ចង់​ឲ្យ​ភ្នែក​នៅ​​​មើល​ឃើញ​ច្បាស់ ​ញ៉ាំ​អាហារ​៧​មុខ​នេះ​ឲ្យ​បាន​ច្រើន

  • 2019-08-21 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​មាន​អារម្មណ៍​ថា ភ្នែក​ខ្លួន​ឯង​ដូច​ជា​មិន​សូវ​មើល​ច្បាស់​ជាង​មុន។ កាល​ពី​ក្មេង​មាន​អារម្មណ៍​ថា​មើល​បាន​ច្បាស់ សូម្បី​តែ​នៅ​ចម្ងាយ​ឆ្ងាយ​ៗ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក ដោយ​សារ​តែ​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ផង ធ្វើ​ឲ្យ​រាល់​ថ្ងៃ​នេះ​ហាក់​មើល​អ្វី​លែង​ច្បាស់​ ១០០%​សូម្បី​តែ​នៅ​ជិត​ប៉ុណ្ណា​ក៏​ដោយ។

ពិត​ណាស់​បើ​យើង​ព្រងើយ​កន្តើយ​មិន​ថែ​រក្សា​សុខភាព​ភ្នែក គឺ​នឹង​ធ្វើ​ឲ្យ​ភ្នែក​យើង​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ដូច្នេះ​ដើម្បី​ចៀសវាង​គ្រប់​យ៉ាង​កាន់​តែ​អាក្រក់ អ្នក​គួរ​ចាប់​ផ្ដើម​កែប្រែ​ទម្លាប់​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​ភ្នែក​​មាន​បញ្ហា ដូច​ជា​ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​ក្នុង​រយៈពេល​យូរ ឬ​នៅ​ទីកន្លែង​ដែល​គ្មាន​ពន្លឺ​គ្រប់គ្រាន់​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​គួរ​ជ្រើសរើស​អាហារ​ដែល​មាន​គុណតម្លៃ​ច្រើន​សម្រាប់​ជំនួយ​ភ្នែក​ដូច​ជា៖

១. ការ៉ុត

​ក្រៅ​ពី​សម្រស់​ទាក់ទាញ​ និង​រសជាតិ​ឆ្ងាញ់​ ការ៉ុត​គឺ​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​បេតាខេរ៉ូអ៊ីន ដែល​ត្រូវ​បម្លែង​ជា​វីតាមីន E ដើម្បី​ជំនួយ​ដល់​សុខភាព​ភ្នែក។ បើ​សិន​ជា​អាច​ទទួលទាន​ឆៅ​នោះ​នឹង​អាច​ទទួល​បាន​នូវ​ប្រយោជន៍​ពេញ​តែ​ម្ដង​ពី​ការ៉ុត ព្រោះ​ថា​បើ​ចម្អិន​ឲ្យ​ឆ្អិន​ពេក​នោះ​នឹង​ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម​របស់​វា​កាន់​តែ​ថយ​ចុះ។

២. ផ្កាខាត់ណា​ខៀវ (Broccoli)

ប្រូខូលី មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​ក៏​មាន​ផល​ល្អ​ច្រើន​យ៉ាង​ដែរ ដោយ​មាន​ទាំង​វីតាមីន B, និង​ជាតិលូទីន (lutein) រួម​ជាមួយ​សារធាតុ ហ្សេហ្សាធីន (zeaxanthin) ដែល​ជំនួយ​ដល់​សុខភាព​ភ្នែក រួម​ជាមួយ​ខួរ​ក្បាល​ផង​ដែរ។ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពេញ​លេញ អ្នក​មិន​គួរ​ចម្អិន​វា​ឲ្យ​ឆ្អិន​ពេក​នោះ​ទេ គឺ​គ្រាន់​តែ​ឆ្អិន​តិច​ៗ​គឺ​គ្រប់គ្រាន់​ហើយ។

៣. សាច់​ត្រី

ជាតិ​ខ្លាញ់​ក្នុង​សាច់​ត្រី​ជា​ច្រើន​ប្រភេទ គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​មេហ្កា 3 ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​បំផ្លាញ​សុខភាព​ភ្នែក​ដែល​បង្ក​ដោយ​ការ​កើន​ឡើង​កម្ដៅ​ក្នុង​រាងកាយ និង​​បញ្ហា​ភ្នែក​ស្ងួត ដែល​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ប្រើ Contact Lenses។ វិធី​ចម្អិន​ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​បំផុត​ពី​សាច់​ត្រី គឺ​ការ​អាំង និង​ដុត។

៤. គ្រាប់​ធញ្ញជាតិ​

ដូច​ជា​សាច់​ត្រី​ដែរ គ្រាប់​ធញ្ញជាតិ​​ដូច​ជា ​គ្រាប់​អាល់ម៉ុន គ្រាប់​ស្វាយចន្ទី... ក៏​មាន​សារធាតុ​អូមេហ្កា 3 ដែល​ជំនួយ​ដល់​សមត្ថភាព​មើល​ឃើញ​របស់​ភ្នែក​យើង​ដែរ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ដែល​ស្រស់ ចៀស​វាង​ឆ្លង​កាត់​ការ​កែច្នៃ ឬ​ផ្សំ​គ្រឿង​បន្ថែម​ដែល​ធ្វើ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម។

​​៥. ប៊ើរី

ពពួក​ផ្លែឈើ​ប៊ើរី​ ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​ចិត្ត​មនុស្ស​ភាគ​ច្រើន​ហើយ​ ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន​ទៀត ដែល​នឹង​ជួយ​ឲ្យ​សុខភាព​ភ្នែក​មាន​ភាព​ប្រសើរ។ ក្រៅ​ពី​​នេះ​វា​ក៏​ជួយ​បម្រុង​​ដល់​សរសៃ​ឈាម​ទូទាំង​រាង​កាយ​ផង​ដែរ។

៦. ផ្លែ​ឈើ​ក្រៀម

យក​ទំពាំងបាយជូរ​ក្រៀម​ ឬ​ផ្លែ​ល្វា​ត្រាំ​ទឹក​មួយ​យប់ ហើយ​យក​វា​មក​ញ៉ាំ​នៅ​ពេល​ពោះ​ទទេ​នៅ​ព្រឹក​បន្ទាប់។ បរិមាណ​ហ្វាយប៊ើ និង​វីតាមីន​ខ្ពស់​ក្នុង​ផ្លែឈើ​ក្រៀម​ទាំង​នេះ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​លឿន និង​ជម្រុះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​ក៏​ជួយ​ដោះ​ស្រាយ​បញ្ហា​ភ្នែក​របស់​យើង​បាន​ដែរ។

៧. ផ្លែ​ប័រ (Avocado)

Avocado គឺ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ហើយ​ដែល​​សម្បូរ​ដោយ​ជាតិ​លូទីន និង​បេតាខេរ៉ូទីន ព្រម​ទាំង​វីតាមីន​ជា​ច្រើន​ប្រភេទ​ដូច​ជា B, C និង E។ ដូច​ដែល​បាន​រៀបរាប់​ខាង​លើ សារធាតុ​លូទីន គឺ​ល្អ​បំផុត​សម្រាប់​សុខ​ភាព​ភ្នែក និង​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មើល​ឃើញ​បាន​ច្បាស់​បាន​យូរ​អង្វែង ៕

​ចុចអាន៖ ​ ភ្ញាក់ផ្អើលពេលដឹងអត្ថប្រយោជន៍នៃការញ៉ាំផ្លែស្រកានាគ ជាពិសេសសម្រាប់នារីៗ

ប្រភព៖ stylecaster ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម