កុំ​ឲ្យ​គេ​ថា​យើង​សាំ មនុស្ស​ស្រី​សម័យ​នេះ​ត្រូវ​​បោះ​ចោល​ចរិត៤​យ៉ាង​

  • 2017-08-31 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឈាន​ចូល​ដល់​សម័យ​ថ្មី​ ស្រីៗ​យើង​ក៏​ត្រូវ​វិវត្ត​ខ្លួន​ឲ្យ​ទាន់​សម័យ​ដែរ គឺត្រូវ​រឹង​មាំ ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​តាម​ទ្រ​​អង្វរ​អ្នក​ណា​ឲ្យ​ធ្វើ​ឲ្យ​នោះ​ទេ ហើយ​ក៏​មិន​បាច់​ចំណាយ​ចិត្ត​ទៅ​គិត​រឿង​តូច​តាច​មិន​បាន​ការ​ជា​ច្រើន​ទៀត​ដែរ ព្រោះ​បើ​រវល់​តែ​​គិត​សាំញ៉ាំ​ពេក​ យើង​ប្រាកដ​ជា​ដើរ​មិន​ទាន់​គេ​ទេ​សម័យ​នេះ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ Kanha នឹង​បង្ហាញ​ពី​គន្លឹះ​ខ្លះ​ៗ​​ដើម្បី​ឲ្យ​នារី​ៗ​អាច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ​បាន៖  

១. មិន​ចាំ​​​ទ្រ​អ្នក​ណា ជឿជាក់ ធ្វើ​​​ខ្លួន​ឯង​បាន

ជឿ​ថា​នារី​ៗ​ជា​ច្រើន​ បើ​មាន​សង្សារ​ហើយ ប្រាកដ​ជា​ចង់​ឲ្យ​សង្សារ​យើង​យក​ចិត្ត ចង់​បាន​អ្វី​ក៏​លួងលោម​ចិត្ត​គេ ឲ្យ​គេ​ធ្វើ​តាម​ចិត្ត​យើង។ ជាមួយ​​មិត្ត​ភ័ក្ដិ​ក៏​ដូច​គ្នា ពេល​ណាត់​ជួប​គ្នា​​ម្ដង​ៗ ក៏​ត្រូវ​ចាំ​រហូត​មាន​ថ្ងៃ​ជុំ​គ្នា​បាន​ៗ​ទៅ។ អីចឹង​ៗអី​មាន​ធុញ​ខ្លះ​អត់? បើ​មិន​ចង់​​សាំ​ចិត្ត និង​មាន​អារម្មណ៍​បែប​នេះ​ញឹកញាប់ទេ ក៏​មិន​ចាំ​បាច់​ខ្វាយខ្វល់​​ពី​អ្នក​ដទៃ​ឲ្យ​លើសលប់​ពេក​ដែរ គួរ​ខ្វល់​ពី​ខ្លួន​ឯង​វិញ​ល្អ​ជាង ព្យាយាម​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង បើ​គេ​មិន​ទៅ យើង​ទៅ​ម្នាក់​ឯង​ក៏​បាន។

២. មាត់​ខុស​ពី​ចិត្ត

តើ​ទៅ​ចំណាយ​ពេល​ទ្រាំ​នឹង​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត ឬ​មិន​ចូលចិត្ត​​ច្រើន​ធ្វើ​អី? មិន​ចូលចិត្ត​ក៏​គឺ​មិន​ចូលចិត្ត ក្លាហាន​​​និយាយ​វា​ចេញ​មក ឲ្យ​គេ​​មាន​អារម្មណ៍​ក្រែង​ចិត្ត​យើង​ខ្លះ ព្រោះ​អ្នក​ខ្លះ​​ទាល់​តែ​និយាយ​ឲ្យ​ចំ​ៗ​ទើប​បាន។ ទម្លាប់​និយាយ​បញ្ឆិតបញ្ឆៀង​ក៏​គួរ​តែ​កែប្រែ​ដូច​គ្នា។ កុំ​រំពឹង​ឲ្យ​អ្នក​ដទៃ​ទស្សន៍ទាយ​ចិត្ត​យើង​គ្រប់​ពេល និយាយ​ឲ្យ​ត្រង់​ៗ​ទៅ​បញ្ហា​នឹង​ឆាប់​ចប់។

៣. មិន​ឆាប់​ខឹង និង​គិត​ច្រើន​លើ​​​បញ្ហា​ដែល​មិន​មែន​ជា​បញ្ហា

ជា​រឿង​ពិបាក​មួយ​ក្នុង​ការ​មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន​គ្រប់​ពេល ក៏​ប៉ុន្តែ​​បើ​គិត​​វិជ្ជមាន​​ឲ្យ​បានច្រើន​ជីវិត​យើង​ក៏​​ដំណើរ​ទៅ​ដោយ​វិជ្ជមាន​ច្រើន​ដែរ ដូច្នេះ​កុំ​ឲ្យ​បញ្ហា​តូច​មួយ​​ចូល​មក​បំផ្លាញ​សតិ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​​យើង​ងាយ​​ពេក។ គួរ​បណ្ដោយ​ៗ​ខ្លះ កុំ​ចំណាយ​ពេល​ជាមួយ​រឿង​ដែល​គ្មាន​ប្រយោជន៍​​ទាំង​នោះ​ឡើយ ព្រោះ​ពេល​វេលា​យើង​មាន​តម្លៃ ត្រូវ​រក​អ្វី​ធ្វើ​ដែល​មាន​ប្រយោជន៍ និង​អាច​ឲ្យ​យើង​សប្បាយ​ចិត្ត​វិញ​ល្អ​ជាង។  

៤. ឈប់​ដ្រាម៉ា ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍

ជីវិត​គូ​មិន​មែន​ជា​រឿង​ងាយ ហើយ​ក៏​មិន​លំបាក​ដែល​ស្រី​ៗ​យើង​ធ្វើ​មិន​បាន​ដែរ គ្រាន់​តែ​ថា​កុំ​​ទៅ​ដ្រាម៉ា​អ្វី​ឲ្យ​លើសលប់​ពេក។ មនុស្ស​ម្នាក់​ៗ​មាន​​តួនាទី​ការងារ​ខុស​ៗ​គ្នា គាត់​ធ្វើ​ការ យើង​ក៏​​ធ្វើ​ការ ឬគាត់​រៀន យើងក៏​​រៀន… ហេតុ​អ្វី​ត្រូវ​​ឲ្យ​គេ​ទូរសព្ទ​មក​ ចង់​ដឹង​ថា​គេ​នៅ​ឯណា កំពុង​​ធ្វើ​អ្វី​គ្រប់​ពេល? កុំ​បណ្ដោយ​ឲ្យ​សំណួរ​ទាំង​អស់​នេះ​​មក​ញាំញី​ចិត្ត​របស់​យើង​បាន គួរ​យក​ពេល​ទៅ​ធ្វើ​អ្វី​ឲ្យ​មាន​ប្រយោជន៍ និង​អារម្មណ៍​ល្អ​ឲ្យ​ខ្លួន​ឯង​វិញ​ល្អ​ជាង ដូច​ជា​ដើរ​ផ្សារ​ឲ្យ​សប្បាយ​ចិត្ត ទៅ​ទិញ​ផ្កា ឬ​ដើម​ឈើ​មក​ដាំ ធ្វើ​សួន អាន​សៀវភៅ មើល​រឿង មើល​ប្រលោមលោក។ល។ អាច​ធ្វើ​អ្វី​ច្រើន​យ៉ាង ហើយ​ពេល​នោះ​អ្នក​នឹង​ភ្លេច​អារម្មណ៍​ទាំង​នោះ​ដោយ​ឯកឯង។  

ងាយ​ៗ​ទេ ធ្វើ​បាន​ប៉ុណ្ណេះ​ធានា​ថា​​​នឹង​កាន់​តែ​មាន​អារម្មណ៍​​​មាន​ក្ដី​សុខ ហើយ​រឹត​តែ​​សំខាន់គឺ​​យើង​នឹង​កាន់​តែ​មាន​មោទនភាព និង​ជឿជាក់​​លើ​​ខ្លួន​ឯង ដែល​​អាច​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​​ចាំ​តែ​ពឹង​នរណា​ដូច​ពី​មុន ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន