ចិត្តទន់ពេកគេធ្វើបាប! ៧វិធីផ្លាស់ប្ដូរខ្លួនពីមនុស្សចិត្តទន់ឲ្យក្លាយជាមានជំហររឹងមាំ
- 2018-03-14 04:20:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តទន់ពេកគេធ្វើបាប! ៧វិធីផ្លាស់ប្ដូរខ្លួនពីមនុស្សចិត្តទន់ឲ្យក្លាយជាមានជំហររឹងមាំ
ខាងក្រោមនេះ កញ្ញា នឹងបង្ហាញពីវិធី៧យ៉ាងដើម្បីផ្លាស់ប្ដូរចរិតដែលឆាប់ចិត្តទន់ ឲ្យក្លាយមកជាអ្នកដែលមានជំហររឹងមាំ ដើម្បីការពារខ្លួនពីការធ្វើបាបផ្លូវចិត្ត និងកេងចំណេញពីមនុស្សមានបំណងអាក្រក់ទាំងឡាយ៖
**១. ឈប់ជឿសម្ដីរបស់អ្នកណាងាយៗ**
ពេលខ្លះការដែលយើងមានចរិតឆាប់ជឿគេពេក ឬតាមពុតគេមិនទាន់នេះហើយ ដែលជាចំណុចធ្វើឲ្យអ្នកត្រូវធ្វើបាបរហូតត្រូវគ្រាំគ្រាចិត្ត ហើយទម្រាំដឹងខ្លួនក៏ត្រូវខូចខាតទាំងផ្លូវអារម្មណ៍ ព្រមទាំងមិត្តភាពល្អៗទៅជាមួយគ្នា។ យកល្អ អ្នកគួរឈប់ជឿសម្ដីអ្នកណាងាយៗ និងសាកល្បងពិចារណាឲ្យបានល្អសិន ព្រោះបើមិនដូច្នោះទេ អ្នកអាចនឹងក្លាយជាមនុស្សចិត្តទន់ដែលងាយឲ្យអ្នកដទៃធ្វើបាបមិនចេះចប់មិនចេះហើយ។
២. វាយតម្លៃគ្រប់យ៉ាងតាមទង្វើ
ប្រយោគដែលថា “ទង្វើសំខាន់ជាងសម្ដី” គឺនៅតែអាចប្រើបាននៅគ្រប់ស្ថានការណ៍ក៏ថាបាន ដូច្នេះហើយបើសិនមិនចង់ក្លាយជាមនុស្សចិត្តទន់ដែលអ្នកណានិយាយអ្វីក៏ជឿស្លុង ចូរប្រើសតិដែលខ្លួនមានពិចារណាឲ្យបានល្អ និងសម្លឹងមើលហេតុការណ៍ខាងមុខឲ្យបានល្អិតល្អន់មុនដាក់ចិត្តជឿ ព្រោះមិនថាលទ្ធផលចេញមកយ៉ាងណា យ៉ាងហោចណាស់អ្នកក៏បានជឿដោយមើលតាមកែវភ្នែករបស់ខ្លួន ជាជាងស្ដាប់តាមសម្ដីរបស់អ្នកដទៃ។
៣. ផ្ដោតលើរឿងដែលសំខាន់
ការចេះរៀបលំដាប់ការងារអាទិភាព នឹងជួយឲ្យអ្នកមើលឃើញរឿងដែលមានផលល្អសម្រាប់ជីវិតរបស់អ្នកបានកាន់តែច្រើន និងអាចចាត់ចែងការងារជាមួយខ្លួនឯងបានយ៉ាងកាន់តែងាយស្រួល។ ប្រសិនបើរវល់តែយកខ្លួនទៅរវល់តែជាមួយបញ្ហាដែលមិនមែនជាបញ្ហា ឬរឿងដែលខុសគោលដៅ ក្រៅពីធ្វើឲ្យខាតបង់ពេលវេលាឥតប្រយោជន៍ហើយ វាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់មិនអាចគ្រប់គ្រងស្ថានការណ៍បានទៀតផង។
៤. កាត់រឿងដែលគួរឲ្យរំខានចេញពីជីវិត
ក្នុងមួយថ្ងៃៗនៃជីវិតមនុស្សយើងម្នាក់ៗត្រូវជួបបញ្ហាលំបាកៗផ្សេងៗគ្នាចៀសមិនផុត ដូច្នេះហើយការកាត់រឿងខ្លះដែលមិនសំខាន់ចេញ នឹងអាចជួយធ្វើឲ្យអ្នកបានទទួលក្ដីសុខក្នុងជីវិតកាន់តែច្រើន ហើយនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមិនឆាប់ចិត្តទន់ចំពោះអ្វីមួយងាយៗ។
៥. ចងចាំគ្រប់ទង្វើដែលគេធ្លាប់ធ្វើបាបអ្នក
ការគុំកួនអាចមិនមែនជារឿងល្អឡើយ ប៉ុន្តែសម្រាប់មនុស្សចិត្តទន់ វិធីនេះនឹងធ្វើឲ្យអ្នកមានចិត្តរឹង និងមិនងាយជ្រុលខ្លួនឲ្យគេធ្វើបាបម្ដងហើយម្ដងទៀត។
៦. រៀនបដិសេធខ្លះ
មុននឹងផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាមនុស្សចិត្តរឹងបាន ជំហានដំបូងអ្នកត្រូវចាប់ផ្ដើមពីការហាត់បដិសេធអ្នកដទៃឲ្យចេះសិន ព្រោះបើសិនអ្នកនៅតែរវល់តែតបស្នងនូវតម្រូវការរបស់អ្នកដទៃ ទាំងដែលខ្លួនឯងលំបាកកាយលំបាកចិត្តនោះ អ្នកក៏មិនអាចក្លាយជាមនុស្សមានជំហររឹងមាំពិតប្រាកដសម្រាប់ខ្លួនឯងដែរ។
៧. ដាច់ខាតចំពោះការគិតខ្លួនឯង
ដើមហេតុនៃភាពចិត្តទន់ច្រើនកើតចេញពីការស្ទាក់ស្ទើរ គ្មានភាពដាច់ខាតនៅក្នុងខ្លួន ដែលពេលខ្លះវាក៏ត្រលប់មកធ្វើបាបខ្លួនឯងបានយ៉ាងងាយ។ ដូច្នេះហើយ មុននឹងទៅធ្វើចិត្តរឹងដាក់អ្នកដទៃ អ្នកគួរចាប់ផ្ដើមដាច់ខាតជាមួយការគិតក្នុងខួរក្បាលរបស់ខ្លួនឯងមុនសិនដែរ ៕
ចុចអាន៖
៥គន្លឹះ និយាយស្ដីឲ្យមានមន្តស្នេហ៍ ជឿជាក់ ចង់ទាក់ចិត្តអ្នកណាក៏បាន
គិតបាន ធ្វើបានប៉ុន្មានចំណុចនេះ ទោះក្រក៏រស់នៅបានសុខ និងថ្លៃថ្នូរបំផុត