ទង្វើ​៦​យ៉ាង​របស់​ភរិយា​អាច​សម្លាប់​ចិត្ត​ប្ដី​មិន​ឱ្យ​មាន​ស្រី សូម្បី​តែ​គិត​

  • 2017-07-21 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គូ​ក្រោយ​រៀបការ​មិន​មែន​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ ជម្លោះ ការ​ប៉ះទង្គិច​ទាំង​ពាក្យ​សម្ដី​និង​ផ្លូវ​ចិត្ត​គង់​តែ​កើត​មាន​ដោយ​ចៀស​មិន​ផុត​ ដូច្នេះ​ហើយ​​តាំង​ពី​បុរាណ​មក គេ​បាន​ចាត់​ទុក​ភរិយា​ជា​អ្នក​រក្សា​ភ្នក់​ភ្លើង​ក្នុង​ផ្ទះ​ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​រស់​នៅ​ដោយ​សុភមង្គល​​។

​​ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​តែង​បារម្ភ​គឺ​ ការ​ដែល​ប្ដី​នឹង​ចេញ​ទៅ​មាន​ស្រី​ក្រៅ​ ធ្វើ​ឱ្យ​គ្រួសារ​បាត់​បង់​សេចក្ដី​សុខ​ និង​គ្មាន​ភាព​កក់​ក្ដៅ​ដល់​កូនៗ​។ ខាង​ក្រោម​ជា​​គន្លឹះ​ខ្លះ​ៗ ដែល​ស្ត្រី​គួរ​ធ្វើ​ ដើម្បី​ចង​ចិត្ត​ស្វាមី​ឱ្យ​ស្មោះ​ត្រង់​នឹង​គ្រួសារ​ មិន​អាច​មើល​ឃើញ​ស្រី​ក្រៅ​ល្អ​ជាង​ប្រពន្ធ​កូន​ខ្លួន​៖

១- ចេះ​ឱ្យ​តម្លៃ​និង​លើក​ទឹក​ចិត្ត​ប្ដី​៖

បុរស​ ទោះ​បី​ចាត់​ទុក​ជា​ភេទ​រឹង​មាំ ប៉ុន្តែ​អ្នក​ណា​ៗ​ក៏​ធ្លាប់​ជួប​ថ្ងៃ​ស៊យ ការ​បាក់​ទឹក​ចិត្ត ឬ​ធ្វើ​កំហុស​ឆ្គង​ដែរ​។ ដូច្នេះ​បើ​នៅ​ខាង​ក្រៅ មាន​រឿង​មិន​សប្បាយ​ចិត្ត​ហើយ ចូល​ដល់​ផ្ទះ ប្រពន្ធ​ធ្វើ​មុខ​ក្រូច​សើច​ ឬ​ព្រងើយ​កន្តើយ​ទៀត ​យូរ​និង​ឆាប់​នឹង​ធ្វើ​ឱ្យ​បុរស​នោះ​លែង​ចង់​ចូល​ផ្ទះ​។ ពាក្យ​សម្ដី​លួង​លោម​ លើក​ទឹក​ចិត្ត គឺ​ជា​ថ្នាំ​ត្រជាក់​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្មុគស្មាញ​ទាំង​ប៉ុន្មាន​រលាយ​បាត់​បាន​ដោយ​ងាយ​។

​​២- ចេះ​រក្សា​ទំនាក់​ទំនង​រវាងឪពុក​ម្ដាយ​ខ្លួន​និង​ស្វាមី​៖

ចំណុច​នេះ​សំខាន់​ខ្លាំង​ ព្រោះ​បើ​ទោះ​បី​អ្នក​រៀបការ​រួច​រស់​នៅ​ជាមួយ​ឪពុកម្ដាយ​ក្ដី ឬ​រស់​នៅ​បែក​តែ​ពីរ​នាក់​ក្ដី​ ក៏​គង់​តែ​មាន​លេច​ឮ​ពាក្យ​ពេចន៍​ក្នក់​ចិត្ត​ពី​ឪពុកម្ដាយ​របស់​អ្នក​ចំពោះ​ស្វាមី​ ឬ​ពី​ស្វាមី​ចំពោះ​ឪពុក​ម្ដាយ​យើង​ដូច​គ្នា​​។ ដូច​ពាក្យ​ថា គ្មាន​ទេ​មនុស្ស​ឥត​ខ្ចោះ​ក្នុង​លោក​នេះ ហេតុ​នេះ​ពាក្យ​មិន​សប្បាយ​ចិត្ត​ទាំង​នោះ​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​។ ភរិយា​ឆ្លាត​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ថា ពាក្យ​ណា​គួរ​ឱ្យ​ភាគី​ទាំង​សង​ខាង​ដឹង ពាក្យ​ណា​គួរ​សម្រប​សម្រួល និង​លាក់​ទុក​ដើម្បី​ទំនាក់​ទំនង​ល្អ​ក្នុង​ក្រុម​គ្រួសារ។

៣- ចេះ​ចាត់​ចែង​ការងារ​ផ្ទះ​៖

ទោះ​សម័យ​នេះ​ ភរិយា​ភាគ​ច្រើន​ត្រូវ​ចេញ​ទៅ​ក្រៅ​រក​លុយ​ដូច​ស្វាមី​ក៏ដោយ ប៉ុន្តែ​រឿង​ចាន​ក្បាន​ ថែ​ទាំង​ផ្ទះ​សម្បែង​ នៅ​តែ​ត្រូវ​ការ​នារី​ជា​ចាំ​បាច់។ ការ​ជួយ​រំលែក​បន្ទុក​ក្នុង​ផ្ទះ​របស់​ស្វាមី​ អាច​ជួយ​សម្រាល​បាន​មួយ​ចំនួន តែ​ប្រពន្ធ​ល្អ​មិន​អាច​ភ្លេច​គិត​ពី​រឿង​ផ្ទះ​សម្បែង​ បណ្ដោយ​ឱ្យ​រប៉ាត់រប៉ាយ​ ហើយ​លើក​ឡើង​ថា គ្មាន​ពេល​សម្អាត​នោះ​ទេ​។

៤- ចេះ​ជួយ​ស្វាមី​រឿង​លើ​គ្រែ​៖

អាច​ជា​រឿង​មិន​គួរ​និយាយ​ ប៉ុន្តែ​វា​ជា​ការ​ពិត​។ តាម​ធម្មជាតិ បុរស​មាន​អារម្មណ៍​ផ្លូវ​ភេទ​ច្រើន​ជាង​ស្ត្រី​ ហេតុ​នេះ​មូល​ហេតុ​ធំ​ដែល​ស្វាមី​ភាគ​ច្រើន​ហ៊ាន​ទៅ​មាន​ស្រី​ក្រៅ ព្រោះ​តែ​ភរិយា​មិន​សូវ​ផ្ដល់​ពេលវេលា​សម្រាប់​រឿង​លើ​គ្រែ ឬ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​នេះ​ញឹកញាប់​ពេក​។ ជួន​កាល អ្នក​ទាំង​ពីរ​អាច​និយាយ​គ្នា បើ​សិន​ភរិយា​មិន​ស្រួល​ខ្លួន ឬ​មាន​ផ្ទៃពោះ ឬ​សរសៃ​ខ្ចី ភរិយា​អាច​ជួយ​សម្រួល​រឿង​នេះ​តាម​វិធី​ណាមួយ​ដែល​ល្អ មិន​ចាំ​បាច់​ទាល់​តែ​បម្រើ​ដោយ​ប្រើ​ខ្លួន​ប្រាណ​ទាំង​ស្រុង​តែ​ម្ដង​ក៏​បាន​។

៥- ចេះ​ចាត់​ចែង​រឿង​លុយ​កាក់​បាន​ច្បាស់​លាស់៖

រឿង​លុយ​កាក់​ច្បាស់​ណាស់ ភាគី​ភរិយា​គឺ​ជា​អ្នក​ទុក​ដាក់ ហើយ​​បើ​នាង​ជា​មនុស្ស​ច្បាស់​លាស់​ក្នុង​ការ​ចាត់ចែង មិន​ចំណាយ​ខុស​ខ្ទង់ មិន​ចំណាយ​លើ​រឿង​ខ្ជះខ្ជាយ នោះ​ស្វាមី​នឹង​​មិន​ងាយ​ដាច់​ចិត្ត​យក​លុយ​ទៅ​ចំណាយ​ខាង​ក្រៅ​ទេ។ អាច​និយាយ​បាន​ថា មុន​នឹង​គាត់​ចំណាយ​ គាត់​អាច​នឹង​គិត​ដល់​អ្នក​ដែល​ជា​ភរិយា​ជា​មុន​សិន​​​​។

៦- ចេះ​គិត​គូរ​ក្រុម​គ្រួសារ​ខាង​ប្ដី​ដូច​គ្រួសារ​ខាង​យើង​៖

ចំណុច​ចុង​ក្រោយ​នេះ​រឹត​តែ​ចាំ​បាច់ ព្រោះ​អ្នក​ណា​ក៏​ចេះ​ស្រលាញ់​គ្រួសារ​របស់​គេ​ មិន​ថា​យើង​ មិន​ថា​ស្វាមី​។ ដូច្នេះ​ក្នុង​នាម​ជា​ភរិយា​ត្រូវ​ចេះ​ចែក​រំលែក​ក្ដី​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្រួសារ​សាច់ថ្លៃ​ និង​ឪពុកម្ដាយ​ក្មេក​ផង​។ កាល​ណា​អ្នក​ធ្វើ​បាន​ចំណុច​នេះ ស្វាមីអ្នក​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ​ និង​រឹត​តែ​ស្រលាញ់​អ្នក​ខ្លាំង​ឡើង​មិន​ខាន​៕

ចុចអាន៖

​​

អត្ថបទ៖ សរ សុគន្ធី