៥ចំណុចបង្ហាញថា យើងត្រឹមជាកង់សាគួរ
- 2017-08-03 04:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចបង្ហាញថា យើងត្រឹមជាកង់សាគួរ
ស្នេហាជាតម្រូវការនៃបេះដូង តែពេលខ្លះតម្រូវការនៃបេះដូងនោះអាចធ្វើឱ្យម្ចាស់របស់វាធ្វើរឿងខុសឆ្គងជាច្រើនដោយមិនដឹងខ្លួន។ ការមានស្នេហាដែលធ្វើឡើងត្រឹមតែបេះដូង២គឺជារឿងដ៏រីករាយ តែបើមានបេះដូងលើសពី២ឡើងទៅហើយ ច្បាស់ណាស់នឹងមានអ្នកណាម្នាក់ត្រូវសម្រក់ទឹកភ្នែក។
អារម្មណ៍ដែលដឹងថា ខ្លួនត្រឹមតែជាតួអង្គលួចលាក់ ឬកង់សាគួរ ពិតជាឈឺចាប់ ពិបាកជាងស្រលាញ់គេតែម្ខាងទៅទៀត ព្រោះយើងគ្រោងថានឹងផ្ដល់ក្ដីស្រលាញ់ទាំងអស់ទៅឱ្យគេ ហើយគេក៏ព្រមថានឹងទទួល តែការពិតវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។
គន្លឹះមួយចំនួនខាងក្រោមនេះ នឹងជួយឱ្យភាគីនៃស្នេហា ជាពិសេសស្រីៗមើលដឹងថាខ្លួនជាតួអង្គសំខាន់ ឬត្រឹមតែជាកង់សាគួរ គ្រាន់តែសម្រាប់ការលេងសើចរបស់គេ។
១- គេមិនហ៊ានបើកចំហស្នេហារបស់អ្នកនៅមុខអ្នកដទៃ៖
"ត្រូវធ្វើដូចមិនមានទំនាក់ទំនងអ្វីនឹងគ្នា នៅមុខអ្នកដទៃសិន ព្រោះយើងទើបតែចាប់ផ្ដើម កុំឱ្យគេសួរនាំច្រើន" លេសមួយនេះ ភាគច្រើនខាងប្រុសប្រើឡើងមកដើម្បីអះអាងការពារកិត្តិយសរបស់ខាងស្រី ប៉ុន្តែ៨០%នៃការពិត គឺគេចង់លាក់បាំងពីទំនាក់ទំនងនេះ ដោយសារអាចមានមិត្តភ័ក្ដិ ឬអ្នកស្គាល់គេធ្លាប់ដឹងថា គេមានសង្សាររួចហើយ តែនៅចង់ទាក់ទងអ្នក។ ដូច្នេះ ទោះទាក់ទងគ្នាយូរប៉ុណ្ណា អ្នកក៏ប្រហែលគ្មានឱកាសបានបើកចំហឱ្យមិត្តភ័ក្ដិរបស់គេបានដឹងដែរ។
២- ទូរសព្ទជារបស់សម្ងាត់បំផុត៖
ធម្មតា មនុស្សស្រលាញ់គ្នាអាចថា ដឹងពីគ្នាទៅវិញទៅមកស្ទើរតែគ្រប់រឿង ប៉ុន្តែបើអំឡុងពេលទាក់ទងគ្នា អ្នកមិនអាចសូម្បីតែកាន់ ឬស្គាល់ Password ទូរសព្ទគេសោះនោះ មានន័យថា អ្នកមិនទាន់ត្រូវបានក្លាយជាមនុស្សដែលគេផ្ដល់ទំនុកចិត្តឱ្យនៅឡើយទេ។ មិនមែនដល់ថ្នាក់ត្រូវដឹងទាំង Password បណ្ដាញសង្គមរបស់គេទេ ប៉ុន្តែសូម្បីតែយកមកមើលរូប ឬអ្វីផ្សេងក៏មិនបានដែរនោះ អ្នកគួរតែពិចារណាឡើងវិញផង។
៣- ឱ្យតែនិយាយពីរឿងអនាគត គេចេះតែបង្វែរសាច់រឿង៖
មានអ្នកខ្លះទាក់ទងគ្នាច្រើនឆ្នាំមកហើយ តែមិនដែលឮខាងប្រុសបង្ហើបពីផែនការអនាគត ឬសូម្បីតែពេលវេលាឱ្យយើងទៅជួបគ្រួសារគេ ឬគេមកជួបគ្រួសារយើង។ មានពេលខ្លះទៀត ឱ្យតែនាំនិយាយពីរឿងរៀបការ រឿងអនាគតជាមួយគ្នា គេចេះតែបង្វែរទៅសាច់រឿងផ្សេង ឬប្រាប់ថា មិនទាន់ត្រៀមខ្លួនរួចទេ ចាំមើលតិចទៀតសិន ចាំមានលុយច្រើនជាងនេះសិន។ ប៉ុន្តែតើមានលុយច្រើនប៉ុណ្ណាទើបហៅថាច្រើន និងគ្រប់គ្រាន់សម្រាប់មនុស្ស? បើសូម្បីតែគិតជាមួយគ្នា ក៏នៅតែមិនទាន់ដល់ពេលត្រៀមខ្លួនបាននោះ តើពេលណាទើបត្រៀមរួច?
៤- ពេលវេលាជួបគ្នា មិនមែនអ្នកជាអ្នកកំណត់ តែជាគេ៖
មនុស្សស្រលាញ់គ្នាតែងចង់ជួបមុខគ្នាស្ទើរតែគ្រប់វិនាទី ប៉ុន្តែបើជាស្នេហាលួចលាក់ អ្នកនឹងគ្មានសិទ្ធិក្នុងការកំណត់ម៉ោងពេលជួបគ្នាទេ ព្រោះគេត្រូវបែងចែកពេលសម្រាប់អ្នកផ្សេងផង ដូច្នេះគឺមានតែគេទេដែលជាអ្នកកំណត់ថា គួរជួបគ្នាពេលណា ឬមិនជួបពេលណា។ យ៉ាងណាក៏ដោយ បើចង់លាក់បាំងការពិតពីអ្នក ច្បាស់ណាស់ គេនឹងមានលេសយ៉ាងឈ្ងុយប្រាប់ពីមូលហេតុដែលមិនអាចជួបគ្នាបាននេះ។
៥- គេគិតពីរឿងស៊ីជម្រៅ រាល់ពេលនៅក្បែរគ្នា៖
មនុស្សប្រុសតែងមានអារម្មណ៍ផ្លូវភេទច្រើនជាងមនុស្សស្រីគឺជារឿងធម្មតា។ ប៉ុន្តែបើគេមានតែយើងម្នាក់ គេប្រហែលមិនប្រញាប់គិតពីរឿងលើគ្រែជាមួយយើងភ្លាមៗនោះទេ។ ព្រោះគេគិតថា ថ្ងៃក្រោយយើងគង់ក្លាយជាប្រពន្ធរបស់គេ គេមិនចាំបាច់តក់ក្រហល់ចង់បានវាភ្លាមក៏បាន។ ប៉ុន្តែបើអ្នកត្រឹមតែជាផ្នែកមួយនៃស្នេហាពហុភាគីរបស់គេ គេពិតជាចង់ស្គាល់រសជាតិឱ្យហើយ មុនពេលអ្នកដឹងការពិត ហើយដកខ្លួនចេញពីគេ។
មិនដឹងថា ចំណុចទាំង៥ខាងលើនេះអាចត្រូវកម្រិតណាសម្រាប់នារីៗ ប៉ុន្តែបើធ្លាប់មានចំណុចខ្លះកើតឡើងចំពោះអ្នក គួរពិចារណាពីទំនាក់ទំនងរបស់អ្នកឡើងវិញ ដើម្បីកុំឱ្យជ្រុលជ្រួសទាន់។ ដកចិត្តចេញក្នុងរយៈពេលនេះ គឺជារឿងឈឺចាប់ ប៉ុន្តែបើនៅតែបន្តហើយគ្មានគោលដៅច្បាស់ វានឹងរឹតតែឈឺចាប់ខ្លាំងជាងហ្នឹង១០០ដងក៏ថាបាន៕
ចុចអាន៖
បើមានមនុស្សធ្វើឲ្យអ្នកឈឺចាប់ម្ដងហើយម្ដងទៀត នោះគឺជាកំហុសរបស់អ្នក
ធ្លាប់អត់ តែងតែគិតថាគេស្រឡាញ់យើងវិញ ទាំងការពិតមិនមែន?