តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?

  • 2020-03-17 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​តែ​នៅ​​កម្ពុជា សូម្បី​​តាម​បណ្តា​ប្រទេស​ទំនើប​​ធំៗ​មួយ​ចំនួន​លើ​សកល​លោក​ ក៏​នៅ​តែ​មិន​អាច​ទប់​ស្កាត់​ជំងឺ​រាតត្បាត កូវីដ១៩ បាន​​ដោយ​ងាយ​​​ឡើយ។ បូក​រួម​ទាំង​អ្នក​វិទ្យាសាស្ត្រ​និង​វេជ្ជបណ្ឌិត​ជំនាញ​ជា​ច្រើន​ទៀត​ ក៏​​មិន​ទាន់​អាច​ស្វែង​រក​ពី​មូលហេតុ​ពិត​ប្រាកដ​ ដែល​បណ្តាល​ឲ្យ​កើត​វីរុស​មួយ​នេះ​ដែរ។

យោង​តាម​តួ​លេខ​ក្នុង​រយៈ​ពេល​ ៣​ខែ​កន្លង​មក​បាន​បង្ហាញ​ថា​មាន ៨០​% នៃ​អ្នក​ឆ្លង​វីរុស ដែល​ស្ថិត​ក្នុង​កម្រិត​ស្រាល​ឬ​មធ្យម ហើយ​ប្រមាណ​ ១៥% ស្ថិត​ក្នុង​កម្រិត​​ធ្ងន់ធ្ងរ (តម្រូវ​ឲ្យ​សម្រាក​ក្នុង​មន្ទីរពេទ្យ) និង​ប្រមាណ​ ៥% ផ្សេង​ទៀត ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង (រហូត​ចូល​ដល់​​ជំងឺ​ផ្លូវ​ដង្ហើម ឬ​ចុះ​ខ្សោយ​​សរីរាង្គ​ជាដើម)។ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បង្ហាញ​ទៀត​ថា មាន​មនុស្ស​ប្រមាណ​ ៣% នៃអ្នកឆ្លង​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​ស្លាប់ដោយ​សារ​ជំងឺ កូវីដ១៩។

យ៉ាង​ណា​​មិញ កុំ​ទាន់​អាល​ភ័យ​តក់ស្លុត​ខ្លាំង​ពេក ប្រសិន​បើ​អ្នក​​​មាន​សុខភាព​ល្អ​រឹងមាំ​ និង​ចេះ​​ប្រុង​ប្រយ័ត្ន​ការពារ​​ត្រឹម​ត្រូវ។ ចង់​ដឹង​កាន់​តែ​ច្បាស់​ថា​នរណា​ខ្លះ ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ប្រឈម​នឹង​ជំងឺ កូវីដ១៩? ទៅ​មើល​ចំណុច​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

មនុស្ស​ចាស់៖ សម្រាប់​អ្នក​ដែល​មាន​អាយុ​លើស​ពី​ ៦០​ ឡើង​ទៅ គឺ​មាន​ហានិភ័យ​​ខ្ពស់ក្នុង​ការ​ឆ្លង​កូវីដ១៩ (យោង​តាម WHO)។ អ្នក​ដែល​មាន​អាយុ​លើស​ពី​៨០​ឆ្នាំ មាន​អត្រា​ស្លាប់​ខ្ពស់​បំផុត (យោង​តាម​អត្រា​នៃ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​ចិន​)។ ហេតុ​នេះ​ហើយ​​មជ្ឈមណ្ឌល​ទប់​ស្កាត់​និង​ការពារ​ជំងឺ (CDC) បាន​ណែនាំ​ឲ្យ​អ្នក​មាន​​វ័យ​ចំណាស់ ត្រូវ​​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​​ដែល​មាន​មនុស្ស​ច្រើន និង​ជៀស​វាង​​ការ​ធ្វើ​ដំណើរ​កម្សាន្ត​​​ដែល​មិន​ចាំ​បាច់​នានា។

កូន​ក្មេង៖ ជា​ទូទៅ​​សម្រាប់​​ក្មេង អាច​ពិបាក​នឹង​សង្កេត​មើល​​ដឹង នៅ​ពេល​ដែល​បាន​​​ឆ្លង​វីរុស​មួយ​នេះ។ យ៉ាង​ណា​ក្តី ពួក​គេ​​មាន​ភាគរយ​ទាប​នឹង​វិវឌ្ឍ​ទៅ​កាន់​កម្រិត​ធ្ងន់ធ្ងរ​ឬ​ការ​ស្លាប់។

អ្នក​ស្រាវជ្រាវ​​ក៏​បាន​​​ព្យាយាម​សិក្សា​​បន្ថែម​​​ដែរ​លើ​ករណី​​នេះ​​។ អាច​មក​ពី​សួត​របស់​ក្មេង​មិន​ងាយ​នឹង​ទទួលការ​ឆ្លង​មេរោគ ឬ​​ដោយ​សារ​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​​នៅ​ខ្លាំង​រឹងមាំ ប៉ុន្តែ​​ពួក​គេ​អាច​ផ្ទុក​វីរុស និង​ធ្វើ​ការ​ចម្លង​ទៅ​កាន់​ក្មេងៗ​ដទៃ បន្ទាប់​មក​ឪពុកម្ដាយ និង​អ្នក​មើល​ថែរក្សា​ផង​ដែរ។ មូល​ហេតុ​​ទាំង​នេះ​ហើយ ដែល​ក្មេងៗ​ត្រូវ​តែ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ដូច​ជា​មនុស្ស​ធំ ហើយ​សាលារៀន​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន។

​​​​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​ស្រាប់​៖ អ្នក​ដែល​មាន​ជំងឺ​ដូច​ជា លើស​ឈាម ជំងឺ​ក្រលៀន មហារីក ឬ​ទឹក​នោម​ផ្អែម មាន​អត្រា​ខ្ពស់​ក្នុង​ការ​ឆ្លង​​ ឈាន​ចូល​កម្រិត​ធ្ងន់ ឬ​ស្លាប់​ដោយ​សារ កូវីដ១៩។ CDC បាន​ណែនាំ​ឲ្យ​អ្នក​មាន​ជំងឺ​ប្រមាណ​មុខ​​នេះ​ប្រចាំ​កាយ គួរ​សម្រាក​នៅ​ផ្ទះ​​ឲ្យ​បាន​ល្អ​បំផុត និង​ទិញ​ថ្នាំ​ទុក​សាគួរ​ឲ្យ​បាន​គ្រប់គ្រាន់។

មនុស្ស​ទូទៅ៖ ភាគ​ច្រើន​អ្នក​ដែល​មាន​វ័យ​ក្មេង​និង​មាន​សុខភាព​ល្អ ទោះ​បី​ឆ្លង​ក៏​មិន​អាច​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ដែរ ប៉ុន្តែ​ដរាប​ណា​​មាន​វីរុស​ក្នុង​ខ្លួន​ហើយ អ្នក​អាច​បញ្ជូន​យ៉ាង​ងាយ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​​គ្រប់​គ្នា ត្រូវ​សម្រាក​នៅ​​ផ្ទះ​សិន​​ ​បើ​មាន​អារម្មណ៍​​ថា​មិន​ស្រួល​ខ្លួន​។ ថ្វីត្បិត​តែ​តួ​លេខ​​នៃ​ការ​ឆ្លង​មិន​អាច​​ថយ​ចុះ​ពិត​មែន​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​​យើង​ទាំង​អស់​គ្នា ​គួរ​ចូលរួម​ដើម្បី​ទប់​ស្កាត​ការពារ​មិន​ឲ្យ​វីរុស​​រីក​រាល​ដាល​កាន់តែ​ខ្លាំង។

ការ​ការពារ ​កាត់​បន្ថយ​ប៉ះពាល់​របស់​របរ​នៅ​ទី​សាធារណ​​​​​ ផ្អាក​ពិធី​ជួបជុំ​ផ្សេង​ៗ​ ស្តាប់​ទៅ​ហាក់​បី​ដូច​ជា​មិន​អាច​ទៅ​រួច ប៉ុន្តែ​ប្រសិន​​បើ​គ្រប់គ្នា​ចូលរួម​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ អ្នក​ក៏​​​ក្លាយ​ជា​ចំណែក​​ដ៏​សំខាន់​​​ក្នុង​​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​មួយ​នេះ​ដែរ៕​​​​​

ចុចអានបន្ត៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ដេត ឈុនអ៉ី