ប្រាក់​ខែ​តិច ចាយ​យ៉ាង​ម៉េច​ឲ្យ​សល់​លុយ​សន្សំ​ មិន​ជំពាក់​គេ?

  • 2017-07-31 09:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ៗ​ក៏​ចង់​មាន​ប្រាក់​សន្សំ​ខ្លះ​ទុក​ប្រើប្រាស់​នៅ​ពេល​មាន​អាសន្ន ឬ​ទិញ​ទ្រព្យ​របស់​អ្វី​មួយ​ដែល​​យើង​ចង់​បាន។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នាក់ ធ្វើ​ការ​យូរ​ហើយ​​មិន​មាន​ប្រាក់​សន្សំ​សោះ ថែម​ទាំង​មាន​បំណុល​ជុំ​ទិស​ទៀត។ ដូច្នេះ​ថ្ងៃ​នេះ Kanha ​នឹង​បង្ហាញ​ជូន​​វិធី​ងាយ​ៗ​ចំនួន ៥​ដែល​អ្នក​ណា​ៗ​ក៏​ធ្វើ​បាន។ សាក​ល្បង​ធ្វើ​តាម​ ជីវិត​អ្នក​នឹង​ផ្លាស់​ប្ដូរ​បាន​មិន​គួរ​ឲ្យ​ជឿ។

៥. សន្សំ​សិន សឹម​ចាយ​តាម​ក្រោយ

ក្នុង​ថ្ងៃ​បើក​ប្រាក់​ខែ ត្រូវ​ដក​លុយ​មួយ​ចំណែក​មក​សន្សំ​ភ្លាម ដោយ​ចំនួន​ដែល​សន្សំ​ត្រូវ​សម​ហេតុ​សម​ផល​ជាមួយ​ប្រាក់​ចំណូល​ដែល​រក​បាន មិន​ច្រើន​ពេក ឬ​មិន​តិច​ពេក។ ការ​ដាក់​លុយ​សន្សំ​ជា​មុន​នេះ​ជា​វិធី​ល្អ​ជាង​ការ​ដែល​ចាយ​ហើយ​ សល់​ប៉ុន្មាន ទើប​សន្សំ ព្រោះ​ភាគ​ច្រើន​យើង​តែង​ចាយ​ច្រើន​ភ្លេច​ខ្លួន​រហូត​អស់​លុយ​តែ​ម្ដង។

៤. បែង​ចែក​គណនី​ប្រាក់​សន្សំ និង​គណនី​ប្រាក់​ចំណាយ

បើក​គណនី​សន្សំ​ប្រាក់​ដាច់​ដោយ​ឡែក​​ពី​គណនី​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ។ នៅ​ពេល​យើង​ដក​លុយ​ពី​ប្រាក់​ខែ​មក​សន្សំ គឺ​ត្រូវ​បញ្ចូល​ក្នុង​គណនី​សន្សំ​នោះ​ភ្លាម ហើយ​គណនី​សន្សំ​នោះ​មិន​គួរ​ធ្វើ​កាត​អេធីអឹម​នោះ​ឡើយ។

៣. កំណត់​លុយ​ចាយ​តាម​ថ្ងៃ

យក​ប្រាក់​ខែ​ដែល​ដក​ប្រាក់​ចំណាយ​​ប្រចាំ​ខែ​ផ្សេង​ៗ​រួច​អស់​ហើយ​មក​បែង​ចែក​សម្រាប់​ទុក​ចាយ​ក្នុង​មួយ​ថ្ងៃ​ៗ។ វិធី​នេះ​នឹង​ជួយ​ឲ្យ​យើង​កំណត់​ចំនួន​ប្រាក់​ដែល​ចំណាយ​ក្នុង​មួយ​ថ្ងៃ​ៗ​បាន។

២. កុំ​មើល​ងាយ​ប្រាក់​មួយ​កាក់​មួយ​សេន

លុយ​រាយ​​មួយ​រយ ពីរ​រយ​រៀល ត្បិត​តែ​ជា​ចំនួន​តិច ដែល​មនុស្ស​ជា​ច្រើន​​​មិន​ចង់​បាន ឬបាន​មក​ហើយ​​ដាក់​រាយ​មាយ​មិន​ខ្វល់ ប៉ុន្តែ​បើ​យើង​សាក​ល្បង​ទុក​លុយ​រាយ​ទាំង​នោះ​ឲ្យ​បាន​ច្រើន​ យូរ​ៗ​វា​គង់​ក្លាយ​ជា​លុយ​ច្រើន​ដូច​គ្នា។

១. កាត់​បន្ថយ​ប្រាក់​ចំណាយ​មិន​ចាំបាច់

សាក​ល្បង​ហាម​ឃាត់​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ទិញ​របស់​ណា​ដែល​មិន​ចាំ​បាច់ និង​គ្មាន​ប្រយោជន៍​ដូច​ជា តែ កាហ្វេ ស្រា បារី ដែល​ក្រៅ​ពី​បង្ហិន​លុយ​ហើយ គ្រឿង​ទាំង​អស់​នេះ​ក៏​ផ្ដល់​ផល​មិន​ល្អ​ដែរ​សម្រាប់​សុខភាព​ថែម​ទៀត​ផង។ នៅ​ពេល​យើង​កាត់​ចិត្ត​មិន​ទិញ​វា​បាន​ហើយ យើង​អាច​យក​លុយ​ទាំង​នោះ​ទៅ​ដាក់​ក្នុង​គណនី​ប្រាក់​សន្សំ នោះ​ចំនួន​ប្រាក់​សន្សំ​របស់​យើង​នឹង​កើន​ឡើង​មិន​គួរ​ឲ្យ​ជឿ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម