល​ឲ្យ​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​ឆ្នាំ​ថ្មី​នៅ​ចរិត​អាក្រក់​ដដែល​នេះ។

៣.កសាង​ទំនុក​ចិត្ត

ទំនុក​ចិត្ត​គឺ​មាន​សារៈសំខាន់​ណាស់។ វា​អាច​ផ្លាស់ប្ដូរ​ពី​របៀប​ដែល​អ្នក​ធ្វើការ​កន្លង​មក ហើយ​ទំនុក​ចិត្ត​នឹង​បង្ហាញ​មនុស្ស​ដទៃ​ឲ្យ​ឃើញ​ពី​តម្លៃ​របស់​អ្នក។ ការ​ជឿជាក់​នឹង​ជួយ​បង្ហាញ​ដល់​អ្នក​រួម​ការងារ​របស់​អ្នក​ថា អ្នក​មាន​តម្លៃ​ប៉ុណ្ណា ហើយ​នឹង​ធ្វើឲ្យ​អ្នក​ឈរ​ជើង​នៅ​កន្លែង​រឹងមាំ​បាន។ ចូរ​ធ្វើ​អ្វី​ដោយ​ផ្ដើម​ចេញ​រឿង​តិចតួច​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​ធ្វើ​វា​ឲ្យ​ល្អ​បំផុត នោះ​ការងារ​ធំ​នឹង​រត់​មក​រក​អ្នក​ខ្លួន​ឯង។

៤.ធ្វើអ្វី​ៗ​ថ្មី​បន្ថែម​ទៀត ដើម្បី​កសាង​ជីវិត​ដែល​អ្នក​ស្រលាញ់

ឆ្នាំក្រោយ​គួរ​តែ​មាន​​ការ​ផ្លាស់ប្ដូរ​ធំ​ៗ សម្រាប់​អ្នក។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ការងារ​របស់​អ្នក​ទេ ក៏​បោះបង់​វា​ទៅ ហើយ​បើ​អ្វី​ដែល​ធ្វើឲ្យ​មិន​សប្បាយ​ចិត្ត​ក៏​ឈប់​ខ្វល់​ពី​របស់​នោះ​ទៀត​ទៅ។ រស់​នៅ​ក្នុង​ជីវិត​ដែល​អ្នក​ស្រមៃ សម្រាប់​ខ្លួន​អ្នក​នា​ពេល​អនាគត។ អ្នក​កំពុង​ចូល​ទៅ​ក្នុង​អនាគត​ហើយ ដូចនេះ​ដើម្បី​ធ្វើឲ្យ​ជីវិត​ស្រស់​បំព្រង​គួរ​បង្កើត​ជីវិត​ដែល​អ្នក​ចង់​រស់នៅ​ទៅ។ តែ​មុន​ពេល​បោះបង់​អ្វី​មួយ ត្រូវ​មាន​គម្រោង​ដើម្បី​ចាប់​យក​របស់​ថ្មី​ឲ្យ​បាន​ច្បាស់លាស់។

៥.រក​វិធី​បង្កើន​ប្រាក់​ចំណូល

ឆ្នាំ​មុន​អ្នក​បាន​ធ្វើការ​យ៉ាង​ហត់​នឿយ តែ​ថវិកា​ដែល​ទទួល​បាន​វា​មិន​បាន​សេសសល់​អ្វី​ជា​ដុំកំភួន​ឡើយ។ ដូចនេះ​អ្នក​ត្រូវ​មាន​គម្រោង​រក​ប្រាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​លទ្ធភាព ក៏​ដូចជា​ជីវភាព​ធូរធារ​ជាង​មុន​ៗ៕

ចុចអាន៖ធ្វើ​បែប​ណា​ទើប​​កុំ​ឲ្យ​​​​​រឿង​អនាគត​ក្លាយ​ជា​រឿង​ស្ត្រេស និង​ស្មុគស្មាញ?

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម