ញ៉ាំ​សណ្ដែកកួរ​រាល់ថ្ងៃផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ដូច​ញ៉ាំ​ឱសថ​បុរាណ

  • 2017-09-11 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សណ្ដែកកួរ​ជា​បន្លែ​បៃតង​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​បរិភោគ​ទាំង​ឆៅ​និង​ឆ្អិន ដោយ​មិន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។ ថ្ងៃនេះ កញ្ញា សូម​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​បន្លែ​នេះ ថា​មាន​ផល​ល្អ​ដល់​កម្រិត​ណា៖

១.ជួយ​ថែរក្សា​ស្បែក

នៅ​ក្នុង​សណ្ដែកកួរ​មាន​វីតាមីន C ដែល​ជា​សមាសធាតុ​មួយ​ដ៏​ល្អ ហើយ​វីតាមីន C គឺជា​ធាតុ​ផ្សំ​សំខាន់​ក្នុង​ការ​ថែ​ទាំ​ស្បែក។ ដោយ​អាច​ជួយ​បន្ថយ​ស្នាម​ជ្រួញ ក្រហម និង​ជួយ​ចិញ្ចឹម​ស្បែក​មិន​ឲ្យ​ស្ងួត។ ប្រសិនបើ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន C ខ្ពស់​​បែបនេះ​ជា​រឿយ​ៗ​អាច​ជួយ​ការពារ​ជំងឺ​មហារីក​ស្បែក​បាន។

២.ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

មនុស្ស​គ្រប់​គ្នា​ចង់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្ពស់ ដើម្បី​បង្ការ​ជំងឺ​មែន​ទេ? ដូច្នេះ​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​នោះ គួរ​ទទួល​ទាន​សណ្ដែកកួរ​ឲ្យ​បាន​ច្រើន។ ព្រោះ​ការ​ញ៉ាំ​សណ្ដែក​ប្រភេទ​នេះ​នឹង​ជួយ​ពង្រឹង​មុខងារ​របស់​អេម៉ូក្លូប៊ីន។ ក្នុង​សណ្ដែកកួរ​ក៏​ផ្ទុក​នូវ​វីតាមីនC ដើម្បី​ជួយ​ពង្រឹង​ដល់​រាងកាយ និង​បងា្ករ​ជំងឺ​ផ្ដាសាយ។

រូបតំណាង

**៣.ជួយ​ឲ្យ​គេង​លក់​ស្រួល**

ប្រសិនបើ​អ្នក​ខ្វះ​ម៉ាញេសូម អាច​បណ្ដាល​មាន​បញ្ហា​ការ​គេង​មិន​លក់។ ដោយសារ​ម៉ាញេសូម​គឺជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ដែល​អាច​ជួយ​បន្ធូរ​ភាព​តានតឹង និង​ការសម្រាក​​របស់​ខួរ​ក្បាល។ ប្រសិនបើ​វា​បាត់​ធ្វើឲ្យ​មាន​អាការៈ​ព្រួយបារម្ភ ស្ត្រេស និង​មិន​អាច​ដេក​បាន​ស្រួល។ ដូច្នេះ​ការ​បរិភោគ​សណ្ដែក​វែង​ដែល​មាន​ម៉ាញេសូម​ខ្ពស់ វា​ជួយ​ខួរក្បាល​សម្រាក និង​បន្ថយ​ភាព​តាន​តឹង ហើយ​ដេក​លក់​ស្រួល។

៤.ថែរក្សា​ភ្នែក

វីតាមីន A និង​វីតាមីន B1 អាច​ចិញ្ចឹម​ភ្នែក​បាន​យ៉ាង​ល្អ ហើយ​វា​គឺ​សម្បូរ​ក្នុង​សណ្ដែកកួរ​នេះ​តែម្ដង។ មិន​តែ​ប៉ុណ្ណោះ​ញ៉ាំ​សណ្ដែកកួរ​អាច​បង្ការ​ការ​ខ្សោះ​រោមភ្នែក ទប់ស្កាត់​ជំងឺ​ភ្នែក​ដូចជា​ភ្នែក​ឡើង​បាយ ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក និង​ជួយ​ឲ្យ​យើង​មើល​ឃើញ​កាន់​តែ​ច្បាស់។ បើ​នរណា​មាន​បញ្ហា​ជាមួយ​ភ្នែក​ញ៉ាំ​សណ្ដែក​នេះ​ឲ្យ​ច្រើន​ទៅ ដើម្បី​ជួយ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ​ឡើង​វិញ។

៥.ជួយ​ឆ្អឹង និង​ធ្មេញ​រឹងមាំ

ដោយសារ​តែ​នៅ​ក្នុង​សណ្ដែក​វែង​មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក និង​ផូស្វ័រ​ជាច្រើន ដែល​ធាតុ​ទាំង​បី​ធ្វើការ​រួមគ្នា​ពួកគេ​ជួយ​ធ្វើឲ្យ​សក់ ធ្មេញ និង​ឆ្អឹង​របស់​យើង​កាន់តែ​រឹងមាំ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ពុក​ឆ្អឹង​បាន​យ៉ាង​ល្អ​ទៀត​ផង។

៦.ការពារ​ជំងឺ​ទឹកនោមផ្អែម

សណ្ដែកកួរ​មាន​ជាតិ​កាបូអ៊ីដ្រាត ដែល​ជា​ធាតុ​ល្អ​ចំពោះ​សុខភាព​ល្អ និង​ជាតិ​ស្ករ​ធម្មជាតិ​តិច។ វា​ក៏​មាន​ជាតិ​សរសៃ​ច្រើន​ ដែល​អាច​ជួយ​បន្ថយ​ការ​រំលាយ​អាហារ និង​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ហើយ​ជួយ​ការពារ​ជំងឺ​ទឹកនោមផ្អែម។

រូបតំណាង

៧.ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

ការសិក្សា​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​អាហារ​ដែល​មានជាតិ folate ឬ​វីតាមីន B9 ច្រើន​អាច​បន្ថយ​ហានិភ័យ​នៃ​បំពង់​សរសៃប្រសាទ​ដល់​ទៅ ២៦% ។ បំពង់​សរសៃប្រសាទ​មិន​ត្រូវ​បាន​បិទ​នោះ​ទេ​ទើប​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ ដោយ​ជួយ​ការពារ​ពិការភាព​ពី​កំណើត​របស់​ទារក។ ម្ដាយ​ដែល​កំពុង​មានផ្ទៃពោះ ឬ​មាន​គម្រោង​​ចង់​បាន​កូនគួរ​​បរិភោគ​អាហារ​ដែល​ធ្វើ​ពី​សណ្ដែក និង​អាហារ​បំប៉ន​ជា​ញឹកញាប់ ដើម្បី​ជួយ​កូន​របស់​អ្នក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺផ្សេង​ៗ និង​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​បាន​គ្រប់គ្រាន់។

៨.កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជំងឺ​រលាក​សន្លាក់

ការ​ហើម​ជើង​គឺ​បណ្ដាល​មកពី​ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រមូល​ផ្តុំ​ជាតិ​អាស៊ីតអ៊ុយរិច​ច្រើន​ពេក​នៅ​ក្នុង​ក​ជើង។ ការ​ពិត​យើង​អាច​បន្ថយ​អាស៊ីតអ៊ុយរិច និង​បន្ថយ​ហានិភ័យ​ជំងឺ​រលាក​សន្លាក់ ដោយ​គ្រាន់តែ​ទទួលទាន​វីតាមីន C បន្ថែម។ យោង​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួល​ទាន​វីតាមីន C ​ប្រមាណ ១០០០ -១៤៩៩ មិល្លីក្រាម​ជា​ប្រចាំ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​រលាក​សន្លាក់​បាន​ដល់ទៅ ៣១% ដូច្នេះ​គ្រាន់តែ​បរិភោគបន្លែ - ផ្លែឈើ​ដែល​មាន​វីតាមីន C ខ្ពស់​ដូចជា​សណ្ដែកកួរ​អាច​ការពារ​​នេះ​បាន​យ៉ាង​ងាយស្រួល។

៩.មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ទទួលទាន​សណ្ដែកកួរ​ នឹង​ការពារ​កោសិកា​របស់​រាងកាយ​ពី​ការ​ពុល ឬ​សារធាតុពុល​ដែល​បំផ្លាញ​រ៉ាឌីកាល់​សេរី​ក្នុង​ខ្លួន រួម​ទាំង​អាច​កាត់​បន្ថយ​ការ​រលាក​ដែល​កើត​ឡើង​នៅ​ក្នុង​ខ្លួន​បាន​ទៀត​ផង។

១០.ពង្រឹងបេះដូង។

ផលប្រយោជន៍​នៃ​សណ្ដែកកួរ​មួយ​ទៀត​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន​ប្រសើរ​បំផុត។ ដោយសារ​តែ​​ប្រភេទ​នេះ​មាន​សារធាតុ​ចិញ្ចឹម ដែល​ជួយ​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល ហើយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កកឈាម និង​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ៕

ចុចអាន៖ផ្លែ​ឈើរី ជា​និមិត្ត​សញ្ញា​ផ្លូវ​ភេទ​ល្អ​បំផុត ប៉ុន្តែ​សម្រាប់​សុខភាព​រាងកាយក៏​ល្អ​អស្ចារ្យ​ដែរ!

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម