អ្នកនឹងក្លាយជាមនុស្សមានអំណោយ​ទាន បើមានចំណុចទាំងប៉ុន្មាននេះ

  • 2017-11-17 00:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ពិត​ទៅ​មនុស្ស​យើង​មាន​និស្ស័យ​ពី​កំណើត​ខុសៗ​គ្នា ​អ្នក​ខ្លះ​ជា​មនុស្ស​មាន​ប្រជាប្រិយ ​មាន​គេ​ចូល​ចិត្ត​ច្រើន ​តែ​អ្នក​ខ្លះ​វិញ​បែរ​ជា​ស្ងៀម​ស្ងាត់​មិន​សូវ​មាន​គេ​រាប់​រក​។ ​យ៉ាង​ណា​ក្តី ​យើងក៏​មិន​អាច​លើក​ហេតុ​ផល​នេះ​តែ​ម្យ៉ាង​បាន​ដែរ ​​អត្តចរិត​ពិត​ប្រាកដ​ទើប​ជា​អ្វី​ដែល​គួរ​តែ​រៀប​ចំ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ដែល​គេ​គ្រប់​គ្នា​ចូល​ចិត្ត​ច្រើន​។

១. ការ​រៀប​ឬក​ពេល​ជួប​លើក​ដំបូង​៖ មិន​ថា​ជា​ការ​រៀប​ចំ​ខ្លួន ​ការ​និយាយ​ស្តី ឬ​បញ្ចេញ​គំនិត​ផ្សេង​ៗ​ឡើយ ​គ្រប់​គ្នា​នឹង​វាយ​តម្លៃ​អ្នក​តាម​រយៈ​លក្ខណៈ​សម្បត្តិ​ទាំង​នេះ​ពេល​ជួប​គ្នា​ឡើង​ដំបូង​។ ​ប្រសិន​បើ​អ្នក​មាន​ចំនុច​ខ្វះ​ខាត​ត្រង់​នេះ​ពី​ដំបូង​ហើយ ​វា​អាច​នឹង​មាន​ផល​លំបាក​បន្តិច​នៅ​ពេល​ទំនាក់ទំនង​គ្នា​ថ្ងៃ​ក្រោយ​។ ​អ្នក​ដទៃ​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ឬ​អត់ ​គឺ​ឋិត​នៅ​លើ​ការ​ជួប​គ្នា​ដំបូង​នេះ​ហើយ​។

២. កុំ​ធ្វើ​ខ្លួន​មាន​អំនួត​ពេក​៖ ត្រូវ​ហើយ​មនុស្ស​មិន​ដែល​ស្គាល់​គ្នាច្បាស់​ជា​មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​ឱ្យ​គ្នា​ដឹង​មិន​ខាន ​ប៉ុន្តែ​ចូរ​កុំ​​បង្ហាញ​ពី​សមត្ថភាព​ឬ​អ្វី​ដែល​អ្នក​មាន​ឱ្យ​គេ​ដឹង​ច្រើន​ពេក​។ អាច​មាន​មនុស្ស​ខ្លះ​គេ​ស្ងើច​នឹង​អ្នក ​តែ​បើ​ប៉ះ​ចំ​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន​វិញ​គេ​ច្បាស់​ជា​គិត​ថា​អ្នក​មាន​អំនួត​ហើយ​។

៣. បើក​ឱកាស​ឱ្យ​គេ​និយាយ​ផង​៖ ក្នុង​ការសន្ទនា​មួយ​ ភាគី​ទាំង​សង​ខាង​ត្រូវ​បញ្ចេញ​មតិ​ទៅ​វិញ​ទៅ​មក ​មិន​អាច​ឱ្យ​គេ​ឬ​អ្នក​និយាយ​តែ​ម្នាក់​ឯង​ទេ​។ បើ​សិន​គេ​ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ អ្នក​គួរ​តែ​លើក​ឡើង​ជា​សំនួរ​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​មាន​អ្វី​រៀប​រាប់​ខ្លះ​ ជៀស​វាង​ភាព​សោះ​កក្រោះ​។

រូបតំណាង

**៤. សម្គាល់​ចំណុច​ដែល​ដូច​គ្នា​៖** ទង្វើ​នេះ​ជួយ​ឱ្យ​ការ​សន្ទនា​របស់​អ្នក​កាន់​តែ​មាន​ភាព​ស្អិត​រមួត​ ហើយ​ដៃ​គូ​ក៏​រីករាយ​នឹង​និយាយ​ជាមួយ​អ្នក​ដែរ​ ព្រោះ​គេ​គិត​អ្នក​ក៏​អាច​យល់​ពី​គេ​បាន​ច្រើន​ដែរ​។

៥​. ការ​ផ្តល់​ដំបូន្មាន​៖ ថ្វី​ត្បិត​តែ​អ្នក​មិន​មែន​ជា​អ្នក​ជំនាញ​ក៏​ពិត​មែន ​ប៉ុន្តែ​ការ​ផ្តល់​ដំបូន្មាន​និង​ការ​បញ្ចេញ​គំនិត​ផ្សេង​ៗ​ត្រូវ​តែ​មាន​។ អ្វី​ដែល​សំខាន់​ត្រូវ​ប្រាកដ​ថា​ការ​អះ​អាង​នោះ​មាន​ហេតុ​មាន​ផល​ត្រឹម​ត្រូវ ​តែ​ក៏​មិន​មែន​ធ្វើ​ដូច​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​គេ​ដែរ​៕

ចុចអាន៖​មើល​តែ ​៩​ចំណុច​សាមញ្ញ​ទាំង​នេះ​ក៏អាចដឹងខ្លះដែរថាអ្នកក្លាយជាមនុស្សជោគជ័យឬអត់

ប្រភព៖ Time ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា