មិនស្មានអ្នកតបស្នងក្តីស្រលាញ់ស្មោះរបស់ខ្ញុំ នូវទង្វើឆ្អែតចិត្តដល់ម្លឹង

  • 2019-10-04 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មាន​ច្រើន​ណាស់ មិន​គួរ​ណា​ខ្ញុំ​តស៊ូ​ស្រលាញ់​គេ​ដល់​ថ្នាក់​នេះ​ទេ។ រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ដ៏​ឈឺ​ចាប់​គឺ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ថា ខ្ញុំ​ល្ងង់​ដល់​ថ្នាក់​ហ្នឹង ដើម្បី​មនុស្ស​ប្រុស​ម្នាក់​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ។

គេ​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លាត​ហើយ​រៀន​ពូកែ មក​ពី​គ្រួសារ​ដែល​ធូរធារ​មួយ​ដែរ ។ ប្រវត្តិ​រៀន​សូត្រ​ក៏​ល្អ មិត្តភ័ក្ដិ​ក៏​ជា​ជំពូក​មនុស្ស​ដែល​ចូល​ចិត្ត​រៀន​ទៀត​ផង ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ គេ​ជា​មនុស្ស​អាត្មា​និយម​បំផុត​ដែល​ខ្ញុំ​បាន​ស្គាល់។ គេ​ចិត្ត​ដាច់ គេ​មិន​ខ្វល់​ថា អ្នក​ណា​ឈឺ អ្នក​ណា​យំ​ដើម្បី​គេ​នោះ​ទេ ។​ គេ​គ្រាន់​តែ​និយាយ​មួយ​ម៉ាត់​ថា "គិត​ខ្លួន​ឯង​ទៅ" ហើយ​គេ​ក៏​ចាក​ចេញ។

ចាក​ចេញ​ដោយ​ប្រាប់​​ខ្ញុំ​ថា ​"ឈប់​រញ៉េរញ៉ៃ​នឹង​គេ ហាម​មិន​ឲ្យChatរក​គេ ហាមCallរក​គេ ហើយ​ហាម​ខ្ញុំ​មិន​ឲ្យ​និយាយ​ជាមួយ​គេ​នៅ​នឹង​មុខ​អ្នក​ដទៃ"។ និយាយ​ទៅ គឺ​ធ្វើ​ដូច​អ្នក​ដទៃ​សុទ្ធ​សាធ។ ទទួល​ស្គាល់​ថា គេ​ពិត​ជា​ពូកែ គឺ​ពូកែ​ធ្វើ​ខ្លួន​ជា​មនុស្ស​ពីរ​នាក់​ដាច់​ពី​គ្នា។ ពេល​នៅ​ជាមួយ​ខ្ញុំ​គេ​ធ្វើ​គ្រប់​សព្វ​ដើម្បី​យក​ចិត្ត​​ខ្ញុំ ។ ពេល​នៅ​ក្រៅ គេ​និង​ខ្ញុំ​គឺ​មនុស្ស​មិន​ស្គាល់​គ្នា ហើយ​ក៏​ជា​គេ​ដូច​គ្នា ជា​អ្នក​កំណត់​រឿង​លាក់​ទំនាក់​ទំនង​មួយ​នោះ ។ ក៏​ព្រោះ​តែ​ស្រលាញ់​គេ ខ្ញុំ​ព្រម​តាម​សំណូមពរ​គេ។

ទោះ​ដឹង​ថា​វា​នឹង​ក្លាយ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ព្រម​តាម​គេ​ដ​ដែរ។ គេ​លេង​សើច​ជាមួយ​ស្រី​ផ្សេង​ទាំង​នៅ​មុខ​ខ្ញុំ គេ​ព្រម​ឲ្យ​អ្នក​ផ្សេង​បង្អាប់​គេ​ជា​មួយ​ស្រី​ផ្សេង​នៅ​នឹង​មុខ​ខ្ញុំ​ គេ​ជិះ​ម៉ូតូ​ឌុប​ម្នាក់​នោះ​ជា​ច្រើន​លើក គេ​តែង​តែ​ព្រម​រាល់​ការ​សុំ​ជំនួយ​ពី​ម្នាក់​ស្រី​នោះ ។ ប៉ុន្តែ​សំរាប់​ខ្ញុំ គេ​ឆ្លើយ​ថា "ធ្វើ​ខ្លួន​ឯង​ទៅ" ។

ខ្ញុំ​មិន​យល់​ទេ ថា​ហេតុ​អី​គេ​ធ្វើ​បែប​នោះ ទាំង​ដឹង​ថា​ខ្ញុំ​ខូច​ចិត្ត​ប៉ុណ្ណា ខូច​ចិត្ត​ទាំង​និយាយ​មិន​ចេញ យំ​មិន​ចេញ។ ក្រោយ​ពី​បែក​គ្នា​មួយ​រយៈ គេ​ក៏​ត្រឡប់​មក​រក​ខ្ញុំ​វិញ ខ្ញុំ​ក៏​ឲ្យ​ឱកាស​ទៅ​គេ គិត​ថា​គេ​នឹង​កែ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ គេ​នៅ​តែ​អាត្មា​និយម​ដដែរ។ រយៈពេល​៣​ឆ្នាំ វា​ក៏​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​ឆ្អែត។ ទី​បំផុត​ខ្ញុំ​ក៏​ចាក​ចេញ ហើយ​បើ​អ្នក​សួរ​ថា​ខ្ញុំ​ខូច​ចិត្ត​ទេ? ខ្ញុំ​ប្រាកដ​ជា​ឆ្លើយ​ថា ខូច​ចិត្ត តែ​វា​ដល់​ពេល​ដែល​គេ​ត្រូវ​ទទួល​វេន​កម្ម​គេ​ម្ដង​ហើយ។ សង្ឃឹម​ថា គេ​នឹង​អាច​រក​ឃើញ​ស្រី​ដែល​គេ ស្រលាញ់​ពិត​ប្រាកដ​ទៅ​ចុះ ព្រោះ​ពេល​នេះ​ខ្ញុំ​មិន​គិត​ថា មាន​ស្រី​ដែល​ស្មោះ​នឹង​គេ​នៅ​ក្បែរ​គេ​នោះ​ទេ៕

ចុចអាន៖ ​​ ៨ សញ្ញា​នេះ​នឹង​កើត​ឡើង ពេល​គេ​អស់​ចិត្ត​ស្រលាញ់​អ្នក

អត្ថបទ៖ Spring

អត្ថបទពេញនិយម