ញ៉ាំ​សូកូឡា​ពេល​មាន​ផ្ទៃ​ពោះ ធ្វើ​ឲ្យ​កូន​កើត​មក​​ខ្មៅ?

  • 2017-08-29 08:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ឆ្លង​ផុត​ជា​ច្រើន​សម័យ​កាល​ហើយ​ក៏​ដោយ​ក៏​នៅ​មាន​អ្នក​ជឿ​ថា​​នារី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ទទួលទាន​របស់​ខ្មៅ​ៗ​ឡើយ ព្រោះ​​នឹង​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​សម្បុរ​ខ្មៅ​ដូច​សូកូឡា។ តែ​​ការ​ពិត បើ​តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ពណ៌​នៃ​អាហារ​គឺ​មិន​អាច​​ផ្លាស់​ប្ដូរ​ពណ៌​សម្បុរ​ស្បែក​របស់​ទារក​បាន​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ​យើង​មក​មើល​ទាំង​អស់​គ្នា​តែ​ម្ដង​ថា​ តើ​សូកូឡា​មាន​ផល​ប្រយោជន៍​បែប​ណា​សម្រាប់​ស្ត្រី​មាន​ពោះ។

១. សូកូឡា​ពណ៌​ខ្មៅ​មាន​សារធាតុ Flavonoids ដែល​ជា​សារធាតុ​ជួយ​ឲ្យ​បេះដូង​រឹង​មាំ ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​​ហូរ​បាន​ល្អ ព្រម​ទាំង​​ការពារ​ការ​កើត​ជំងឺ​មហារីក បាន​ទាំង​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ។

២. តាម​ការ​ស្រាវជ្រាវ​នៅ​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា​សូកូឡា​សម្បូរ​ទៅ​ដោយ​សារធាតុ Theo bromine ដែល​ជួយ​កាត់​បន្ថយ​​ការ​ប្រឈម​នឹង​ការ​កើត​រោគ​ក្នុង​ផ្ទៃ ក្រៅ​ពី​នេះ​ជួយ​ឲ្យ​​​សាច់​ដុំ​បាន​សម្រាក និង​សម្រួល​ដល់​សរសៃ​ឈាម​ទៀត​ផង។

៣. សារធាតុ​កាហ្វេអ៊ីន​ក្នុង​សូកូឡា​ខ្មៅ​ជួយ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ទៅ​កាន់​សុក ដែល​​​ប្រៀប​ដូច​ជា​​​កាត់​បន្ថយ​​ហានិភ័យ​នៃ​ការ​រលូត​កូន​។ អ្នក​ម្ដាយ​ជា​ច្រើន​ប្រាកដ​ជា​​ឆ្ងល់​ថា​ចុះ​ក្រែង​ជាតិ​កាហ្វេអ៊ីន​គឺ​អាក្រក់​ហ្អី? ក៏​ប៉ុន្តែ​​ការ​ពិត​ ដរាប​ណា​​រាង​កាយ​យើង​ទទួល​បាន​ជាតិ​កាហ្វេអ៊ីន​មិន​លើស​ពី ២០០ក្រាម​ក្នុង​មួយ​ថ្ងៃ វា​នឹង​មិន​បង្ក​ផល​អាក្រក់​នោះ​ឡើយ។

៤. សូកូឡា​​ជួយ​រំញោច​ការ​បញ្ចេញ​សារធាតុ endocrine នៅ​ក្នុង​ខួរ​ក្បាល​និង​ផ្នែក​ផ្សេង​ៗទៀត​នៃ​រាងកាយ ដែល​សារធាតុ​នេះ​នឹង​​ជួយ​ឱ្យ​មាន​អារម្មណ៍​ស្រណុក​ធូរស្រាល និង​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់ផងដែរ។

៥. សូកូឡា​ក៏​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់អូមេហ្គា ៣ ដែល​ជួយពង្រឹង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​និងប្រព័ន្ធ​ប្រសាទ​របស់​ក្មេង។

៦. អ្នក​ស្រាវជ្រាវ​មក​ពី​​​សាកល​វិទ្យាល័យ Iowa បាន​រក​ឃើញ​ថា​​សូកូឡាក៏​​អាច​ទប់ស្កាត់​សម្ពាធ​ឈាមឡើង​​ខ្ពស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។

ទាំង​នេះ​គឺ​ជា​ប្រយោជន៍​​​​ដ៏​ពិសេស​របស់​សូកូឡា​ខ្មៅ​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ។ យ៉ាង​ណា​មិញ​ សូកូឡា​​ដែល​ប្រិយមិត្ត​នឹក​ឃើញ ឬ​មាន​លក់​ច្រើន​នៅ​តាម​ហាង​ផ្សេង​ៗ​ប្រាកដ​ជា​សូកូឡា​ដែល​មាន​ជាតិ​​ស្ករ​ច្រើន ដូច្នេះ​យើង​សូម​មិន​គាំទ្រ​ឲ្យ​អ្នក​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​បង្អែម​ច្រើន​ពេក​ទេ ព្រោះ​​ថា​ពេល​មាន​​គភ៌ ​ស្ត្រី​អាច​នឹង​ងាយ​ប្រឈមនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់​ទៅ​ហើយ។ គ្រប់​យ៉ាង​អាច​​ផ្ដល់​ផល​ប្រយោជន៍​បាន ប៉ុន្តែ​ត្រូវ​​ស្ថិត​ក្នុង​បរិមាណ​សមរម្យ ៕

ប្រភព៖ healthline | medicalnewstoday ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម