ចង់បានសុភមង្គលសម្រាប់ជីវិតខ្លួនឯង លុះត្រាទម្លាប់គិតអ្វីមិនស្មុគស្មាញ
- 2019-08-09 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានសុភមង្គលសម្រាប់ជីវិតខ្លួនឯង លុះត្រាទម្លាប់គិតអ្វីមិនស្មុគស្មាញ
ចង់រស់នៅក្នុងពិភពនេះឲ្យមានសន្តិភាពផ្លូវចិត្ត ត្រូវធ្វើឲ្យរឿងស្មុគស្មាញក្លាយជារឿងតូចតាច ហើយរឿងតូចបំផុតក្លាយជាគ្មានតែម្ដង។ មនុស្សគ្រប់គ្នាមានជីវិតរស់នៅរៀងៗខ្លួន បើអ្នកចង់ទទួលសុភមង្គល ត្រូវដាក់ខ្លួនបន្តិចកុំឲ្យសោកស្ដាយ។
ព្រះអាទិត្យតែងរះពីទិសខាងកើត ហើយលិចវិញនៅទិសខាងលិច ដូច្នេះរាល់ទុក្ខលំបាកកុំនៅឲ្យតោងទាមអ្នកហួសពីមួយថ្ងៃ ពេលព្រះអាទិត្យលិចបាត់ យករឿងនោះគ្រវាត់ចោលដែរទៅ។ បរាជ័យមិនគួរឲ្យខ្លាចទេ អ្វីខ្លាចបំផុតគឺអ្នកឈរស្ងៀមមួយកន្លែងមិនព្រមធ្វើអ្វីសោះទៅវិញតើ។
តាមពិតមានកន្លែងស្រស់ស្អាតជាច្រើនដែលអាចដើរបានក្នុងជីវិត ។ កុំឃុំខ្លួនឯង មិនថាមានបញ្ហាអ្វីកើតឡើងទេ អ្នកត្រូវតែហ៊ានលើកខ្លួនឯងឲ្យចេញផុតពីទុក្ខលំបាក។ ភាពជោគជ័យគេមិនរាប់តាំងពីពេលចាប់ផ្ដើមទេ តែគេនឹងមើលលទ្ធផលនៅទីបញ្ចប់ ម្ល៉ោះហើយអ្នកពុំទាន់អស់ឱកាសទេ។ ម្យ៉ាង ទៀត រឹតតែកុំដាក់សម្ពាធខ្លួនឯង ត្រូវចេះបង្កើតភាពរីករាយ កុំខ្វល់ច្រើនពីមាត់មនុស្សចាំតែបើកនិយាយពីគេ។ ពេលធុញនឹងរឿងអ្វីមួយ ត្រូវធ្វើជាម្ចាស់រឿងនោះឲ្យបាន ហ៊ានដកវាចេញពីក្រអៅបេះដូង ឬមិនអ៊ីចឹងទេប្រើវាឲ្យមានប្រយោជន៍វិញ ។ កុំឲ្យរឿងរញ៉េរញ៉ៃទាំងនោះគ្របដណ្ដប់លើផ្លូវចិត្តអ្នកបាន។
ពេលខ្លះអ្នកត្រូវពត់ចិត្តឲ្យដូចកូនក្មេងដែរ ដូចពេលនៅតូចអ្នកដួលច្រើនដង យំច្រើនដងដោយសាររឿងជិះកង់។ តែអ្នកនៅមិនចុះចាញ់រហូតជិះវាបាន ហើយឥលូវអ្នកថែមទាំងវិវត្តខ្លួនចេះបើកទាំងម៉ូតូ បើកទាំងឡានទៀត។
ទោះជីវិតមិនងាយស្រួលដូចអ្វីដែលអ្នករំពឹង តែអ្នកក៏មិនត្រូវបាក់ទឹកចិត្ត ហើយយំដេកដួលមិនព្រមក្រោកឈរដែរ។ បើអ្នកមិនជួយខ្លួនឯង មិនព្រមផ្លាស់ប្ដូរ មិនព្រមដើរចេញ អ្នកនឹងមិនឃើញពីភាពស្រស់ថ្លារបស់ពិភពនេះយ៉ាងណាទេ។ ព្រោះអ្នកចាត់ទុកខ្លួនឯងដូចកង្កែបក្នុងអណ្ដូង រស់តែជាមួយភាពខ្មៅងងឹត រស់តែក្នុងមួយជ្រុងតូចនៃពិភពនេះ។ ត្រូវចាំថាក្នុងមួយឆាកជីវិតមនុស្ស មិនអាចជួបរឿងអត់សប្បាយចិត្តរហូតទេ ៕
ចុចអាន៖ ការពិត ៤ យ៉ាងនៃជីវិត ដែលមនុស្សគ្រប់គ្នាត្រួវរៀនទទួលស្គាល់ ទើបមិនឈឺខ្លាំង