វិធី​ ៥ យ៉ាង​សំខាន់ៗ ការពារ​កុមារ​ពី​មេរោគ​គ្រប់​ប្រភេទ ​ប៉ា​ម៉ាក់​គួរ​យល់​ដឹង

  • 2020-03-13 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ា​ម៉ាក់​គ្រប់​​រូប​ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ហើយ​ថា​ កុមារ​មាន​ការ​ប្រឈម​​ខ្ពស់​ទៅ​នឹង​ការ​ប៉ះ​ពាល់​នូវ​មេរោគ​នានា​នៅ​តាម​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ម៉្យាង​វិញ​​ទៀត​ ពួក​គេ​​មិន​ទាន់​ដល់​វ័យ​ដែល​អាច​​យល់​ច្បាស់​ពី​ការ​រស់​នៅ​ស្អាត ឬ វិធី​បង្ការ​មេរោគ​ដោយ​ខ្លួន​ឯង​នៅ​ឡើយ។ ដូច្នោះ​ហើយ​ អាណាព្យាបាល​គួរ​យល់​ដឹង និង​ ប្រកាន់​ឱ្យ​បាន​​ខ្ជាប់​ខ្ជួន​នូវ​វិធី​បង្ការ​កុមារ​ពី​មេរោគ​ ដែល​មាន ៥ ចំណុច​សំខាន់ៗ៖

១. នាំ​កុមារ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ

រូបតំណាង

វិធី​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​កុមារ​មិន​ឱ្យ​ឆ្លង​នូវ​ជំងឺ​នានា​ គឺ​ការ​នាំ​ពួក​គេ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​។ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូចៗ អាច​យក​កូន​របស់​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ពេល​ពួក​គេ​មាន​អាយុ​ចាប់​ពី​ ៦ខែ​ឡើង​ទៅ។ វ៉ាក់សាំង​ចំពោះ​កុមារ​ហាក់​បី​ដូច​ជា​ការ​ពាក់​ខ្សែ​ក្រវ៉ាត់​ពេល​បើក​បរ​នៅ​តាម​ដង​ផ្លូវ​ដូច្នោះ​ដែរ គឺ​អ្នក​មិន​ដឹង​ពេល​ណា​អាច​កើត​មាន​ឧប្បត្តិហេតុ​មិន​ល្អ​ឡើយ ដូច្នេះ​​វា​អាច​​នឹង​ជួយ​សង្រ្គោះ​ជីវិត​អ្នក​នៅ​ថ្ងៃ​ណា​មួយ​ក៏​ថា​បាន។

២. បង្រៀន​កូន​កុំ​ឱ្យ​ប៉ះ​ផ្ទៃ​មុខ

រូបតំណាង

មេរោគ​អាច​ចម្លង​លឿន​បំផុត​តាម​រយៈ​ការ​ប៉ះ​បរិវេណ​មុខ​មួយ​​ចំនួន​ដូច​ជា ភ្នែក ច្រមុះ និង មាត់​។ ដើម្បី​ឱ្យ​កុមារ​ទម្លាប់​ខ្លួន​បាន​ល្អ​ពេល​ធំ​ឡើង ប៉ា​ម៉ាក់​គួរ​តែ​ព្យាយាម​បង្ហាត់​បង្រៀន​ពួក​គេ​តាំង​ពី​តូច។ អ្នក​គួរ​ពន្យល់​ប្រាប់​ពួក​គេ​ពី​ផល​វិបាក​នៃ​មេរោគ​ដែល​អាច​កកើត​ឡើង​តាម​រយៈ​ការ​ប៉ះ​ពាល់​ចំណុច​សំខាន់ៗ​ទាំង​៣​នៃ​ផ្ទៃ​មុខ។

៣. ទម្លាប់​ឱ្យ​កូន​ឧស្សាហ៍​លាង​ដៃ

រូបតំណាង

ក្មេងៗ​ភាគ​ច្រើន​ចូល​ចិត្ត​យក​ដៃ​ទៅ​លេង​ ឬ ប៉ះ​របស់​របរ​គ្រប់​ប្រភេទ​តែ​ម្តង ព្រោះ​ពួក​គេ​មិន​បាន​យល់​ដឹង​ថា​របស់​ណា​គួរ​លេង ឬ មិន​គួរ​នោះ​ឡើយ ហើយ​ប៉ា​ម៉ាក់​ក៏​ពិបាក​ធ្វើ​ការ​ហាម​ឃាត់​ពួក​គេ​ណាស់​ដែរ។ ដូច្នេះ វិធី​ម៉្យាង​ទៀត​ដែល​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​នូវ​មេរោគ​មក​លើ​កូនៗ​ជា​ទី​ស្រឡាញ់ នោះ​ប៉ា​ម៉ាក់​អាច​​ទម្លាប់​កូន​របស់​លោក​អ្នក​ឱ្យ​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​គ្រប់​ពេល​ជាមួយ​សាប៊ូ​ ឬ ជែល​លាង​ដៃ​ឱ្យ​បាន​ត្រឹម​ត្រូវ ជាពិសេស​ក្រោយ​ពី​ពួក​គេ​បាន​ប៉ះ ឬ លេង​នូវ​របស់​របរ​នៅ​ទី​សាធារណៈ។

៤. ប៉ា​ម៉ាក់​គួរ​មាន​ប្រដាប់​វាស់​កម្តៅ​នៅ​ជាប់​ខ្លួន​ជានិច្ច

រូបតំណាង

ដូច​ដែល​ប៉ាម៉ាក់​មួយ​ចំនួន​បាន​ជ្រាប​ហើយ ក្មេង​តូចៗ​គឺ​ឧស្សាហ៍​ជួប​ប្រទះ​នូវ​ជំងឺ​គ្រុន​ផ្ដាសាយ ឬ គ្រុន​ក្តៅ​ជាដើម ហើយ​វា​អាច​វិវត្ត​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បើ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ជូន​កូន​ទៅ​ពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល។ ហេតុ​ដូចនេះ​ហើយ អាណាព្យាបាល​គ្រប់​រូប​គួរ​តែ​មាន​ប្រដាប់​វាស់​កម្តៅ​ជាប់​កាយ ដើម្បី​តាមដាន​ពី​ស្ថានភាព​សុខភាព​កុមារ​បាន​យ៉ាង​ងាយ​ស្រួល​ និង ឆាប់​រហ័ស​ទាន់​ចិត្ត​ ព្រម​ទាំង​អាច​ជៀសវាង​ពី​បញ្ហា​នានា​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ទុក​ឱ្យ​អាការៈ​កុមារ​រាំ​រ៉ៃ​ក្នុង​រយៈពេល​យូរ​ពេក។

៥. យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​របស់​កុមារ​

រូបតំណាង

ជា​ទូទៅ ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​​របស់​កុមារ​មាន​សភាព​ខ្សោយ​ជាង​មនុស្ស​ធំ​ដឹង​ក្តី​ ជាហេតុ​បណ្តាល​ឱ្យ​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ​ជា​ញឹកញាប់​។ ហេតុ​ដូច​នេះ​ហើយ ​ជៀសវាង​មាន​ការ​លំបាក​ក្នុង​ការ​មើល​ថែ​ពេល​កូន​ឈឺ​ម្តងៗ ប៉ា​ម៉ាក់​គួរ​បូក​បន្ថែម​នូវ​អាហារ​សុខភាព​នៅ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូនៗ​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន ស៊ុប​មាន់ យ៉ាអួ វីតាមីន C និង​ ផ្កា​ខាត់ណា ​ខៀវ​​ជាដើម។ លើស​ពី​នេះ ប៉ាម៉ាក់​ក៏​គួរ​ដាក់​កំហិត​លើ​ការ​បរិភោគ​នូវ​អាហារ ឬ ភេសជ្ជៈ​កំប៉ុង​ដែល​មិន​សូវ​សម្បូរ​នូវ​សារធាតុ​ចិញ្ចឹម​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​ការពារ ឬ រាង​កាយ​របស់​កុមារ​ឡើយ៕

រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ អ្នកអាចកើតវីរុសកូវីដ-១៩ ដោយមិនដឹងខ្លួន បើមានអាការៈដំបូងៗទាំងនេះ

ប្រភព៖ webmd | Today ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម