សាក ៦​វិធី​នេះ​ ដឹង​តែ​លាង​បន្លែ ផ្លែឈើ ​ស្អាត អស់​ជាតិ​ពុល​តែ​ម្តង

  • 2019-08-22 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្លែ ផ្លែឈើ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព ប៉ុន្តែ​ប្រសិន​បើ​អ្នក​លាង​វា​មិន​បាន​ស្អាត​ទេ នោះ​វា​នឹង​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​អ្នក​វិញ។ បាក់តេរី និង​វីរុស ច្រើន​តែ​សង្ងំ​លាក់​ខ្លួន​ក្នុង​បន្លែ​ ផ្លែ​ឈើ ដូច្នេះ​បើ​លាង​ធម្មតា​ៗ វា​មិន​ងាយ​ទៅ​ណា​ទេ​។ ប៉ុន្តែ​កុំ​បារម្ភ​អី​ នៅ​ពេល​នេះ​​ កញ្ញា​សូម​លើក​យក​វិធី​លាង​បន្លែ និង​ផ្លែឈើ ៦​របៀប​ មក​បង្ហាញ​ជូន​លោក​អ្នក ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​ទទួល​ទាន។​​

១. កាត់​វា​សិន

បន្លែ​ខ្លះ ជា​ពិសេស​គឺ​បន្លែ​មាន​ស្លឹក​តែ​ម្តង ដូចជា​ស្ពៃក្តោប ឬ សាឡាត់​ជា​ដើម អ្នក​គួរ​តែកាត់ ឬ​ បេះ​ស្លឹក​ក្រៅ​វា​ចេញ​សិន មុន​នឹង​លាង​ទឹក ព្រោះ​ថា​បាក់​តេរី​ច្រើន​តែ​សម្ងំ​ពូន នៅ​កន្លែង​ទាំង​នេះ​។

២. បែង​ចែក​ប្រភេទ​បន្លែ

អ្នក​គួរ​តែ​លាង​បន្លែ​ ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា ដូចជា​បន្លែ​ប្រភេទ​ស្លឹក លាង​ដាក់​មួយ​ដុំ ប្រភេទ​ផ្លែ​ដាក់​មួយ​ដុំ។ កុំ​លាង​វា​ច្របូក​ច្របល់​គ្នា ដែល​អាច​បង្ក​ឲ្យ​ជាតិ​នៃ​បន្លែ​ទាំងនេះ ឆ្លង​ចូល​គ្នា​។

៣. ដាក់​ទឹក​ខ្មេះ

ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា ទឹក​ខ្មេះ ជួយ​សម្លាប់​បាក់តេរី និង​វីរុស នៅក្នុង​បន្លែ ផ្លែឈើ បាន​។

៤. ដុស

បន្លែ​ខ្លះ ដូច​ជា​ដំបូង​បារាំង ការ៉ុត ជា​ដើម អ្នក​គួរ​តែ​​លាង​ផង ដុសផង ទើប​វា​ស្អាត​។ បើ​ថា​ខ្ជិល​ដុស អ្នក​ក៏​អាច​ចិត​សំបក​វា​សិន មុន​យក​ទៅ​លាង​ក៏​បាន​។

៥. លាង​បន្លែ​ ផ្លែឈើ​ ដែល​អ្នក​ពុះ​ញុំា​

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ត្រសក់​ស្រូវ ឬ ឪឡឹក មិន​បាច់​លាងទឹក​ក៏​បាន​ដែរ​ គ្រាន់​តែ​ពុះ​វា​ទៅ ញុំា​បាន​ហើយ។ ប៉ុន្តែ​ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ដើម្បី​សុវត្ថិភាព អ្នក​គួរ​លាង​វា​សិន ចាំ​ពុះ​ ឬ​ កាត់​វា​យក​ទៅ​ញុំា​។

៦. សាក​ធ្វើ​រូប​មន្ត​សម្លាប់​មេរោគ

អ្នក​អាច​ធ្វើ​រូបមន្ត​សម្លាប់​មេរោគ​ងាយៗ ដូចជា លាយ​ទឹក​ជាមួយ​ទឹក​ខ្មេះ ម្សៅ​សូដា និង​ក្រូច​ឆ្មា ដើម្បី​កម្ចាត់​បាក់តេរី ពី​ក្នុង​បន្លែ ផ្លែឈើ។ លាយ​វា​ដាក់​ក្នុង​ចាន ហើយ​ច្រក​ចូល​ដប​ទុក ពេល​ណា​ត្រូវ​ការ​ប្រើ យក​មក​ប្រើ​តែ​ម្តង​៕

ចុចអាន៖​ ​ ចង់​ឲ្យ​ភ្នែក​នៅ​​​មើល​ឃើញ​ច្បាស់ ​ញ៉ាំ​អាហារ​៧​មុខ​នេះ​ឲ្យ​បាន​ច្រើន

ប្រភព៖ renegadehealth ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម