ងាយៗទេ! ៧ល្បិចសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាពសម្រាប់ស្ត្រីអាយុ៣០ឡើង
- 2017-08-02 05:17:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗទេ! ៧ល្បិចសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាពសម្រាប់ស្ត្រីអាយុ៣០ឡើង
អាយុគ្រាន់តែជាតួលេខពិតមែន ប៉ុន្តែតួលេខទម្ងន់មិនមែនគ្រាន់តែជាតួលេខទេណា! នៅពេលអាយុកាន់តែច្រើនប្រព័ន្ធរំលាយអាហាររបស់យើងក៏កាន់តែចុះខ្សោយ។ ពេលអាយុខ្ទង់២០ ញ៉ាំច្រើនពេលយប់ហើយគេង អាចមិនធាត់ តែបើដល់អាយុខ្ទង់៣០ មិនបាច់និយាយទេ សឹងតែថាគ្រាន់តែដកដង្ហើមក៏ឡើងទម្ងន់ដែរ។ ប៉ុន្តែយ៉ាងណាស្ត្រីវ័យកណ្ដាលយើងក៏មិនគួរចុះចាញ់បណ្ដែតបណ្ដោយតាមយថាកម្មដែរ ដោយថ្ងៃនេះ Kanha នឹងបង្ហាញវិធីសាស្ត្រសម្រកងាយៗចំនួន ៧ដែលសក្ដិសមសម្រាប់អ្នកវ័យខ្ទង់៣០ និង៤០ឆ្នាំតែម្ដង៖
១. សម្រាក គេងលក់ ឲ្យបានគ្រប់គ្រាន់
ជឿទេថាការគេងលក់ឲ្យបានគ្រប់គ្រាន់គឺអាចជួយឲ្យទម្ងន់យើងស្រកបាន។ យកល្អគួរគេងឲ្យបានពី ៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ ព្រោះពេលដែលយើងគេងលក់ រាងកាយរបស់យើងនឹងបញ្ចេញអ័រម៉ូនដែលជួយបង្កើតប្រូតេអ៊ីនចេញមក ដើម្បីជួយបន្ថែមបរិមាណសាច់ដុំនៃរាងកាយទាំងមូល ហើយអ្វីដែលសំខាន់គឺជួយបំផ្លាញជាតិខ្លាញ់ដែលលើស។ ការអត់មិនគេងនឹងធ្វើឲ្យអ័រម៉ូនប្រែប្រួល ធ្វើឲ្យឡើងទម្ងន់ ហើយយើងគួរគេងលក់ឲ្យបានស្កប់ស្កល់ក្នុងបន្ទប់ដែលងងឹត មានបរិយាកាសល្អ និងកុំទុកទូរសព្ទជិតខ្លួន ព្រោះរលកវិទ្យុសកម្មពីទូរសព្ទនឹងរំខានដល់ការគេងលក់របស់យើងបាន។
២. ហាត់ប្រាណឲ្យបានទៀងទាត់ ហាមខ្ជិល
ការហាត់ប្រាណគឺអាចធ្វើបានគ្រប់ពេល មិនមែនមានន័យថាយើងត្រូវតែងខ្លួនចូល Gym រហូតនោះទេ គឺគ្រាន់តែក្រោកដើរឲ្យបានញឹកញាប់ ការធ្វើការងារផ្ទះ បោស ជូត ឬការដើរឡើងជណ្ដើរថ្មើរជើង ជំនួសជណ្ដើរយន្ត។ ប៉ុន្តែប្រសិនបើប្រិយមិត្តនារីណាមានពេលវេលាច្រើន គឺអាចចូល Gym តែម្ដង យ៉ាងហោច ២០០នាទីក្នុងមួយសប្ដាហ៍ និងគួរហាត់ប្រាណឲ្យបានច្រើនរបៀបដើម្បីឲ្យមានសាច់ដុំគ្រប់ផ្នែកនៃរាងកាយ ដូចជា ហែលទឹក រាំចង្វាក់ភ្លេង ឬវាយបាវខ្សាច់ជាដើម។ ប៉ុន្តែកីឡាដែលល្អបំផុតសម្រាប់មនុស្សស្រីវ័យកណ្ដាលគឺការហាត់យូហ្កា ដែលអាចឲ្យយើងបញ្ចេញញើស បានសមាធិ និងធ្វើឲ្យរាងស្អាតផង។
ចុចអាន៖ វីដេអូហាត់យូហ្កា៧ក្បាច់ងាយៗ សម្រាប់អ្នកចង់ស្គមតែខ្ជិលហាត់ប្រាណ
៣. ផ្លាស់ប្ដូរទម្លាប់ញ៉ាំអាហារ
ស្ត្រីអាយុ ៣០ឆ្នាំឡើងទៅ បើចង់សម្រកទម្ងន់ត្រូវចៀសវាងអាហារប៊ុហ្វេតាមចិត្តចង់។ បើចង់ស្គមគួរញ៉ាំអាហារយឺតៗតាមសម្រួល ទំពាមួយៗ ដួសមួយៗ មិនមែនឈ្ងោកញ៉ាំយកៗនោះទេ ព្រោះនឹងធ្វើឲ្យយើងញ៉ាំអាហារឆ្អែតជ្រុលដោយមិនដឹងខ្លួន។ ការទំពាល្អបំផុត គឺទំពា ៥០ដងក្នុងមួយម៉ាត់ នឹងធ្វើឲ្យយើងអាចទទួលយកសារធាតុចិញ្ចឹមក្នុងអាហារបានកាន់តែច្រើន។ ក្រៅពីនេះយើងគួរ ប្រើចានខ្នាតតូចដើម្បីបន្ថយបរិមាណអាហារក្នុងមួយពេលៗ ហើយអាហារពេលល្ងាចមិនគួរទទួលទានច្រើននោះទេ បើចង់សម្រកទម្ងន់ឲ្យបានមែនទែន ចាប់ពីម៉ោង៦ទៅ មិនគួរញ៉ាំអ្វីច្រើននោះទេ ក្រៅពីផ្លែឈើ Yogurt ឬគ្រាប់ធញ្ញជាតិផ្សេងៗ។
៤. រៀបចំទូទឹកកក យកអាហារមិនល្អចេញឲ្យអស់
បើកទូទឹកកកម្ដងៗឃើញអ្វីខ្លះដែរ? នំប៉័ង នំផ្អែម ភេសជ្ជៈមានជាតិហ្កាស ឬជ្រក់អីនេះ គឺត្រូវកាត់ចិត្ត យកវាចោលឲ្យអស់។ អាហារអស់នេះញ៉ាំយូរៗម្ដងបានហើយ គួរសាកល្បងរកផ្លែឈើដែលខ្លួនចូលចិត្ត ឬអាហារដែលល្អសម្រាប់សុខភាពជាងនេះយកមកដាក់ក្នុងទូរទឹកកកល្អជាង ដូចជា សាច់ត្រី ទឹកផ្លែឈើ ទឹកសណ្ដែក... ដូច្នេះហើយពេលឃ្លានពេលណា បើកទូរទឹកកកមកក៏អាចញ៉ាំបានតែរបស់ល្អៗមានប្រយោជន៍ ដែលធ្វើឲ្យរាងកាយរបស់យើងរឹងមាំថែមទាំងជួយរក្សាទម្ងន់យើងកុំឲ្យឡើងផងដែរ។
៥. ញ៉ាំទឹកត្រជាក់
មិត្តនារីៗដឹងទេថាការទទួលទានទឹកត្រជាក់ប្រមាណ ១,៩ ទៅ ២,៨លីត្រ ជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យយើងមានប្រព័ន្ធរំលាយអាហារដែលល្អជាងអ្នកដែលមិនទទួលទានទឹកត្រជាក់បាន។ មូលហេតុគឺដោយសារនៅពេលដែលយើងផឹកទឹកត្រជាក់ចូលទៅ រាងកាយត្រូវប្រើកម្លាំងដើម្បីសម្រួលសីតុណ្ហភាពរបស់ទឹកត្រជាក់ដែលយើងផឹកចូលនោះឲ្យល្មមជាមួយកម្ដៅក្នុងរាងកាយរបស់យើង។ ប្រសិនបើអ្នកផឹកទឹកត្រជាក់ហើយឈឺក ឬមិនចូលចិត្តផឹកច្រើនៗ ក៏អាចផឹកម្ដងបន្តិចៗជំនួសបាន ឬផឹកឆ្លាស់គ្នាជាមួយទឹកដែលមានកម្ដៅធម្មតាក៏បាន។ ទឹកត្រជាក់នេះសំដៅលើទឹកក្លាស្សេប៉ុណ្ណោះ មិនមែនទឹកកកឡើយ។
៦. ញ៉ាំត្រី
សាច់ត្រីគឺជាអាហារដែលមានប្រយោជន៍ច្រើនណាស់ ថែមទាំងមានរសជាតិឆ្ងាញ់ទៀត។ ជាពិសេសសម្រាប់ស្ត្រីវ័យ ៣០ឆ្នាំឡើង គឺកាន់តែល្អ ព្រោះវាសម្បូរទៅដោយជាតិប្រូតេអ៊ីន និងខ្លាញ់ដែលល្អសម្រាប់រាងកាយ រួមទាំងវីតាមីនជាច្រើនផ្សេងទៀត ដែលល្អជាងសាច់ក្រហមឆ្ងាយ។
៧. ឆុងតែបៃតងញ៉ាំជាប្រចាំ
អាយុកាន់តែច្រើន ប្រព័ន្ធរំលាយអាហារក៏កាន់តែខ្សោយ ដូច្នេះយើងក៏គួរស្វែងរករបស់ជំនួយខ្លះៗ នោះគឺតែបៃតងក្ដៅ ដោយសារក្នុងតែបៃតងមានសារធាតុ Catechin ដែលអាចជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់បានច្រើន។ ប៉ុន្តែក្នុងនេះមិនមែនសំដៅលើតែបៃតងត្រជាក់ៗដែលមានលក់តាមហាងកាហ្វេ ឬផ្សារទំនើបទូទៅនោះទេ ព្រោះតែបៃតងបែបនេះគឺសម្បូរដោយជាតិស្ករខ្ពស់ ដូច្នេះយើងគួរទិញតែបៃតងមកឆុងញ៉ាំក្ដៅឧណ្ហៗដោយខ្លួនឯងល្អជាង ពិសេសក្រោយពេលញ៉ាំបាយរួច ៕ ចុចអាន៖ ញ៉ាំអាហារទាំងនេះរៀងរាល់យប់ជួយឱ្យអ្នកសម្រកក្បាលពោះឆាប់រហ័ស