កុំចាំតែពេលទៅវត្ត មានទង្វើច្រើនយ៉ាងទៀត ដែលអ្នកអាចសាងបុណ្យកុសលរាល់ថ្ងៃ
- 2019-10-07 06:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចាំតែពេលទៅវត្ត មានទង្វើច្រើនយ៉ាងទៀត ដែលអ្នកអាចសាងបុណ្យកុសលរាល់ថ្ងៃ
ជាទូទៅមនុស្សភាគច្រើន ដែលកាន់ព្រះពុទ្ធសាសនា តែងមានផ្នត់គំនិតមួយថា ប្រសិនបើចង់ធ្វើបុណ្យសាងកុសលឲ្យបានច្រើន មានតែការទៅវត្តយកផ្កាថ្វាយព្រះឬចង្ហាន់ប្រគេនព្រះសង្ឃជាដើម។
តាមការពិត ការគិតបែបនេះគឺផ្ទុយស្រឡះ ព្រោះសូម្បីតែទង្វើល្អៗប្រចាំថ្ងៃ ដែលពេលខ្លះអ្នកមើលរំលង ក៏អាចជួយសាងបុណ្យសន្ធឹកសន្ធាប់ ឃើញផលភ្លាមៗមិនចាំដល់ជាតិក្រោយ។
នៅពេលឃើញនរណាម្នាក់កំពុងតែជួបបញ្ហា ត្រូវការសុំជំនួយពីអ្នក កុំដាច់ចិត្តមើលរំលងឲ្យសោះ។ ទោះបីមិនមែនជារឿងធំដុំ សូម្បីតែការជួយមនុស្សចាស់ដើរឆ្លងថ្នល់ ជូនថវិកាទៅឲ្យអ្នកក្រខ្សត់វេទនា ជនពិការ...ក៏បានបុណ្យមិនស្ទើរដែរ។
ពេលមាននរណាម្នាក់រងគ្រោះឈឺចាប់ ហើយត្រូវការសុំមតិយោបល់ពីអ្នក ត្រូវប្រាកដថាអ្នកបានចែករំលែកគំនិតល្អៗដែលមានប្រយោជន៍ និងមិនបំបាក់ទឹកចិត្ត ជាន់ឈ្លីនាំឲ្យរឿងរ៉ាវកាន់តែលេចលង់ជ្រៅជាងមុន។
ពេលទិញទំនិញថោកៗឬតិចតួចពីអ្នកក្រ កុំតថ្លៃខ្លាំងហួសហេតុពេក ព្រោះប្រាក់ចំណេញប្រចាំថ្ងៃរបស់ពួកគេ ជួនកាលមិនស្មើនឹងអ្នកចូលហាងមួយពេលផង។
បើសម្រេចចិត្តថាយកសត្វចិញ្ចឹមមករស់នៅក្នុងផ្ទះជាមួយ ត្រូវមើលថែរក្សាឲ្យបានល្អ។ ថ្វីត្បិតតែពួកគេជាសត្វ ក៏ត្រូវការភាពកក់ក្តៅពីម្ចាស់ មានចំណីអាហារនិងកន្លែងស្នាក់នៅត្រឹមត្រូវ មិនខុសពីមនុស្សឡើយ។
យកចិត្តទុកដាក់ពីសុខទុក្ខរបស់ឪពុកម្តាយ យាយតា ដែលនៅផ្ទះ ទិញនំចំណីដែលគាត់ចូលចិត្តពិសា ធ្វើឲ្យគាត់សប្បាយចិត្តជានិច្ច។
អត់ឱនអភ័យទោសដល់មនុស្សដែលបានដឹងពីកំហុស។
មានសណ្តានចិត្តល្អចំពោះខ្លួនឯងនិងអ្នកដទៃ។
មិនចងគំនុំ ច្រណែនឈ្នានីស ចិត្តចង្អៀត និងប្រកាន់គំនិតអវិជ្ជមានដាច់ខាត។
ចំណាយពេល ៥ នាទី ដើម្បីធ្វើការតាំងសមាធិ ឲ្យចិត្តស្ងប់។
បន្តទង្វើល្អនិងចែករំលែកអំពើល្អទៅកាន់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន៕
ចុចអានបន្ត៖ មនុស្សយើងពេលចាស់ទៅ ស្ដាយក្រោយរឿងអ្វីជាងគេ? ក្មេងៗគួរអានឲ្យហើយ!