៦វិធីផ្លាស់ប្ដូរភាពអស់សង្ឃឹមឲ្យក្លាយជាកម្លាំងចិត្ត ក្រោកឈរឡើងវិញ
- 2017-08-05 07:44:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦វិធីផ្លាស់ប្ដូរភាពអស់សង្ឃឹមឲ្យក្លាយជាកម្លាំងចិត្ត ក្រោកឈរឡើងវិញ
មនុស្សយើង គេចពីបញ្ហា និងឧបសគ្គផ្សេងៗមិនបានឡើយ ប៉ុន្តែយើងអាចជ្រើសរើសវិធីគិតដើម្បីប្រឈមនឹងបញ្ហាដែលចូលមកក្នុងជីវិតបាន។ ការបើកចិត្តទទួលយកបញ្ហានិងការអស់សង្ឃឹមដែលកើតឡើងគឺជារឿងដ៏សំខាន់។ អ្នកខ្លះបើកចិត្តទទួលយកវាបាន ក៏អាចធ្វើដំណើរបន្តបាន ប៉ុន្តែអ្នកខ្លះធ្វើចិត្តមិនបាន ក៏ងើបដើរបន្តវិញមិនបានដូចគ្នា។ មកស្វែងយល់ពីវិធីដែលអាចឲ្យអ្នកផ្លាស់ប្ដូរភាពអស់សង្ឃឹមឲ្យក្លាយជាកម្លាំងជំរុញចិត្តវិញ។
១. ទទួលស្គាល់ការពិត និងយល់ពីវា
ដំណាក់កាលដំបូងដែលត្រូវជួបជាមួយភាពអស់សង្ឃឹម សូមធ្វើចិត្តទទួលយកអ្វីដែលកើតឡើងឲ្យបានសិន។ ប្រសិនបើទទួលយកមិនបាន នោះក៏ពិបាកនឹងការដោះស្រាយបន្ត។ ប៉ុន្តែទទួលស្គាល់តែម្យ៉ាងមិនគ្រប់គ្រាន់នោះទេ គឺត្រូវយល់ពីបញ្ហាដែលកើតឡើងផង។ ព្យាយាមស្វែងយល់ពីកំហុសឆ្គងដោយប្រការណាមួយ។ នៅពេលអ្នកបានយល់ពីដើមហេតុនៃបញ្ហាបានល្អហើយ នោះនឹងអាចមានការផ្លាស់ប្ដូរបាននៅពេលក្រោយ។
២. ផ្ដល់កម្លាំងចិត្តខ្លួនឯង
ពេលខ្លះពេលជួបភាពអស់សង្ឃឹម មនុស្សជាច្រើនតែងសម្ងំនៅជាមួយបញ្ហា។ បើទោះបីពួកគេបានទទួលស្គាល់ និងយល់ពីបញ្ហាហើយក៏ដោយ តែក៏មិនអាចងើបឈរធ្វើដំណើរបន្តវិញបាន។ កំឡុងពេលនេះជីវិតហាក់ដូចជាស្ថិតក្នុងភាពងងឹត មិនដឹងថាត្រូវពឹងពាក់អ្នកណា មិនដឹងថាត្រូវបែរទៅខាងណា ដូច្នេះដំណោះស្រាយល្អបំផុតមានតែ "អត្តាហិ អត្តនោ នាថោ” ឬ “ខ្លួនទីពឹងខ្លួន” គឺគ្មាននរណាអាចជួយអ្នកបានក្រៅពីអ្នកខ្លួនឯងនោះទេ។ ដូច្នេះក្រោយទទួលស្គាល់បញ្ហាហើយ អ្នកត្រូវផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងងើបឈរវិញឲ្យបាន។
៣. ងើបឈរវិញឲ្យបាន
មនុស្សយើងអស់សង្ឃឹមខ្លះមិនមែនជាអ្វីដែលប្លែកនោះទេ។ ប៉ុន្តែបើអស់សង្ឃឹមហើយ ដួលហើយ គឺត្រូវងើបឡើងវិញឲ្យបាន។ អ្នកដែលដួលហើយរវល់តែឈឺចិត្តស្អិតទ្រូវ ឬនៅអំពល់តែនឹងរឿងដែលកន្លងផុតទៅវិញទេដែលប្លែក។ ផ្ដល់ពេលវេលាសម្រាប់ការខូចចិត្តខ្លះបាន ប៉ុន្តែមិនត្រូវឲ្យច្រើនពេកទេ ធ្វើយ៉ាងណាកុំឲ្យភាពអស់សង្ឃឹមនេះបង្ហិនពេលវេលាយើងច្រើនពេក។ ដួលហើយត្រូវប្រញាប់ក្រោកឈរ ទាញសតិខ្លួនឲ្យបានលឿន រួចបន្តដំណើរទៅមុខឲ្យបាន។
៤. ចាត់ទុករឿងកន្លងផុតជាមេរៀន
រឿងនានាដែលកើតឡើង ទោះតាំងចិត្ត ឬមិនបានតាំងចិត្ត ទោះជាបញ្ហា ឬមិនមែនជាបញ្ហាក៏ដោយ គឺមិនមែនកន្លងផុតទៅដោយទទេៗនោះទេ ប៉ុន្តែបើសំឡឹងមើលឲ្យល្អ គិត និងពិចារណាឲ្យបានត្រឹមត្រូវ រឿងទាំងនោះគឺសុទ្ធតែបានបង្កើតមេរៀនអ្វីមួយឲ្យយើងបើមិនច្រើន ក៏តិច។ វាសំខាន់ត្រង់ថាអ្នកសំឡឹងមើលវាក្នុងផ្លូវដូចម្ដេច។ គ្រប់យ៉ាងសុទ្ធតែមានចំណុចល្អ ហើយអ្នកត្រូវចេះទាញយកចំណុចល្អនោះមកប្រើឲ្យក្លាយជាប្រយោជន៍ យកមេរៀនដែលអ្នកបានសាងដោយដៃខ្លួនឯងផ្ទាល់មកធ្វើឲ្យមានតម្លៃ។
៥. អ្វីដែលនឹងកើតឡើងវាក៏ត្រូវកើតឡើង
បញ្ហាមានច្រើនបែប បញ្ហាខ្លះដោះស្រាយបានតែមួយប៉ប្រិចភ្នែក ខ្លះត្រូវរង់ចាំពេលវេលាបន្តិចទើបដោះស្រាយបាន ហើយបញ្ហាខ្លះក៏មិនមានដំណោះស្រាយកែខៃបានឡើយ។ បើទោះជាបញ្ហានោះធ្វើឲ្យអ្នកអស់សង្ឃឹម តែអ្នកក៏មិនត្រូវខ្លាចបញ្ហាឡើយ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ ធ្វើឲ្យអ្នកកាន់តែដឹងក្ដី និងទទួលស្គាល់ការពិតបានកាន់តែច្រើន។ ត្រូវរំឭកខ្លួនឯងជានិច្ចថាអ្វីដែលប្រុងកើតឡើងវានឹងកើតឡើង ដួលហើយក៏ងើបវិញបានដូចគ្នា។
៦. ចាប់ផ្ដើមជាថ្មី ហើយខំប្រឹងឲ្យខ្លាំងជាងមុន
បន្ទាប់ពីទាញសតិខ្លួនឯងមកវិញ និងសម្រួលចិត្តបានហើយ ក៏ដល់ពេលត្រូវចាប់ផ្ដើមម្ដងទៀត។ កុំទាន់ខ្លាចថាវានឹងខកបំណងម្ដងទៀត ព្រោះលើកនេះអ្នកមានទាំងបទពិសោធន៍ មេរៀន និងវិធីគិតបែបថ្មីរួចទៅហើយ ហើយក៏មិនចាំបាច់ខ្លាចអ្វីទៀតដែរ គ្រាន់តែព្យាយាមឲ្យបានខ្លាំងជាងមុន។
មិនមែនជារឿងប្លែកនោះឡើយដែលយើងជួបភាពខុសឆ្គងញឹកញាប់ ព្រោះអ្នកដែលមិនធ្លាប់ខុស គឺមានតែអ្នកមិនដែលធ្វើអ្វីសោះប៉ុណ្ណោះ គ្រាន់តែខុសហើយអ្នកត្រូវងើបឈរឡើងវិញឲ្យបានប៉ុណ្ណោះ កុំភ្លេចថាដួលកាន់តែច្រើន អស់សង្ឃឹមច្រើនដងប៉ុណ្ណា ក៏កាន់តែធ្វើឲ្យអ្នករឹងមាំប៉ុណ្ណោះដូចគ្នា ៕
ចុចអាន៖ ប្រាក់ខែតិច ចាយយ៉ាងម៉េចឲ្យសល់លុយសន្សំ មិនជំពាក់គេ?
ចុចអាន៖ ចង់ឲ្យខ្លួនឯងមានការលូតលាស់ចិត្តគំនិតខ្លាំង គួររៀនរឿងទាំង ១០ យ៉ាងនេះ