សញ្ញា ១០យ៉ាង ដែលបង្ហាញថាអ្នកនឹងជោគជ័យនៅថ្ងៃអនាគត
- 2017-07-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ១០យ៉ាង ដែលបង្ហាញថាអ្នកនឹងជោគជ័យនៅថ្ងៃអនាគត
មិនមាននរណាម្នាក់ អាចមើលដឹងពីរឿងអនាគតនោះទេ ប៉ុន្តែគេអាចដឹងថា តើអនាគតរបស់គេអាចនឹងក្លាយជាអ្វី ប្រសិនបើគេបានខិតខំប្រឹងប្រែងតាំងពីពេលបច្ចុប្បន្ន។ ដូច្នេះ មានសញ្ញាចំនួន ១០ ដែលបង្ហាញថា អ្នកអាចក្លាយជាបុគ្គលជោគជ័យ នៅថ្ងៃអនាគត ប្រសិនបើអ្នកមានទម្លាប់ធ្វើរឿងទាំងនេះ៖
១. គោរពម៉ោងពេល
ប្រសិនបើអ្នកតែងតែទៅធ្វើការទាន់ពេលវេលា នោះមានន័យថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់ពីការងារទាំងសម្រាប់ខ្លួនឯងផ្ទាល់ និងទាំងសម្រាប់ក្រុមការងារទាំងមូល។ មនុស្សដែលគោរពពេលវេលាប្រជុំ ឬ ការណាត់ជួបណាមួយ គឺជាមនុស្សដែលនឹងក្លាយជាមេដឹកនាំទៅថ្ងៃអនាគត។
២. មិនអង្គុយរអ៊ូរ មិនបន្ទោសអ្នកដទៃ
បើសិនអ្នកមិនអាចសម្រេចការងារអ្វីមួយបាន អ្នកមិននៅអង្គុយរអ៊ូរ ហើយទម្លាក់កំហុសដាក់អ្នកដទៃនោះទេ។ អ្នកនឹងចាត់ទុកវាជាបទពិសោធន៍ ហើយព្យាយាមរកដំណោះស្រាយ។
៣. អបអរជោគជ័យរបស់អ្នកដទៃ (បើកចិត្តឲ្យទូលាយ)
អ្នកតែងតែសប្បាយចិត្ត ប្រសិនបើឃើញមិត្តភក្តិ ឬ មិត្តរួមការងាររបស់អ្នកទទួលបានជោគជ័យ។ អ្នកនឹងមិនមានចិត្តច្រណែនឈ្នានីស ចំពោះភាពជោគជ័យរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ អ្នកក៏រក្សាចិត្តធ្វើឲ្យបានដូច ឬ លើសពួកគេនៅថ្ងៃណាមួយ។
៤. បញ្ចេញយោបល់
អ្នកចូលរួមបញ្ចេញយោបល់ ដើម្បីការវិវត្តផ្សេងៗ។ អ្នកមិនមែនជាមនុស្សដែលអង្គុយនៅស្ងៀម ហើយចាំតែហៃអើ គ្រប់សំណើរ ទោះបីជាអ្នកមិនពេញចិត្តនឹងវានោះទេ។
៥. មានទិសដៅច្បាស់លាស់
មនុស្សជោគជ័យ តែងតែកំណត់ពីមហិច្ឆតារបស់ខ្លួនឲ្យបានច្បាស់លាស់។ រួចហើយ គេនឹងដើរតាមគោលការណ៍ ដែលគេចង់ធ្វើឲ្យសម្រេចបាននោះ។ និយាយរួម គឺគេដឹងថាគេធ្វើដើម្បីអ្វី ដូច្នេះទោះអ្នកណាថាគេឆ្កួត ក៏គេមិនបោះបង់គំនិតនោះចោលដែរ។
៦. មិនរង់ចាំឱកាស
អ្នកមិនចាំទាល់តែសំណាងរត់មករកអ្នកនោះទេ។ អ្នកនឹងព្យាយាមបង្កើតវាដោយខ្លួនឯង។ អ្នកជាមនុស្ស ដែលមានជំនឿថា «អនាគតខ្ញុំ គឺខ្ញុំជាអ្នកកំណត់»។
៧. គិតវែងឆ្ងាយ មុននឹងសម្រេចចិត្ត
អ្នកតែងតែគិតពីវត្ថុបំណងសម្រាប់ថ្ងៃអនាគត មុននឹងអ្នកចាប់ផ្តើមសម្រេចចិត្តធ្វើអ្វីមួយ នាពេលបច្ចុប្បន្ន។
៨. ចង់បំបាក់អ្នកដែលធ្លាប់មើលងាយអ្នក
អ្នកចង់បង្ហាញគេថា គេបានមើលងាយអ្នកខុសហើយ។ ការពិត អ្នកមិនមែនជាមនុស្សអន់ ដូចដែលគេបានគិត បានប្រមាថនោះទេ។ អ្នកមិនប្រើហិង្សា អ្នកមិនបង្ខំឲ្យគេជឿ ប៉ុន្តែអ្នកនឹងបង្កើតភាពអស្ចារ្យមួយ ឲ្យគេបានឃើញ ហើយលាន់មាត់ស្តាយក្រោយ ដែលធ្លាប់បានមើលងាយអ្នកកន្លងមក។
៩. ទទួលខុសត្រូវ
អ្នកទទួលទាំងខុស ទាំងត្រូវ។ អ្នកមិនខ្មាស់អៀន ក្នុងការសុំទោស នៅពេលដែលអ្នកធ្វើខុសនោះទេ។ ហើយអ្នកក៏មិនដែលរត់ចោលទំនួលខុសត្រូវរបស់ខ្លួនឯងនោះដែរ។
១០. ផ្តោតសំខាន់លើការបង្កើនចំណេះដឹង
មិនថាអ្នកមានការងារធំដុំធ្វើប៉ុណ្ណាក៏ដោយ ប៉ុន្តែអ្នកនៅតែគិតថាការស្រូបយកចំណេះដឹងបន្ថែម គឺជារឿងដ៏សំខាន់សម្រាប់ជីវិតអ្នករហូត៕
ចុចអាន៖ បើមាន១៤ចំណុចនេះ ច្បាស់ណាស់អ្នកជានារីម្នាក់ដ៏រឹងមាំ