ការពិត ៤ យ៉ាងនៃជីវិត ដែលមនុស្សគ្រប់គ្នាត្រួវរៀនទទួលស្គាល់ ទើបមិនឈឺខ្លាំង

  • 2019-08-08 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឮ​ដែរ​ទេ? អ្នក​អាច​រត់​គេច​ពី​​របស់​អ្វី​មួយ​បាន ប៉ុន្តែ​មិន​​​អាច​រត់​គេច​ពី​ការ​ពិត​ក្នុង​ជីវិត​បាន​ឡើយ។ មាន​មនុស្ស​ច្រើន​ណាស់ ​បាន​រង​នូវ​ភាព​ឈឺ​ចាប់​ខ្លាំង​ក្រៃ​លែង ដោយ​សារ​តែ​ពួក​គេ​មិន​អាច​ទទួល​យក​ការពិត​ដែល​បាន​កើត​ឡើង​ រហូត​ធ្វើ​ឲ្យ​សុភមង្គល​ធ្លាក់​ចុះ​ដល់​បាត បេះដូង​រុំ​ព័ទ្ធ​ដោយ​សំណាញ់​ទុក្ខ។

វា​មិន​មែន​ជា​រឿង​លំបាក​ឬ​គួរ​ឲ្យ​ខ្លាច​នោះ​ទេ ដែល​​ត្រូវ​ទទួល​ស្គាល់​រាល់​បញ្ហា​ ព្រោះ​ជីវិត​នរណា​ក៏​ដូច​នរណា​ដែរ មិន​ថា​មាន​ឬ​ក្រ សុទ្ធ​តែ​មិន​អាច​​គេចវេះ​ពី​ទុក្ខ​លំបាក​បាន​ឡើយ​។ ពេល​បាន​​អាន​ចំណុច​ខាង​ក្រោម​នេះ ទើប​អ្នក​ដឹង​ថា​តាម​ពិត​ខ្លួន​​ឯង​​​ក៏​មាន​សំណាង​ដែរ​ មិន​មែន​អន់​ទេ។​

ទទួលស្គាល់​ថា​មនុស្ស​ទាំង​អស់​កើត​មក​មាន​លក្ខណៈ​សម្បត្តិ​ខុស​គ្នា

កើត​មក​លើ​ផែន​ដី​តែ​មួយ​មែន ប៉ុន្តែ​ធម្មជាតិ​បាន​​កំណត់​មក​ឲ្យ​មាន​ភាព​ខុសគ្នា​ទាំង​អស់ ដូច​ជា​​មុខ​មាត់ ដង​ខ្លួន ប្រាជ្ញា ចំណេះដឹង និង​ស្ថានភាព​គ្រួសារ​។ ទាំង​នេះ​ហើយ​ ជា​កត្តា​ដែល​នាំ​មនុស្ស​ភាគ​ច្រើន ចូល​ចិត្ត​សម្លឹង​មើល​គេ​ យក​សម្ពាធ​មក​ដាក់​លើ​ក្បាល ហើយ​ចាប់​ផ្តើម​ធ្វើការ​ប្រៀបធៀប​ រហូត​ធ្វើ​ឲ្យ​ជីវិត​លំបាក​ជាង​ការពិត​ជាក់​ស្តែង​ទៅ​ទៀត។ ទទួលស្គាល់​ផង​ថា អ្វី​ក៏​មិន​ស្មើ​គ្នា​ដែរ​លើ​លោក​នេះ សូម្បី​​តែ​ម្រាម​ដៃ​របស់​អ្នក​ក៏ដោយ ដូច្នេះ​ហើយ​​គួរ​រីករាយ​​​និង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​រីក​ចម្រើន នោះ​រឿង​ល្អ​ៗ​នឹង​តម្រង់​ជួរ​គ្នា ចូល​មក​ក្នុង​ជីវិត​អ្នក​។

ទទួលស្គាល់​ថា​​​គ្រួសារ​ដែល​មាន​​សុភមង្គល​ពេញ​លេញ​ ប្រសើរ​ជាង​គ្រួសារ​ដែល​មាន​ទ្រព្យ​ហូរហៀរ​តែ​ខ្វះ​ភាព​កក់​ក្តៅ

ចាត់​ទុក​ជា​សំណាង​ធំ​ណាស់ មិន​ងាយ​រក​បាន​ទេ​ គ្រួសារ​ដែល​ពោរពេញ​ដោយ​សុភមង្គល មាន​​ស្នាម​ញញឹម​ពិត​ប្រាកដ​។ ទោះ​បី​រស់​ក្នុង​​ជីវភាព​​មធ្យម ក៏​​មាន​អារម្មណ៍​ថា​គ្រប់​គ្រាន់​ មាន​ក្តី​សុខ​​ប្រសើរ​ជាង​គ្រួសារ​ដែល​មាន​ទ្រព្យ​ហូរហៀរ មើល​ពី​សំបក​ក្រៅ​ឃើញ​ហ៊ឹកហ៊ាក់​ តែ​បៀម​ទុក្ខ​រាល់​ថ្ងៃ គ្មាន​នរណា​ដឹង។

ទទួលស្គាល់​ថា​​​ក្តី​សុខ​និង​ក្តី​ទុក្ខ គឺ​ដូច​តែ​គ្នា

តើ​អ្នក​​បាន​សង្កេត​មើល​​ជីវិត​ខ្លួន​ឯង​ហើយ​ឬ​នៅ? ទើប​សើច​សប្បាយ​​​សោះ មិន​បាន​ប៉ុន្មាន​​ម៉ោង​ឬ ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​​មាន​អារម្មណ៍​ថា​កើត​ទុក្ខ​ ជួន​កាល​មិន​ដឹង​ពី​មូលហេតុ​ទៀត។ យ៉ាង​ណា​ក៏​ដោយ កុំ​ភ្លេច​រំឭក​ប្រាប់​​បេះដូង​ថា ពេល​​សប្បាយ​​ស្រស់​ស្រាយ កុំ​បណ្តោយ​ឲ្យ​​វា​រសាត់​ទៅ​បាត់​លឿន​ពេក ហើយ​បើ​ពេល​កើត​ទុក្ខ​ កុំ​បណ្តោយ​ឲ្យ​វា​សំងំ​នៅ​​ជាប់​ខ្លួន​យូរ​ពេក។ ក្តី​សុខ​និង​ក្តី​ទុក្ខ តែង​តែ​កើត​មាន​​ដំណាល​គ្នា ប៉ុន្តែ​អ្នក​មិន​​អាច​រស់​នៅ​ជាមួយ​ភាព​ឈឺ​ចាប់​អស់​មួយ​ជីវិត​បាន​​ទេ​។

ទទួល​ស្គាល់​ថា​លើ​លោក​នេះ​​គ្មាន​អ្វី​ឋិតថេរ

រៀន​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ចំពោះ​​រាល់​បញ្ហា​ដែល​​បាន​កើត​ឡើង។ លើ​ភព​ផែន​ដី​ដ៏​ធំធេង​មួយ​នេះ គ្មាន​អ្វី​អាច​នៅ​គង់​វង្ស​ឋិតថេរ​ឡើយ​ សូម្បី​តែ​អារម្មណ៍​របស់​មនុស្ស ក៏​អាច​ប្រែប្រួល​មួយ​រំពេច​​ទាយ​មិន​ត្រូវ​។ ត្រូវ​យល់​ថា របស់​ដែល​បាត់​បង់​ទៅ​ហើយ មិន​អាច​ជប់​យក​មក​វិញ ឬ​វិល​ត្រលប់​មក​​ដូច​ដើម​បាន​ទេ ទោះ​ស្តាយ​ក្រោយ​ក៏​គ្មាន​ប្រយោជន៍​ដែរ​។ គ្រប់​ទង្វើ​​ដែល​អ្នក​កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន គួរ​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ទទួល​យក​លទ្ធផល​គ្រប់​​បែប​យ៉ាង ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត៕​​​​​​

ចុចអានបន្ត៖ ជីវិតនឹងប្រសើរ បើលះបង់គំនិតអវិជ្ជមានលើខ្លួនឯងទាំង ៤ ចំណុចនេះ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម