សញ្ញា៨យ៉ាងរបស់មនុស្សដែលត្រូវស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត
- 2017-11-23 03:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា៨យ៉ាងរបស់មនុស្សដែលត្រូវស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត
ជាការពិតរឿងរ៉ាវទុក្ខសោករបស់មនុស្ស រមែងតែងតែកើតមានក្នុងជីវិតមិនចេះចប់មិនចេះហើយ។ ជាក់ស្តែងឥរិយាបថនៃការរស់នៅនោះឯង គឺជាអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានទុក្ខ ហើយបើអ្នកមិនចេះសម្រួលកាយចិត្តឱ្យជ្រះថ្លាទេ អ្នកនឹងស្ពាយតែទុក្ខជាប់ពេញមួយជីវិតហើយ។ ខាងក្រោមនេះគឺជាចំនុចទាំង ៧ យ៉ាងដែលបញ្ជាក់ថាអ្នកជាមនុស្សដេកឱបទុក្ខគ្មានថ្ងៃស្រាកស្រាន្ត៖
១. អង្គុយស្ងៀមមិនហ៊ានផ្លាស់ប្តូរជីវិត៖ មនុស្សភាគច្រើនដែលមានទម្លាប់បែបនេះ ច្រើនតែជាមនុស្សដែលចំណាយពេលរង់ចាំអព្ភូតហេតុ ជាជាងការសាកល្បងអ្វីថ្មីៗ។ ពួកគេមិនត្រឹមតែភ័យខ្លាចចំពោះការសាកល្បងទេ ហើយថែមទាំងភ័យខ្លាចចំពោះអនាគតដែលជិតមកដល់ទៀតផង។ ទុក្ខប្រភេទនេះអាចរំលត់បានប្រសិនបើអ្នករៀនប្រឈមមុខនឹងការផ្លាស់ប្តូរ ហើយជម្រុញខ្លួនឯងឱ្យមានកម្លាំងចិត្តឆ្ពោះទៅមុខជានិច្ច។
**២. គិតតែរឿងលុយពេក៖** ពិតមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលុយដើម្បីរស់ តែកុំភ្លេចខ្លួនដល់ថ្នាក់រស់ដើម្បីលុយវិញ។ ត្រង់នេះក៏មិនសំដៅឱ្យអ្នករកបានប៉ុនណាក៏ប៉ុនហ្នឹងទេ តែក៏កុំមើលឃើញលុយឱ្យហួសពីសមត្ថភាពពេកដែរ។ សន្សឹមៗកុំបំបោល ធ្វើតាមលទ្ធភាពដែលខ្លួនមានបន្តិចម្តងៗពីតូចទៅធំ។
៣. ទុកខ្លួនឯងជាជនរងគ្រោះ៖ នេះបញ្ជាក់ថាអ្នកកំពុងមើលស្រាលខ្លួនឯងហើយ ជាជនរងគ្រោះមានន័យថាគ្មានសមត្ថភាពប្រឈមមុខនឹងហេតុការណ៍ដែលនៅចំពោះមុខបាន។ បញ្ឈប់គំនិតនេះហើយផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងឡើងវិញទៅ ថាមពលអស្ចារ្យរបស់អ្នកនឹងជួយបំបាត់ទុក្ខសោកព្រមទាំងភាពភ័យខ្លាចទាំងឡាយ។
៤. គេចពីបញ្ហា៖ គ្រប់យ៉ាងលើលោកគ្មានអ្វីដែលល្អឥតខ្ចោះទេ រៀនទទួលកំហុសខ្លួនឯងហើយចាត់ទុកវាជាមេរៀននៅថ្ងៃក្រោយ។ ប្រឈមមុខនឹងកំហុសឬបញ្ហាផ្សេងៗធ្វើឱ្យអ្នកពិបាកតែមួយរយៈទេ តែបើអ្នកព្យាយាមគេចវេសអ្នកនឹងដេកឱបវិប្បដិសារីអស់មួយជីវិតមិនខាន។
៥. សំកុកតែក្នុងផ្ទះ៖ នៅតែម្នាក់ឯង គិតតែម្នាក់ឯង កើតទុក្ខក៏ម្នាក់ឯងដែរ។ គួរចំណាយពេលខ្លះចេញទៅក្រៅផ្ទះស្វែងរកអ្វីដែលថ្មី កុំនៅស្មុគកន្លែងដដែល ឃើញរបស់ដដែលៗច្រើនពេក។
៦. គិតច្រើន៖ ជាការល្អហើយដែលអ្នកចេះគិត និងវិភាគបានជ្រៅជ្រះ ប៉ុន្តែទុក្ខក៏អាចកើតឡើងបានដោយសារការគិតនិងវិភាគច្រើនពេកដែរ។ កុំព្យាយាមគិតអ្វីយោងតាមការប៉ាន់ស្មានច្រើនពេក មនុស្សភាគច្រើនកើតទុក្ខដល់ថ្នាក់ស្លាប់ខ្លួនដោយសារទង្វើបែបនេះហើយ។
៧. ស្មុគស្មាញព្រោះអ្វីមិនទាន់មកដល់៖ ពួកគេយកការគិតច្រើនមកធ្វើជាបន្ទុកសម្រាប់ខ្លួនឯងព្រោះតែរឿងដែលមិនទាន់មកដល់។ ត្រូវចាំថាអ្នកមិនអាចដើរតាមអ្វីដែលជាការគ្រោងទុករបស់ខ្លួនបានមួយរយភាគរយទេ ដូច្នេះកុំគិតអ្វីដែលស្មុគស្មាញច្រើនពេក អ្វីដែលត្រូវកើតវាគង់នឹងកើត។
៨. ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ៖ និយាយហើយថាមនុស្សរស់នៅក្នុងស្ថានភាពខុសគ្នា ជីវិតក៏ខុសគ្នា។ ទៅរកក្តីសុខមកពីណាបានបើមួយថ្ងៃៗយកខ្លួនទៅប្រៀបធៀបនឹងគេ រួចតាំងមកអង្គុយតូចចិត្តព្រោះវាសនាតូចទាបជាងគេ។ ឈប់បានឈប់ទៅ ត្រូវរស់នៅជាខ្លួនឯងទើបអ្នកអាចរកសុភមង្គលពិតប្រាកដឃើញ៕
ចុចអាន៖មានតែអ្នកជួបទុក្ខលំបាកច្រើនទេ ទើបអ្នកយល់ច្បាស់ពីមេរៀនជីវិតទាំងនេះ