ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព
- 2020-03-23 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព
ការបារម្ភភ័យខ្លាចជាអ្វីដែលពិបាកហាមឃាត់ ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែវាយលុយស្ទើរគ្រប់ទិសទីលើសកលលោក។ អារម្មណ៍តានតឹងមួយចំនួន បានកើតឡើងដោយសារតែអ្នកគិតថាខ្លួនឯងត្រូវប្រឈមនឹងហានិភ័យនៅចំពោះមុខរាប់មិនអស់។ ជាពិសេសមានបញ្ហាផ្សេងៗ ដែលមិនអាចទប់ស្កាត់ឬពិបាកហាមឃាត់បានមានដូចជា សកម្មភាពមិនប្រុងប្រយ័ត្នរបស់អ្នកដទៃ ការបន្តជួបជុំគ្នា ការឡើងថ្លៃនៃម៉ាស់ឬទំនិញនានា វិបត្តិហិរញ្ញវត្ថុ ព័ត៌មានក្លែងក្លាយ ពាក្យបំភ័យ និងការមិនអាចទាយដឹងមុន ថានឹងមានអ្វីកើតឡើងបន្តបន្ទាប់ទៀត។
ក្នុងអំឡុងពេលនេះ គួរទុកបញ្ហាស្មុគស្មាញទាំងនោះនៅមួយឡែកសិន ហើយងាកមកផ្តោតលើអ្វីដែលអ្នកអាចធ្វើបានវិញប្រសើរជាង។ ព្យាយាមអនុវត្តគន្លឹះល្អៗដូចខាងក្រោម ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការតតាំងនឹងជំងឺកូវីដ១៩។
បន្តគំនិតវិជ្ជមាន
រក្សាសុខភាពផ្លូវកាយជារឿងចាំបាច់មិនអាចខ្វះបាន ប៉ុន្តែអ្វីអ្នកដែលគួរយកចិត្តទុកដាក់បន្ថែមទៀត គឺសុខភាពផ្លូវចិត្តតែម្តង។ ត្រូវចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ បន្តគំនិតវិជ្ជមាន បង្កើនភាពរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ។
តាមដានព័ត៌មានដែលត្រឹមត្រូវ
កុំបណ្តោយខ្លួនឯងតក់ស្លុតខ្លាំងជាមួយនឹងព័ត៌មានក្លែងក្លាយ។ អ្វីដែលអ្នកឭមិនប្រាកដថាជារឿងពិត អ្វីដែលឃើញក៏មិនអាចវិនិច្ឆ័យបានភ្លាមៗដែរ។ ត្រូវសង្កេតតាមដាននូវព័ត៌មានណា ដែលចេញផ្សាយ មានប្រភពត្រឹមត្រូវជាក់លាក់ មុននឹងចែកចាយបន្ត។
អនុវត្តតាមការណែនាំដែលចេញពីក្រសួងសុខាភិបាល
ត្រូវអនុវត្តពីវិធីការពារ និងទទួលយកការណែនាំច្បាស់លាស់ពីក្រសួងសុខាភិបាល ឬអង្គការសុខភាពពិភពលោក ដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធភាពពេញលេញ ជៀសវាងនូវអ្វីដែលគ្រាន់តែជាជំនឿឬការនិយាយតៗគ្នា។
ពង្រឹងប្រព័ន្ធការពាររបស់រាងកាយ
ដើម្បីជួយឲ្យប្រព័ន្ធការពារភាពស៊ាំរបស់រាងកាយកាន់តែរឹងមាំ អ្នកត្រូវញ៉ាំអាហារដែលផ្តល់ប្រយោជន៍ចំពោះសុខភាព មានវីតាមីន C ខ្ពស់ ចម្អិននៅផ្ទះមានអនាម័យខ្ពស់ និងហាត់ប្រាណជាប្រចាំ ទើបមិនងាយឈឺថ្កាត់។
ផ្អាកការជួបជុំនិងកម្មវិធីផ្សេងៗ
ដាក់គម្លាតខ្លួនឯងឲ្យឆ្ងាយពីទំនាក់ទំនងដោយការជួបមុខផ្ទាល់មួយរយៈសិន ហើយងាកមកចំណាយពេលវេលា ជជែកគ្នាលេង ញ៉ាំអាហារ បង្កើតភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារឲ្យបានកាន់តែច្រើន។
កាត់បន្ថយការប្រើប្រាស់បណ្តាញសង្គម
អ្នកអាចរក្សាទំនាក់ទំនងនិងសួរសុខទុក្ខមិត្តភ័ក្តិ បងប្អូនសាច់ញាតិ តាមរយៈការខលមើលមុខគ្នាជាដើម។ យ៉ាងណាកុំភ្លេចថា គួរទុកពេលវេលាសម្រាប់ធ្វើរឿងអ្វីផ្សេង ក្រៅពីអង្គុយចុចអូសចុះឡើងសម្លឹងតែទូរសព្ទ ព្រោះការធ្វើបែបនេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពភ្នែកប៉ុណ្ណោះទេ ថែមទាំងអាចបណ្តាលឲ្យអ្នកកាន់តែស្ត្រេសលើសដើម។
ធ្វើរឿងសប្បាយៗនៅផ្ទះដោយខ្លួនឯង
នៅផ្ទះមិនមែនមានន័យថាអផ្សុកគួរឲ្យធុញដូចដែលអ្នកបានគិតនោះទេ។ អ្នកមានឱកាសធ្វើរឿងជាច្រើនដែលខ្លួនចូលចិត្ត ដូចជាមើលរឿង ស្តាប់ចម្រៀង អានសៀវភៅ ថែសួនផ្កា និងរៀបចំតុបតែងបន្ទប់ជាដើម។
បើកចិត្តទូលាយ ចេះឲ្យតម្លៃនៃការខិតខំលះបង់របស់អ្នកដទៃ
អ្វីដែលពិបាកក្នុងការទប់ស្កាត់ ទោះបីជាអ្នករអ៊ូរទាំ អង្គុយចាំតែបន្ទោសក៏គ្មានបានផលអីមកវិញដែរ។ មានតែការបើកចិត្តទូលាយ និងគោរពឲ្យតម្លៃ ចំពោះការខិតខំលះបង់ របស់ក្រុមគ្រូពេទ្យ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមចំណែក សង្កេត តាមដានព្យាបាលនិងចាត់វិធានការផ្សេងៗ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩៕
ចុចអានបន្ត៖
របស់ចាំបាច់ ៥ យ៉ាង គួរដាក់ក្នុងកាបូបយកតាមខ្លួនជានិច្ច ដើម្បីការពារកូវីដ១៩
វិធីបង្ការយ៉ាងមានប្រសិទ្ធភាពសម្រាប់មនុស្សចាស់ចៀសឆ្ងាយពី Covid-19