គ្រោះថ្នាក់ខ្លាំងណាស់! ដាច់ខាតកុំធ្វើរឿងទាំងនេះ ពេលកំពុងតែខឹងខ្លាំង

  • 2019-08-29 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ គ្រប់យ៉ាងមិនអាចដូចគ្នាទាំងស្រុងនឹងអ្វីដែលអ្នកបានរំពឹងទុកនោះទេ។ ភាពស្មុគស្មាញ ការកើតស្រ្តេស បានដាក់សម្ពាធដ៏ធ្ងន់ទៅលើអ្នក បណ្តាលឱ្យមានអារម្មណ៍មួម៉ៅឆេវឆាវ ផ្ទុះចេញមកក្រៅមិនអាចគ្រប់គ្រងបាន។ នៅ​ពេល​ខឹង​ និង​ស្រ្តេស​ រាងកាយ​នឹង​ផលិត​អ័រម៉ូនម្យ៉ាងឈ្មោះ​ថា adrenaline ហើយ​នៅ​ពេល​ដែល​អ្នក​បាត់​ខឹង adrenaline នឹង​ធ្លាក់ចុះទៅវិញ បណ្តាល​ឱ្យអស់​កម្លាំង​និងឃ្លានខុសពីធម្មតា ជាពិសេស​គឺ​ឡើង​ទម្ងន់តែម្តង។​

ការខឹងមិនត្រឹមតែធ្វើឲ្យចិត្តក្តៅឆាបឆួលប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យមានគ្រោះថ្នាក់ច្រើនយ៉ាងទៀតផង។ ហេតុនេះហើយ ដាច់ខាតកុំធ្វើរឿងទាំងនេះ បើអ្នកកំពុងផ្ទុកកំហឹងក្នុងខ្លួន។

១. កុំខឹងរហូតមិនលើកលែង សូម្បីមុនពេលចូលគេង

មុនពេលចូលគេង បើអ្នកនៅតែខឹងមិនឈប់ ចង្វាក់បេះដូងនឹងលោតកាន់តែញាប់ ការដកដង្ហើមក៏ញាប់ ជាហេតុធ្វើឱ្យគេងមិនលក់ ឬមិនស្កប់ស្កល់។ គួររំឭកខ្លួនឯងថា ខឹងច្រើនមិនអាចដោះស្រាយបញ្ហាអ្វីបានទេ ដូច្នេះព្យាយាមធ្វើចិត្តឱ្យត្រជាក់ ហើយបំភ្លេចចោលខ្លះទៅ។

២. កុំបើកបរ

នៅពេលខឹងខ្លាំង អ្នកមិនអាចផ្ចង់អារម្មណ៍បានពេញលេញទេ។ បើអ្នកទៅបើកបរ អាចនឹងពិបាកមើលឃើញមនុស្សឬរបស់ផ្សេងៗដែលនៅខាងមុខ។ ម្យ៉ាងទៀត មានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនមកហើយដែលបានកើតឡើងដោយសារបើកបរក្នុងពេលមានកំហឹងនេះ។ ដំណោះស្រាយដ៏ល្អ អ្នកអាចស្តាប់ចម្រៀង ឬចង្វាក់ភ្លេងយឺតៗ ដើម្បីបន្ធូរភាពតានតឹង។

៣. កុំបញ្ចូនកំហឹងទៅកាន់មនុស្សជុំវិញខ្លួន

បើអ្នកខឹង ត្រូវតែរកវិធីបន្ថយដោយខ្លួនឯង ដាច់ខាតកុំយកកំហឹងទាំងប៉ុន្មានទៅជះដាក់អ្នកដទៃ ទាំងដែលគេមិនដឹងហេតុផលអ្វីទាល់តែសោះ។ បើមិនអាចគ្រប់គ្រងបានទេ គួរដើរលំហែ ឬធ្វើលំហាត់ប្រាណ ដើម្បីធ្វើឱ្យអារម្មណ៍ត្រជាក់។

៤. កុំសម្រេចចិត្តលើកិច្ចការធំៗ

ក្នុងអំឡុងពេលនេះ បើហ៊ានសម្រេចចិត្តផ្តេសផ្តាស អ្នកច្បាស់ជាមានវិប្បដិសារីមិនខានឡើយ។ មនុស្សយើង កាលណាបើខឹងហើយ តែងតែប្រើអារម្មណ៍មួយឆាវមកកាត់សេចក្តី ដោយមិនយកហេតុផលជាធំ បណ្តាលឱ្យការសម្រេចចិត្តមិនបានត្រឹមត្រូវ។

៥. កុំទាន់អាលវែកញែក

កាន់តែខឹង អ្នកកាន់តែចង់វែកញែករកសនិងខ្មៅឲ្យឃើញភ្លាមៗ។ ផ្ទុយទៅវិញ នេះមិនមែនជាវិធីសមរម្យឡើយ មានតែធ្វើឲ្យរឿងរ៉ាវកាន់តែចម្រូងចម្រាសលើសដើម។ ឲ្យបាត់ខឹងបន្តិចសិន សម្រួលអារម្មណ៍និងកាយវិការឡើងវិញ បន្ទាប់មកចាំពិភាក្សារកដំណោះស្រាយដែលមានប្រសិទ្ធិភាពតាមក្រោយ។

៦. កុំផឹកគ្រឿងស្រវឹង

ជាតិអាកុលនៅក្នុងគ្រឿងស្រវឹង នឹងបង្កផលប៉ះពាល់ ដល់ដំណើរការនៃខួរក្បាល ប្រព័ន្ធសរសៃប្រសាទ មិនអាចគ្រប់គ្រងអារម្មណ៍ បាត់បង់សតិ និងអាចបង្កើតឱ្យមានកំហុសផ្សេងៗ។

ការខឹងគឺជាមូលហេតុ ដែលនាំឱ្យមនុស្សសម្រេចចិត្តខុស រួមទាំងបង្កបញ្ហាជាច្រើនទៀតរាប់មិនអស់។ ហេតុនេះហើយ កុំបណ្តោយអារម្មណ៍ខ្លាំងពេក ត្រូវចេះរកវិធីទប់ស្កាត់ឱ្យបានទាន់ពេលវេលា ទើបអាចការពារទាំងខ្លួនឯងនិងអ្នកដទៃផងដែរ៕

ចុចអានបន្ត៖ ទោះញ៉ាំច្រើនយ៉ាងណាក៏រាងនៅស្អាតដែរ ឲ្យតែដឹង ៣ តិចនិកនេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម