ធ្វើ​រឿង​ទាំង​នេះ​ មុន​ញ៉ាំ​អាហារ​រាល់​ព្រឹក ដឹងតែបានស្បែកស្អាត មានថាមពលពេញមួយថ្ងៃ

  • 2017-09-04 02:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​បាន​សុខភាព​ល្អ និង​អារម្មណ៍​ស្រស់​ស្រាយ​នៅ​ពេល​ព្រឹក មនុស្ស​ភាគ​ច្រើន​តែង​ផ្ដោត​តែ​លើ​ការ​ហាត់​ប្រាណ និង​ការ​បញ្ចេញ​ញើស​។ ប៉ុន្តែ​មិន​ចាំបាច់​ត្រូវ​ក្រោក​ពី​ព្រលឹម​ទាំង​ភ្នែក​មិន​ចង់​បើក​ទៅ​ធ្វើ​រឿង​ទាំង​នេះ​ក៏​បាន Kanha នឹង​ប្រាប់​គន្លឹះ​ងាយ​ៗ​ទាំង​៥ ដែល​មិត្ត​នារី​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ហើយ​ចំណាយ​ពេល​តិច​ ប៉ុន្តែ​ធ្វើ​ឱ្យ​ស្បែក​ស្អាត និង​មាន​ថាមពល​ជា​នារី​រឹង​មាំ​ពេញ​​មួយ​ថ្ងៃ​។​

១- ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​៖

ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​ការ​ញ៉ាំ​ទឹក​ បន្ទាប់​ពី​ក្រោក​ពី​គេង​គឺ​ជា​វិធី​ល្អ​បំផុត​ដែល​អាច​ជួយ​បន្សុទ្ធ​ថ្លើម ក្រលៀន និង​សម្រួល​ដល់​ការ​រំលាយ​អាហារ។ បន្ទាប់​ពី​នេះ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ក្ដៅ​ឧណ្ហ​ៗ​មួយ​កូន​កែវ​ សម្រាប់​អ្នក​ចង់​សម្រក​រាង និង​បង្កើន​ថាមពល​ពេញ​មួយ​ថ្ងៃ។

២- ​ពត់​ខ្លួន​លើ​គ្រែ​៖

ពេល​ភ្ញាក់​ភ្លាម មិន​គួរ​ស្ទុះ​ក្រេស​ពី​គ្រែ​ភ្លាម​ទេ។ យក​ល្អ គួរ​នៅ​គេង​ពត់​ខ្លួន​ចុះ​ឡើង​ៗ​ប្រហែល​៥​នាទី​សិន ដើម្បី​សម្រួល​សរសៃសសូង។ បន្ទាប់​មក គួរ​បើក​បង្អួច​ឬ​ទ្វារ​ដើម្បី​ស្រូប​យក​ខ្យល់​បរិសុទ្ធ ហើយ​​ពត់​ខ្លួន​ ឬ​ធ្វើ​ចលនា​បន្ត​ទៀត ដើម្បី​បង្កើន​ចលនា​ឈាម​ឱ្យ​រត់​ស្រួល​ពេញ​សារពាង្គកាយ។

៣- ​ហាត់​ប្រាណ៖

បើ​អ្នក​គ្មាន​ពេល​ក្រោក​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​ជាមួយ​គេ​ឯង ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ក៏​បាន ដូច​ជា​យូហ្កា ដក​ដង្ហើម​វែងៗ​ ដើរ​ជុំ​វិញ​ផ្ទះ ឬ​រត់​ត្រឹកៗ​នៅ​ផ្ទះ​ក៏​បាន​។ ប៉ុន្តែ​មិន​គួរ​ក្រោក​ហាត់​ប្រាណ​នៅ​ម៉ោង​៤-៥​​ទៀប​ភ្លឺ​ទេ ព្រោះ​ពេលវេលា​នេះ​ជា​ពេល​ត្រជាក់​ខ្លាំង​សម្រាប់​រាងកាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​សម្ពាធ​ឈាម​អាច​បុក​ឡើង​ខ្លាំង។

៤- ងូត​ទឹក​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក៖

ប្រហែល​អ្នក​មិន​បាន​ចាប់អារម្មណ៍​ចំណុច​នេះ ប៉ុន្តែ​ការ​ងូត​ទឹក​មុន​​​ញ៉ាំ​អាហារ​នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ល្អ​ជាង​ញ៉ាំ​រួច​ទើប​ងូត​ទឹក​។ ព្រោះ​ការ​ញ៉ាំ​អាហារ​រួច​ងូត​ទឹក​ភ្លាម​នឹង​ធ្វើ​ឱ្យ​ក្រពះ​​​ពិបាក​កិន​អាហារ ចំណែក​សរសៃ​ឈាម​ក៏​អាច​រីក​ធំ ធ្វើ​ឱ្យ​ឈាម​រត់​លឿន ប៉ះពាល់​ដល់​ចលនា​បេះដូង​ទៀត​ផង​។

៥- ហាត់​ប្រាណ​ផ្លូវ​ភេទ​៖

សម្រាប់​អ្នក​មាន​ដៃ​គូ​ឬ​មាន​គ្រួសារ​ ការ​រួមភេទ​នៅ​ពេល​ព្រឹក​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​នារី​ដើម្បី​ជួយ​ផលិត​អរម៉ូន​ Estrogen ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ និង​ជួយ​ឱ្យ​ស្បែក​ឡើង​ម៉ត់​រលោង៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី