មនុស្ស ៥​ប្រភេទ ដែល​តែង​​ជួប​រឿង​ពិបាក​ចិត្ត ​​ខូច​ចិត្ត​ច្រើន​ជាង​អ្នក​ដទៃ

  • 2020-01-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុគ្គល​ ៥​ប្រភេទ​ខាង​ក្រោម​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​រង​ការ​ពិបាក​ច្រើន​​ជាង​បុគ្គល​ទូទៅ។ ពួក​គេ​​មាន​និស្ស័យ​ល្អ​ពី​កំណើត ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​​ពួក​គេ​គឺ​ខ្វះ​ជំហរ​ការពារ​ខ្លួន​ឯង ដែល​​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឆាប់​រង​សម្ពាធ។

១. មនុស្ស​ចិត្ត​ល្អ​​ពេក

អ្នក​ដែល​ចូល​ចិត្ត​បង្ហាញ​ទឹក​ចិត្ត​ល្អ ទន់​ភ្លន់ រួម​​ទាំង​ការ​ឱន​លំទោន​ចំពោះ​អ្នក​ដទៃ ច្រើន​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​​មើល​ឃើញ​ថា​ជា​មនុស្ស​ល្អ​ និង​អាច​ពឹង​ពាក់​បាន ដូច្នេះ​ហើយ​មាន​មនុស្ស​មិន​តិច​ទេ ដែល​តែង​ចូល​ចិត្ត​សុំ​ជំនួយ​ពី​បុគ្គល​ប្រភេទ​នេះ។ ពេល​ខ្លះ​ដោយ​សារ​ខ្លួន​ជា​មនុស្ស​ចិត្ត​ល្អ ហើយ​ពិបាក​បដិសេធ​ ខ្លាច​អ្នក​ដទៃ​ខូច​ចិត្ត វា​ក៏​បែរ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​ចិត្ត​​ទៅ​វិញ។​

២. មនុស្ស​ត្រចៀកស

មនុស្ស​ប្រភេទ​នេះ នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ងាយ​​​បង្វិល​​បាន មិន​ថា​​អ្នក​ណា​និយាយ​អ្វី គឺ​ដឹង​តែ​ងាក​រេ​តាម​​គេ​គ្រប់​យ៉ាង រហូត​ពេល​ខ្លះ​ក៏​ត្រូវ​ខុស​ឆ្គង នាំ​ការ​លំបាក​ឲ្យ​ខ្លួន​ឯង ក៏​ដូច​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន​ទៀត ដោយ​សារ​ជឿ​សម្ដី​អ្នក​ដទៃ​ខ្លាំង​ពេក។

៣. អ្នក​ខ្វល់​តែ​ពី​អារម្មណ៍​អ្នកដទៃ

មាន​មនុស្ស​មិនតិច​ទេ ដែល​មាន​ចរិត​ចូល​ចិត្ត​ Care ពី​អារម្មណ៍​អ្នក​ដទៃ រហូត​លួច​ធ្វើ​បាប​អារម្មណ៍​របស់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន។ គុណវិបត្តិ​សម្រាប់​មនុស្ស​ក្រុម​នេះ គឺ​តែង​មើល​ឃើញ​តម្លៃ​នៃ​អារម្មណ៍​អ្នក​នៅ​ជុំវិញ​ខ្លួន ច្រើន​ជាង​ខ្លួន​ឯង។ មនុស្ស​បែប​នេះ​អាច​នឹង​ឆាប់​ពិបាក​ចិត្ត នៅ​ពេល​មាន​អ្នក​ត្រូវ​ការ​អ្វី​ដែល​ខ្លួន​​មិន​អាច​ផ្ដល់​​ឲ្យ​គេ​បាន ហើយ​ចុង​ក្រោយ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខុស ទាំង​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ។

៤. អ្នក​ពូកែ​ក្រែង​ចិត្ត​អ្នក​ដទៃ

ការ​ជា​មនុស្ស​ប៉ិន​ក្រែង​ចិត្ត​អ្នក​ដទៃ​ខ្លាំង​ពេក ច្រើន​តែ​ត្រលប់​មក​ធ្វើ​បាប​ខ្លួន​ឯង​វិញ​ជា​ញឹកញាប់ ព្រោះ​ការ​ដែល​មិន​ចេះ​និយាយ​បដិសេធ​ខ្លះ និង​ការ​ដែល​រវល់​តែ​ខ្លាច​អ្នក​ដទៃ​អារម្មណ៍​មិន​ល្អ នេះ​ហើយ​គឺ​ជា​ការ​​កសាង​​ការ​ពិបាក​ក្នុង​ចិត្ត​របស់​ខ្លួន។ ជា​ពិសេស​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​តាម​ចិត្ត​អ្នកដទៃ បើ​ទោះ​បី​ជា​អ្វី​ដែល​ខ្លួន​មិន​យល់​ស្រប ហើយ​មិន​​ហ៊ាន​​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ឲ្យ​គេ​ដឹង​ទៀត។

៥. មនុស្ស​ចិត្ត​ទន់

ជា​មនុស្ស​ដែល​តែង​ត្រូវ​គេ​ធ្វើ​បាប​ផ្លូវ​ចិត្ត​ជា​ញឹក​ញាប់ ព្រោះ​តែ​ភាព​ចិត្ត​ទន់ និង​ចរិត​ឆាប់​ខឹង ឆាប់​បាត់ រហូត​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ចំណុច​ខ្សោយ និង​បែរ​យក​ចំណុច​ខ្សោយ​នោះ​មក​ប្រើ​ជា​ឧបករណ៍​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍។

អ្វី​ក៏​ដោយ​ដែល​លើស​ពេក​គឺ​មិន​ដែល​ល្អ​ទេ។ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ ក៏​ប៉ុន្តែ​ក៏​ត្រូវ​ចេះ​បត់បែន ចេះ​ទទួល​​ស្គាល់​ការ​ពិត ថា​ជីវិត​យើង​តែ​មួយ​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​នោះ​ទេ ៕

ចុចអាន៖

ប្រភព៖ goodlifeupdate ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម