បើឃើញកូនធ្វើចរិតមិនល្អទាំងនេះ គួរបន្ទោសឪពុកម្ដាយ
- 2017-08-15 02:54:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឃើញកូនធ្វើចរិតមិនល្អទាំងនេះ គួរបន្ទោសឪពុកម្ដាយ
ការអប់រំកូនចៅអាចជារឿងស្មុគស្មាញមួយសម្រាប់ឪពុកម្ដាយបច្ចុប្បន្ន ព្រោះតែសម័យកាលចេះតែទំនើប ហើយឪពុកម្ដាយខ្លះមិនមានពេលគ្រប់គ្រាន់នៅក្បែរកូនៗជាដើម។ ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ឥរិយាបថមិនល្អមួយចំនួនរបស់កូនៗ អាចជាលទ្ធផលនៃការធ្វេសប្រហែសរបស់ឪពុកម្ដាយដែលធ្លាប់ធ្វើឱ្យកូនមើល ឬចេះតែគិតថាវាមិនអី។
១- ទម្លាប់រំខានអ្នកដទៃ៖
បើឃើញកូនទៅរំខានអ្នក ឬអ្នកដទៃ ការប្រើពាក្យថា "កុំមករំខានប៉ា" វានឹងអាចមានប្រសិទ្ធភាពឡើយ ព្រោះពីមុនមក អ្នកប្រហែលមិនបានបង្រៀនពួកគេឱ្យចេះរង់ចាំ និងខ្លាចក្រែងការធ្វើឱ្យរំខានអ្នកដទៃ។ ដូច្នេះ បើកូនអ្នកមានទម្លាប់អាក្រក់មួយនេះ គួរប្រាប់គេជាមុនថា "បន្តិចទៀត ប៉ាត្រូវនិយាយទូរសព្ទជាមួយគេ ប៉ាអត់ឱ្យមានអ្នកមករំខានទេ ព្រោះវាជាការងារសំខាន់ កូនត្រូវចាំសិន" ជាដើម ដើម្បីឱ្យពួកគេដឹងថា ការរំខានអ្នកដទៃគឺជារឿងមិនល្អ។
២- កូនរបស់អ្នកចេះតែទារនេះទារនោះ ពេលដើរទិញអីវ៉ាន់ ឬរំអុកយំពេញផ្សារ៖
ទម្លាប់មួយនេះតែងតែឃើញញឹកញាប់ ពេលនាំកូនតូចដើរផ្សារទិញអីវ៉ាន់ ហើយឪពុកម្ដាយមួយចំនួនតែងតែបណ្ដោយពួកគេឱ្យយកនេះយកនោះតាមចិត្ត ទើបថ្ងៃក្រោយទៅ មិនអាចកែបាន។ អ្វីដែលជាយោបល់គឺ អ្នកគួរបង្រៀនកូនតាំងពីតូចឱ្យហើយ ឱ្យដឹងពីរបស់ណាសំខាន់គួរទិញ របស់ណាមិនគួរទិញ ឬមានជាបញ្ជីមួយមុននាំពួកគេមកទិញទំនិញ ជាជាងការមកដល់ឱ្យពួកគេឃើញ ហើយទាមទារស្រេចតែអំពើចិត្ត។
៣- កូនអ្នកមិនចេះនិយាយពាក្យគួរសម៖
ឪពុកម្ដាយខ្លះបែរជាសើច នៅពេលឃើញកូនចេះជេរ ឬនិយាយពាក្យអសុរោះ ព្រោះតែគិតថា ពួកគេនៅក្មេងមិនទាន់ដឹងខុសត្រូវ ហើយចាំកែនៅពេលធំ។ ប៉ុន្តែការគិតថាជារឿងកំប្លែង ហើយចេះតែបណ្ដោយបែបនេះ នឹងធ្វើឱ្យក្លាយទៅជាទម្លាប់ ឬពេលខ្លះហ៊ានជេរឪពុកម្ដាយ ឬចាស់ទុំផងក៏មាន។ ក្រៅពីនេះ ការមិនរវីរវល់នឹងពេលដែលកូនទទួលរបស់ពីអ្នកដទៃដោយមិនចេះអរគុណ ធ្វើខុសដោយមិនចេះសុំទោស និងមិនចេះលើកដៃសំពះចាស់ទុំ ក៏នឹងក្លាយជាទម្លាប់មិនល្អសម្រាប់ពួកគេដែរ។
៤- ពួកគេមិនហ៊ានធ្វើអ្វីដោយគ្មានប៉ាម៉ាក់នៅក្បែរ៖
ក្មេងខ្លះមិនហ៊ានធ្វើអ្វីទេ បើសិនគ្មានប៉ាម៉ាក់នៅក្បែរ ព្រោះប៉ាម៉ាក់ធ្លាប់តែប្រាប់ថាអាចមានគ្រោះថ្នាក់ជាដើម។ ប៉ុន្តែទម្លាប់បែបនេះនឹងធ្វើឱ្យកូនមិនហ៊ានចូលចំណោមនឹងក្មេងដទៃ ឬមិនហ៊ានសម្រេចចិត្តធ្វើអ្វីដោយខ្លួនឯង នៅពេលធំ។ យកល្អ គួរតែចេះបណ្ដោយគេឱ្យប្រឈមមុខ និងធ្វើអ្វីដោយខ្លួនឯង គ្រាន់តែចាំមើលពីក្រោយ និងប្រាប់ឱ្យគេចេះប្រយ័ត្ន៕
ចុចអាន៖ ១៣ ហេតុផលបញ្ជាក់ថា ម្ដាយរបស់យើងគឺជា Wonder Woman