២០មេរៀនចាំបាច់ក្នុងជីវិតធ្វើការដែលគ្មានសាលាណាបង្រៀនអ្នក

  • 2017-07-07 07:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយប្រឡូកក្នុងជីវិតការងារយ៉ាងសកម្មក្នុងរយៈពេល៦ឆ្នាំនិង១១ខែ នារីវ័យ៣០ឆ្នាំម្នាក់ដែលជាសមាជិកក្នុងគេហទំព័រ Pantip បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដល់ប្អូនៗជំនាន់ក្រោយ ជាពិសេសអ្នកដែលមិនទាន់រកឃើញថាខ្លួនគួរធ្វើការងារអ្វី ជាមួយមេរៀនចំនួន២០៖

១. បើដឹងខ្លួនថាជំនាញដែលរៀនមិនត្រូវនឹងខ្លួនឯងតាំងពីឆ្នាំទី១ Term ទី១ គួរបោះបង់ចោលតែម្ដងទៅ កុំចាំបាច់ស្ដាយលុយ គួរយកពេលវេលានេះទៅត្រៀមខ្លួនប្រឡងចូលរៀនមុខជំនាញដែលខ្លួនចង់រៀនវិញល្អជាង។

២. បើមិនទាន់ដឹងថាគួររៀនជំនាញអ្វី គួរស្រមៃមើលថាខ្លួនឯងចង់ធ្វើការងារអ្វីជាប្រចាំក្នុងអនាគត។ រួចហើយអាចទៅសាកល្បងធ្វើការងារនោះបែបស្ម័គ្រចិត្ត ឬ Part Time ដើម្បីពិសោធន៍ថាវាត្រូវជាមួយយើង និងជាផ្លូវដែលយើងចង់បានដែរឬក៏អត់។

៣. កុំអានសៀវភៅតែមួយមុខ ត្រូវទៅសាកល្បងធ្វើពិតប្រាកដ ទើបបានដឹងពីរូបភាព បរិយាកាសការងារពិតប្រាកដ។

៤. ត្រូវធ្វើអ្វីដែលជាខ្លួនឯងឲ្យបានច្រើនបំផុត នោះនឹងបានស្គាល់ខ្លួនឯងច្រើនបំផុត កុំរវល់តែតាមមិត្តភ័ក្ដិ កុំគិតថាធ្វើអ្វីក៏បាន។ ត្រូវស្វែងរកឲ្យឃើញថាខ្លួនចង់ធ្វើអ្វីឲ្យប្រាកដ ប៉ុន្តែត្រូវជ្រើសរើសផ្លូវដែលសុចរិតប៉ុណ្ណោះ។

៥. បើចង់ធ្វើការងារអ្វី អាចបើកវេបសាយស្វែងរកការងារ ហើយត្រូវមើលលក្ខណៈសម្បត្តិដែលត្រូវការសម្រាប់ការងារនោះ (Job Requirement) រួចហើយព្យាយាមបំពេញខ្លួនឯងឲ្យបានគ្រប់ចំណុច នោះនឹងអាចធ្វើការងារដែលខ្លួនប្រាថ្នាបាន។

៦. ត្រូវសំឡឹងមើលលោកខាងក្រៅក្នុងផ្លូវវិជ្ជមាន ព្រោះគ្មានអ្នកណាចូលចិត្តធ្វើការជាមួយមនុស្សដែលចូលចិត្តគិតអគតិនោះឡើយ។

៧. ការចេះស្ញើចសរសើរអ្នកដទៃ នឹងធ្វើឲ្យយើងចេះសំឡឹងមើលពីចំណុចល្អរបស់អ្នកដទៃ ហើយអាចយកចំណុចទាំងនោះមកអភិវឌ្ឍសមត្ថភាពខ្លួនឯងបាន។

៨. ភាសាគឺជាចំណែកសំខាន់បំផុតក្នុងជីវិតការងារបច្ចុប្បន្ន។ ចេះត្រឹមភាសាអង់គ្លេសជាភាសាទីពីរអាចមិនគ្រប់គ្រាន់ទេ យកល្អគួររៀនភាសាទី៣ ទី៤... ជាភាសាអ្វីក៏បានឲ្យតែអាចស្ដាប់ និយាយ សរសេរបានស្ទាត់។

៩. ការមានសញ្ញាបត្រត្រូវនឹងការងារគឺជារឿងដ៏ចាំបាច់ដើម្បីបើកឱកាសកាន់តែច្រើនសម្រាប់អ្នកក្នុងវិស័យនោះ។ តែប្រសិនបើអ្នករៀនចប់ជំនាញដែលមិនត្រូវនឹងការងារ គួរតែព្យាយាមស្វែងរកវគ្គបណ្ដុះបណ្ដាល និងស្វែងរកបទពិសោធន៍ដើម្បីជាដើមទុនសម្រាប់ការងាររបស់អ្នក។

១០. ការធ្វើការ ៩០% គឺត្រូវធ្វើការជាមួយមនុស្ស។

១១. ការធ្វើបទបង្ហាញ ពីគម្រោងការងារ ឬគំនិតរបស់អ្នកឲ្យគេយល់ គឺជារឿងសំខាន់មួយក្នុងការធ្វើការ។

១២. Connection គឺជារឿងសំខាន់ខ្លាំង ព្យាយាមស្គាល់មនុស្សឲ្យបានច្រើន ក៏មិនខាតបង់អ្វីដែរ។

១៣. ការញញឹម រាក់ទាក់ លើកដៃសំពះ អ្នកដទៃមុន គ្មានអ្វីដែលត្រូវខាតបង់នោះទេ។

១៤. រូបរាងនិងពាក្យសម្ដី គឺជាចំណុចសំខាន់ ជាពិសេសសម្រាប់ First Impression ព្រោះអ្នកណាក៏ចង់និយាយជាមួយមនុស្សស្អាតបាត និងនិយាយពីរោះដែរ។ បើដឹងថាខ្លួនមិនស្អាតគួរចេះតែងខ្លួនឲ្យបានសមរម្យ។

១៥. បើស្ត្រេសនឹងការងារខ្លាំង គួរឈប់សម្រាកផ្ដល់ពេលវេលាឲ្យខ្លួនឯងមួយថ្ងៃពីរថ្ងៃ ដើម្បីតាំងជំហរឡើងវិញ ប្រើប្រាស់ស្មារតីរកនឹករឹសគល់នៃបញ្ហា។

១៦. អំឡុងពេល Probation ៣-៦ខែដំបូង គឺជាពេលវេលាដែលត្រូវសម្របខ្លួនជាមួយការងារ មិត្តរួមការងារ និងបរិយាកាស។ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព បើការងារនោះមិនសក្ដិសមនឹងយើង នោះយើងនឹងបានដឹងនៅពេលនោះតែម្ដង។

១៧. ស្វែងរកឱកាស រៀនសូត្រអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យបានច្រើន។

១៨. បើមានការងារណាមួយដែលខ្លួនតែងតែចង់ធ្វើ ឬសាកល្បង គួរតែសាកធ្វើវា ដើម្បីកុំឲ្យមានអ្វីជាប់ជំពាក់ក្នុងចិត្ត។

១៩. ការរៀនថ្នាក់ Master គឺជាផ្លូវមួយដែលអាចឲ្យអ្នកឈានបានកាន់តែខ្ពស់ក្នុងមុខតំណែងការងារ តែក៏អាចជាការយករឿងមកដាក់ខ្លួនដូចគ្នា។ គួររៀន Master បើសិនជាអ្នកចង់ក្លាយជា Expert ជាគ្រូសាស្រ្តាចារ្យ ឬប្រសិនបើមានគោលដៅក្លាយជាអ្នកដឹកនាំ។

២០. កម្លាំងចិត្តគឺជាចំណែកដ៏សំខាន់សម្រាប់ការងារ ហើយអ្នកអាចរកវាបានដោយងាយពីគ្រួសារ ៕

ប្រភព៖ pantip ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន