ចង់​បំផ្លាញ​អនាគត​កូន ទិញ​តែ​ស្មាត​ហ្វូន​ឲ្យ​គេ​មួយ​ជា​ការ​ស្រេច

  • 2017-07-17 05:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្ដាយ​គ្រប់​រូប​តែង​ចង់​ឲ្យ​កូន​ខ្លួន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​មាន​សមត្ថភាព ហើយ​ដើម្បី​សម្រេច​គោល​ដៅ​មួយ​នេះ​ពួក​គេ​ត្រូវ​ធ្វើ​រឿង​ជា​ច្រើន​រាប់​មិន​អស់​ ចាប់​ពី​ការ​ផ្ដល់​ការ​សិក្សា​អប់រំ​ឲ្យ​កូន ការ​អប់រំ​ផ្នែក​សុជីវធម៌​ ការ​បង្ហាត់​បង្រៀន និង​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន​ទៀត។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ចង់​បំផ្លាញ​អនាគត​កូន គឺ​ជា​រឿង​ងាយ​ ដោយ​គ្រាន់​តែ​ទិញ​ស្មាតហ្វូន​ឲ្យ​គេ​មួយ​នោះ​ជា​ការ​ស្រេច។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ពន្យល់​កាន់​តែ​ច្បាស់​ថា​តើ​ហេតុអ្វី ទូរសព្ទ​ស្មាតហ្វូន​តែ​មួយ​អាច​បំផ្លាញ​អនាគត​កូន​របស់​អ្នក​បាន។

១​. លទ្ធផល​សិក្សា​ធ្លាក់​ចុះ

កុមារ​ដែល​មាន​ស្មាតហ្វូន​ បើ​គ្មាន​ការ​គ្រប់គ្រង​ដិតដល់​ពី​ឪពុក​ម្ដាយ​ទេ ពួក​គេ​នឹង​ចំណាយ​ពេល​ច្រើន​តែ​ជាមួយ​ទូរសព្ទ ដូច្នេះ​ហើយ​ការ​សិក្សា​នឹង​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។ ការ​ញៀន​លេង​ទូរសព្ទ​ដល់​យប់​ជ្រៅ នឹង​ធ្វើ​ឲ្យ​គេ​គ្មាន​ថាមពល​រៀន និង​ងងុយ​គេង​ពេល​រៀន​ក្នុង​ថ្នាក់ ហើយ​សមត្ថភាព​ក្នុង​ការ​​ចងចាំ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា។

២. ចេះ​ល្បិច​បន្លំ​តាំង​ពី​តូច

ជាមួយ​ទូរសព្ទ​ដៃ​ស្មាតហ្វូន ក្មេង​ៗ​នឹង​លែង​មាន​គំនិត​ប្រឹងប្រែង​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​លំហាត់​ កិច្ចការ​ផ្សេង​ៗដោយ​ខ្លួន​ឯង​ ខណៈ​ដែល​ពួក​​គេ​អាច​រក​​ចម្លើយ​បាន​​យ៉ាង​ងាយ​ពី​អ៊ីនធឺណិត​ ហើយ​ពេល​ខ្លះ​ពួក​គេ​ប្រើ​ទូរសព្ទ​ដើម្បី​បើក​ចាក់​ពេល​ប្រឡង​ថែម​ទៀត។

៣. បណ្ដុះ​គំនិត​ និង​រូបភាព​អវិជ្ជមាន​ក្នុង​ខួរ​ក្បាល

ព័ត៌មាន​ រូបភាព ឬ​វីដេអូ​លើ​អ៊ីនធឺណិត ជា​ពិសេស​លើ​បណ្ដាញ​សង្គម​ភាគ​ច្រើន​ សុទ្ធ​តែ​អាច​ផ្ដល់​ផល​អវិជ្ជមាន​សម្រាប់​ការ​គិត​របស់​កុមារ ដូច​ជា​អំពើ​ហិង្សា ការ​ប្រើ​ពាក្យពេចន៍​ រូបភាព​បែប​អាសអាភាស។

៤. មាន​ភាព​ខ្សោយ​ ទាំង​ផ្លូវ​កាយ និង​ចិត្ត​គំនិត

ប្រសិន​បើ​កុមារ​ញៀន​នឹង​ការ​លេង​ទូរសព្ទ​​ក្នុង​រយៈ​ពេល​កាន់​តែ​យូរ នោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​ កែវ​ភ្នែក និង​ការ​វិវត្ត​ខួរក្បាល​របស់​ពួក​គេ។

៥. ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ទៅ​អនាគត

ទូរសព្ទ​ដៃ​ស្មាត​ហ្វូន​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ចក្ខុវិស័យ​របស់​ក្មេង អនាគត​របស់​ក្មេង ការ​សិក្សា រួម​ទាំង​អាជីព​ការងារ​របស់​គេ​​យ៉ាង​ប្រាកដ។

៦. ខ្សោយ​ទំនាក់ទំនង​ក្នុង​សង្គម

កុមារ​ជា​ច្រើន​ដែល​មាន​ទូរសព្ទ​​ស្មាតហ្វូន​នឹង​អាច​និយាយ​ពិភាក្សា​ដោយ​មិន​ខ្លាច​ឡើយ​ជាមួយ​អ្នក​ដទៃ​នៅ​លើ​អ៊ីនធឺណិត ប៉ុន្តែ​ក្នុង​ជីវិត​ពិត​ ពួក​គេ​តែង​មាន​បញ្ហា​ក្នុង​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មនុស្ស ឬ​ខ្វះ​ជំនាញ​ទាក់ទង​​សង្គម។ ចំណុច​នេះ​នឹង​​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​របស់​ក្មេង ហើយ​សូម្បី​តែ​គ្រួសារ​ក៏​ពួក​គេ​អាច​នឹង​លែង​រវល់​ជាមួយ​ដែរ។

៧. ងាយ​ទទួល​រង​ការ​បោកប្រាស់

កុមារ​មាន​សមត្ថភាព​ទាប​ក្នុង​ការ​បែងចែក​ថា​អ្វី​ខុស អ្វី​ត្រូវ ល្អ ឬ​អាក្រក់ ដូច្នេះ​ហើយ​ពួក​គេ​នឹង​ងាយ​រងគ្រោះ ដោយ​ការ​ចាញ់​បោក​ក្រុម​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ពិសេស​ក្រុម​ចាប់​​ជំរិត​ក្មេង​ដែល​មាន​សកម្ម​ភាព​យ៉ាង​សកម្ម​តាម​បណ្ដាញ​អ៊ីនធឺណិត។  

ដោយ​សារ​ទំនោរ​សង្គម​បច្ចុប្បន្ន ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មិន​អាច​​​ទប់​ស្កាត់​កូន​មិន​ឲ្យ​ប៉ះពាល់​ទូរសព្ទ​ស្មាតហ្វូន​នោះ​ទេ តែ​យ៉ាង​ណា​ឪពុក​ម្ដាយ​ត្រូវ​ការពារ​កុំ​ឲ្យ​កូន​ៗ​ញៀន​នឹង​ទូរសព្ទ​ដៃ​ឲ្យ​សោះ ពុំ​ដូច្នោះ​ទេ​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​លើ​នឹង​អាច​កើត​មាន​លើ​កូន​អ្នក​ចៀស​មិន​រួច ៕​  

ប្រភព៖ weixin ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម