ទម្លាប់ចិញ្ចឹមកូនបែបនេះ ថ្ងៃក្រោយកុំបន្ទោសថាកូនពិបាកប្រដៅ
- 2017-08-22 01:37:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ចិញ្ចឹមកូនបែបនេះ ថ្ងៃក្រោយកុំបន្ទោសថាកូនពិបាកប្រដៅ
ឪពុកម្ដាយបច្ចុប្បន្នតែងរអ៊ូថា កូនមួយចំនួនពិបាកប្រដៅ ហើយបន្ទោសថាមកពីកូននោះនិស្ស័យមិនល្អ មិនដឹងកាត់ទៅណា តែងធ្វើឱ្យឪពុកម្ដាយពិបាកចិត្ត។ ប៉ុន្តែពួកគាត់ប្រហែលជាភ្លេចថា ការវិវត្តនៃអត្តចរិតរបស់កូនៗកើតឡើងពីការអប់រំ ចិញ្ចឹមបីបាច់តាំងពីតូចរបស់ឪពុកម្ដាយ ហើយបើសិនកូនៗត្រូវបានអប់រំដោយវិធីមិនល្អដូចខាងក្រោមនេះ ពួកគេនឹងកាន់ចរិតអាក្រក់បែបនោះរហូតដល់ធំ។
១- ទម្លាប់ឱ្យលុយកូនខ្ជះខ្ជាយ៖
ឪពុកម្ដាយមួយចំនួនខ្លាចកូនមានលុយចាយមិនគ្រប់ ទើបចេះតែឱ្យ ទោះបីកូនមិនទារក៏ដោយ រហូតក្លាយជាទម្លាប់ដល់ពេលគេធំ គេត្រូវតែសុំលុយឱ្យបានច្រើន បើមិនអ៊ីចឹង គេនឹងមិនទៅរៀន ឬមិនធ្វើនេះធ្វើនោះជាដើម។ ក្រៅពីនេះ មិនបានបង្កើតទម្លាប់ឱ្យកូនៗចេះបែងចែកប្រាក់មួយចំណែកដើម្បីសន្សំ តែបើកដៃឱ្យចាយតាមចិត្ត និងមិនមានកំណត់ចំនួនច្បាស់លាស់ ក៏អាចជាទម្លាប់អាក្រក់សម្រាប់ពួកគេទៅថ្ងៃក្រោយដែរ។
២- ទម្លាប់សើច ឬចាត់ទុកថាមិនអី ពេលឃើញកូនចេះជេរ៖
ពាក្យជេរមួយចំនួនត្រូវបានចាត់ទុកជាពាក្យសាមញ្ញ ឬលេងសើចសម្រាប់មនុស្សចាស់ ដូចជាការហៅគ្នាអាមឹងជាដើម។ ប៉ុន្តែនៅពេលក្មេងៗឃើញទង្វើរបស់មនុស្សចាស់បែបនេះ គេក៏សាករៀនថាតាម ហើយបើឪពុកម្ដាយឬចាស់ទុំដែលបានស្ដាប់ឮ បែរជាសើចលេង ឬបង្គាប់ឱ្យគេចេះថាកាន់តែជ្រៅជាងនេះ ថ្ងៃក្រោយកុំសង្ឃឹមថាអាចកែពួកគេមកជាល្អបានវិញឱ្យសោះ។
៣- ទម្លាប់ឱ្យកូនទារអ្វីតាមអំពើចិត្ត៖
ដើម្បីឱ្យកូននៅស្ងៀម ឬបាត់យំ ម្ដាយឪពុកតែងទម្លាប់ឱ្យនេះឱ្យនោះទៅកូនលេង រហូតក្លាយជាទម្លាប់ នៅពេលគេចង់បានអ្វីមួយ គេនឹងធ្វើជារំអុកយំរហូតទាល់តែបានតាមបំណង មិនដូច្នោះទេ គេនឹងនៅតែរករឿងមិនឈប់មិនឈរ។
៤- ទម្លាប់ឱ្យកូនលេងឧបករណ៍អេឡិចត្រូនិកតាំងពីតូច៖
ក្មេងខ្លះមិនទាន់ចេះនិយាយ ចេះអង្គុយស្រួលបួលផង ម្ដាយឪពុកបង្រៀនឱ្យចេះកាន់ទូរសព្ទ ឬ Tablet ទៅហើយ។ បែបនេះ ទោះបីដល់វ័យចូលរៀន ក៏គេមិនឱ្យតម្លៃលើការរៀនសូត្រ ឬយកពេលទំនេរធ្វើលំហាត់ដែលគ្រូដាក់ឱ្យដែរ មកដល់ផ្ទះភ្លាម ដឹងតែទារទូរសព្ទលេងជាមិនខាន។ មិនត្រឹមតែប៉ះពាល់ដល់ការរៀនសូត្រប៉ុណ្ណោះទេ តែវាក៏អាចធ្វើឱ្យខូចភ្នែក ប៉ះពាល់ខួរក្បាលទៀតផង។
៥- មានរឿងអ្វី តែងស្រែកជេរ ឬវាយដំកូន៖
ការប្រើអំពើហិង្សាគឺជារូបភាពដ៏អាក្រក់បំផុតដែលកូនៗមិនគួរមើលឃើញ។ កាលណាម្ដាយឪពុកប្រើវិធីក្ដៅលើរាងកាយឬប៉ះពាល់ផ្លូវចិត្ត វានឹងបង្កើតជារូបភាពចងចាំក្នុងខួរក្បាលក្មេង ហើយថ្ងៃក្រោយ ក្មេងនោះនឹងចេះស្រែកគំហកដាក់អ្នកដទៃ ឬសូម្បីតែចេះតមាត់ជាមួយឪពុកម្ដាយជាមិនខាន៕
ចុចអាន៖
បើឃើញកូនធ្វើចរិតមិនល្អទាំងនេះ គួរបន្ទោសឪពុកម្ដាយ
ទំនួលខុសត្រូវខ្ពស់ ៦ យ៉ាងនេះ របស់ម្ដាយឪពុក ពេលកូនធំឡើងនឹងមានអនាគតល្អ