ស្ត្រេសច្រើនរាល់ថ្ងៃ គួរប្រញាប់ដោះស្រាយតាមវិធីងាយៗ៥យ៉ាងនេះ
- 2017-08-08 00:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រេសច្រើនរាល់ថ្ងៃ គួរប្រញាប់ដោះស្រាយតាមវិធីងាយៗ៥យ៉ាងនេះ
ជារឿងមិនអាចបដិសេធបានឡើយថាភាពស្ត្រេស និងសភាពបាក់ទឹកចិត្តអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា មិនថាដោយសាររឿងការងារ រឿងផ្ទាល់ខ្លួន រឿងសេដ្ឋកិច្ច គឺសុទ្ធតែជាបច្ច័យដែលធ្វើឲ្យកើតមានភាពស្រ្តេសកើតឡើងបានទាំងអស់។ ប៉ុន្តែប្រសិនបើយើងបណ្ដែតបណ្ដោយឲ្យភាពស្ត្រេសនេះកើតឡើងជាប្រចាំនោះអ្នកនឹងអាចសរសៃប្រសាទបានដោយសារជំងឺស្រ្តេសនេះ ដូច្នេះថ្ងៃនេះយើងមករៀនពីវិធីចាត់ការវាជាមួយ Kanha ទាំងអស់គ្នា។
១. រៀនបដិសេធ
ការដែលអ្នកមិនចេះបដិសេធអ្នកដទៃ មិនថាដោយសារខ្លាចភាគីម្ខាងទៀតខកចិត្ត ឬខូចចិត្ត គឺសុទ្ធតែអាចឲ្យអ្នកស្ត្រេសដោយមិនចាំបាច់សង្ស័យ ជាពិសេសនៅពេលអ្នកកំពុងធ្វើការរបស់ខ្លួនឯងហើយមានអ្នកមកអង្វរឲ្យជួយការងាររបស់គេទាំងអ្នកមិនទាន់ចាត់ការការងារខ្លួនឯងចប់រៀបរយផង។ ដូច្នេះហើយមុននឹងជួយអ្នកដទៃ អ្នកត្រូវប្រាកដក្នុងចិត្តថាអ្នកមានពេលវេលាសល់គ្រប់គ្រាន់សម្រាប់ធ្វើតាមអ្វីដែលគេសុំ ប៉ុន្តែបើអ្នកពិចារណាឃើញថាការចែកពេលខ្លួនឯងទៅធ្វើការងារអ្នកដទៃធ្វើឲ្យអ្នកត្រូវមានបញ្ហា អ្នកក៏គួរចេះបដិសេធខ្លះដែរ។
២. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមិនត្រឹមតែធ្វើឲ្យអ្នកមានភាពមិនពេញចិត្តនឹងខ្លួនឯងប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យអ្នកស្ត្រេស និងដុកដាន់ផ្លូវចិត្តអ្នកម្ដងបន្តិចៗរហូតទីបញ្ចប់អ្នកនឹងលែងមានមោទនភាពទាល់តែសោះលើខ្លួនឯង។ ដូច្នេះគួរឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ និងត្រូវពេញចិត្តនូវអ្វីដែលខ្លួនឯងមាន និងព្យាយាមយកចំណុចល្អៗរបស់អ្នកដទៃ មកប្រើជាកម្លាំងជំរុញចិត្តកសាងខ្លួនឯងឲ្យកាន់តែប្រសើរឡើង។
៣. បន្ថយការរំពឹងទុករបស់ខ្លួនឯងបន្តិច
ដូចដែលដឹងស្រាប់ហើយថា គ្មានអ្វីដែលអាចដូចចិត្តយើងគ្រប់រឿងបាននោះទេ ពេលខ្លះការដែលយើងអស់សង្ឃឹមជាមួយនឹងអ្វីមួយខ្លាំងពេក ឬដាក់ការរំពឹងទុកខ្ពស់ពេក ក៏ធ្វើឲ្យអ្នកស្ត្រេស ឬតានតឹងកាន់តែងាយ។ អ្វីដែលសំខាន់នោះគឺអ្នកនឹងមានភាពអស់សង្ឃឹមកាន់តែខ្លាំង នៅពេលអ្វីមួយកើតឡើងមិនដូចអ្វីដែលអ្នករំពឹងគិត ដូច្នេះអ្នកគួរកាត់បន្ថយការរំពឹងទុករបស់ខ្លួនឯងបន្តិច។ ធ្វើចិត្តឲ្យសប្បាយ និងព្យាយាមធ្វើគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនគឺគ្រប់គ្រាន់ហើយ។
៤. ព្យាយាមយកភ្នែកចេញពីទូរសព្ទខ្លះ
មិនអាចប្រកែកបានទេថាបច្ចុប្បន្នស្មាតហ្វូនបានចូលមកដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតមនុស្សយើង ជាពិសេសការលេងបណ្ដាញសង្គមទាំងឡាយគឺអាចនាំឲ្យអ្នកកើតស្ត្រេសបានដោយមិនដឹងខ្លួន ព្រោះលើហ្វេសប៊ុក និងអ៊ិនស្តាក្រាម អ្នកអាចបានឃើញព័ត៌មាន ឬរូបភាពជាច្រើនដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ឬចាប់ផ្ដើមប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ។ ដូច្នេះហើយអ្នកគួរកំណត់ពេលលេងទូរសព្ទក្នុងរយៈពេលសមរម្យមួយបានហើយ ដើម្បីឲ្យខ្លួនឯងមានពេលជាមួយមនុស្សក្នុងលោកពិតៗច្រើន និងបានធ្វើសកម្មភាពគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀត ដូចជាការហាត់ប្រាណ ការអានសៀវភៅ និងការដើរកម្សាន្តជាដើម។
៥. មិនទៅរវល់នឹងរឿងរបស់អ្នកដទៃ
បញ្ហារបស់ខ្លួនតែម្នាក់ក៏ច្រើនស្រាប់ទៅហើយ បើអ្នករវល់ទៅគិតគូរជាមួយរឿងអ្នកដទៃទៀត វាមិនត្រឹមតែបន្ថែមស្ត្រេសឲ្យខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចនឹងស្ត្រេសកាន់តែធ្ងន់ធ្ងរនៅពេលអ្នកដែលមានបញ្ហានោះគេត្រូវគ្នាវិញ រួចហើយរុញអ្នកទៅម្ខាងដោយមិនចាប់អារម្មណ៍ ៕