បើចង់ដឹងនរណាចិត្តល្អឬអាក្រក់ អាចមើលតាមលក្ខណៈ៤យ៉ាងនេះគឺច្បាស់តែម្តង

  • 2020-01-15 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មនុស្ស​​ចិត្ត​ល្អ ​មិន​អាច​មើល​ដឹង​តាម​រយៈ​សម្បក​ក្រៅ​ឡើយ។ ​ខាង​ក្រោម​នេះ ​ជួយ​អ្នក​វិនិច្ឆ័យ​បាន​ថា ​មនុស្ស​បែប​​​ណា ​​ជា​មនុស្ស​ចិត្ត​ល្អ​។

រូបតំណាង

**​១. ​មិន​ឆ្លៀត​​កេង​ចំណេញ​​​ពី​អ្នក​ដទៃ**

​​នៅ​លើ​បណ្ដាញ​សង្គម​មាន​នារី​ម្នាក់​បាន​ចែក​រំលែក​រឿង​របស់​ខ្លួន​ថា៖ ​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​បាន​រៀប​ការ ​ហើយ​នាង​ក៏​​ចង​​ដៃ​ចំនួន ១០០​ដុល្លារ។ ​ប៉ុន្តែ​នៅ​ពេល​នារី​ម្នាក់​នេះ​រៀបការ​វិញ ​មិត្ត​​របស់​នាង​​ចង​ដៃ​​ត្រឹម​ចំនួន ​៥០​ដុល្លារ។ ​

​​រឿង​រ៉ាវ​នេះ​បាន​ល្បី​សុសសាយ​យ៉ាង​ខ្លាំង ​ហើយ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ចោទ​សួរ​ថា ​ក្នុង​នាម​ជា​មិត្ត​ជិត​ស្និទ្ធ ​តើ​អាច​ធ្វើ​ដាក់​គ្នា​បែប​នេះ​ដែរ​ឬ​? ដោយសារ​តែ​ខ្លួន​ឯង​រៀប​ការ​រួច ​ទើប​មិន​អើ​ពើ​បែប​នេះ​ឬ​? ​បើ​​តាម​ប្រពៃណី​ចិន ​ពេល​គ្រួសារ​ណា​រៀប​មង្គលការ មិន​ថា​ភ្ញៀវ​ឬ​មិត្ត​ភក្កិ​​​គួរ​តែ​ចូល​រួម​អបអរ​សាទរ និង​​​រៀប​ចំ​​ចំ​ចំណង​ដៃ​តាម​ចំនួន​ដូច​គ្នា​ឲ្យ​​ទៅ​អ្នក​ចូល​រួម​ដែរ ​នៅ​ពេល​ពួក​គេ​រៀប​ការ​វិញ​។

លក្ខណៈ​សម្បត្តិ​របស់​មនុស្ស​​ចិត្ត​​ល្អ​ ​មិន​​ឆ្លៀត​កេង​ចំណេញ​​ពី​អ្នក​ដទៃ​ឡើយ ​មិន​ថា​ក្នុង​ស្ថានភាព ​ឬ​កាលៈទេសៈ​បែប​ណា​​ក៏​ដោយ។

រូបតំណាង

​២. ​យក​ចិត្ត​គេ​ ដាក់​ចិត្ត​ខ្លួន​ឯង

​​​​​​​​​មាន​គូស្នេហ៍​មួយ​គូ ​​ខាង​ប្រុស​ជា​​មនុស្ស​​ចូល​ចិត្ត​ញ៉ាំ​​ទុ​រេន ​ចំណែក​​ខាង​ស្រី​​វិញ​​​ជា​មនុស្ស​គ្រាន់​តែ​ធុំ​ក្លិន​ទុរេន​ក៏​រក​កល​ចង់​ក្អួត​ដែរ។ ​នៅ​ពេល​ពួក​គេ​រៀប​ការ​​ជាមួយ​គ្នា​អស់​​ពេល​ជាង​១០​ឆ្នាំ ​ប្រពន្ធ​បាន​ទៅ​ផ្សារ​​ទិញ​ផ្លែ​ឈើ ហើយ​ឃើញ​ទុរេន​ក៏​ទិញ​យក​មក​ឲ្យ​ប្តី ​ទោះ​​នាង​​ទ្រាំ​ស្ទើរ​មិន​ចង់​បាន​នឹង​ក្លិន​វា​ក៏​ដោយ​។ ​ដោយសារ​​ប្តី​ដឹង​ថា ​ប្រពន្ធ​ចាញ់​ក្លិន​ផ្លែ​នេះ ​គាត់​ក៏​យក​វា​ទៅ​ញ៉ាំ​នៅ​ក្រៅ​ផ្ទះ។

​​​មនុស្ស​ចិត្ត​ល្អ ​មិន​ដែល​ចាត់​ទុក​ខ្លួន​ឯង​​ស្ថិត​នៅ​ចំ​កណ្ដាល​ទេ ​ប៉ុន្តែ​ពួក​គេ​​ដឹង​ពី​របៀប​ដាក់​ខ្លួន​ឯង​ក្នុង​ទី​តាំង​មួយ​ដែល​ចេះ​គិត​ពី​អ្នក​ដទៃ​។

៣. ​ដឹង​គុណ​

​មនុស្ស​ល្អ​នឹង​មិន​​រមិល​គុណ​លើ​អ្នក​ដែល​បាន​ជួយ​ពួក​គេ​ទេ។ ​​ពួក​គេ​មិន​ដែល​ធ្វើ​ភ្លេច ​និង​តែង​ចងចាំ​​​ហើយ​​ពេល​ខ្លះ​ថែម​ទាំង​មាន​​អំណោយ​បន្តិច​បន្តួច​សម្រាប់​អ្នក​ដែល​បាន​ជួយ​ពួក​គេ​ថែម​ទៀត។

រូបតំណាង

៤. ​ចេះ​អត់ធ្មត់

​​​ព្រះ​រាជា​ Han ​ក្នុង​សម័យ​រាជវង្ស​របស់​ចិន បាន​សព្វ​ព្រះ​ទ័យ​ចង់​អាន​សៀវ​ភៅ​នៅ​ពេល​យប់។ ​ទ្រង់​បាន​បង្គាប់​ឲ្យ​ទាហាន​​ម្នាក់​កាន់​ចង្កៀង​ដើម្បី​បំភ្លឺ។ ​តែ​ចៃ​ដន្យ ​ទាហាន​នោះ​មិន​ប្រយ័ត្ន​ក៏​​​ប៉ះ​សក់​​​របស់​ទ្រង់​បណ្ដាល​ឲ្យ​ឆេះ​អស់​បន្តិច។ ​​​​​

នៅ​​ថ្ងៃ​បន្ទាប់ ​ព្រះ​រាជា Han ​ទ្រង់​ចង់​អាន​សៀវ​ភៅ​​​ទៀត ​តែ​ថ្ងៃ​នេះ​ទ្រង់​មិន​ឃើញ​ទាហាន​ដដែរ​មក​កាន់​ចង្កៀង​ឡើយ ​គឺ​ឃើញ​​អ្នក​ផ្សេង។ ​ទ្រង់​បាន​សួរ​ទៅ​​អ្នក​​ក្រោម​បង្គាប់ ​ហើយ​ពួក​គេ​ឆ្លើយ​ថា ​បាន​​​ប្ដូរ​អ្នក​ផ្សេង​ហើយ ​ដោយសារ​​ទាហាន​នោះ​បាន​សាង​កំហុស។ ​លឺ​បែប​នេះ ​ព្រះ​រាជា​ក៏​ត្រាស់​បង្គាប់​ហៅ​ទាហាន​នោះ​ឲ្យ​ត្រលប់​​មក​វិញ ​និង​មាន​បន្ទូល​ថា ​ទ្រង់​ចង់​ចេះ​ពី​របៀប​អុជ​ភ្លើង​យ៉ាង​​ណា​កុំ​ឲ្យ​ឆេះ​មនុស្ស​។ ​

​​​​​ក្នុង​ស្ថានភាព​​បែប​នេះ​ ​បើ​សិន​ជា​​កូន​ទាហាន​នោះ​ត្រូវ​គេ​បណ្ដេញ​ចេញ ​គាត់​ច្បាស់​ជា​ត្រូវ​ទទួល​រង​ទារុណ​កម្ម​យ៉ាង​​លំបាក ​ហើយ​មិន​អាច​អភិវឌ្ឍ​ខ្លួន​ឯង​បាន​ថែម​ទៀត​នៅ​ពេល​ក្រោយ​។ ព្រះ​រាជា Han ​មិន​មែន​ជា​ស្តេច​គ្មាន​បេះ​ដូង​សុខ​ចិត្ត​បណ្ដោយ​ឲ្យ​កំហុស​តិច​តួច​បំផ្លាញ​អនាគត​របស់​កូន​ទាហាន​ម្នាក់​នោះ​ទេ។ ​ ​នៅ​ពេល​កូន​ទាហាន​ផ្សេង​ទៀត​បាន​ដឹង​រឿង​នេះ ​គ្រប់​គ្នា​កោត​ស្ញប់​ស្ញែង​នឹង​ការ​អត់​ធ្មត់​របស់​ព្រះ​រាជា​ Han ​ខ្លាំង​ណាស់ ​ពិសេស​​គឺ​ក្ដី​ករុណា​របស់​ទ្រង់​តែ​ម្ដង។

​​នា​ម​ជា​មេ​គេ ការ​មាន​ចិត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​​គឺ​ជា​គតិ​បណ្ឌិត​ខ្ពង់​ខ្ពស់​ ហើយ​ការ​មាន​ចិត្ត​ល្អ​តែង​​​តែ​បន្សល់​នូវ​ការ​តប​ស្នង​​មក​វិញ​​នូវ​ការ​ពេញ​ចិត្ត​របស់​អ្នក​ដទៃ​។ ​

​​

អានបន្ត៖ ​ រៀនមើលចិត្តមនុស្ស តាមរយៈការតាមដានលើលក្ខណៈ ៧ យ៉ាង

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម