អរគុណប្រុសអាក្រក់ម្នាក់នោះ ដែលធ្វើឲ្យខ្ញុំរឹងមាំជាងមុន

  • 2019-06-20 09:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុស​អាក្រក់​ម្នាក់​នឹង​ផ្ដល់​មេរៀន​ជា​ច្រើន​ដល់​មនុស្ស​ស្រី​ម្នាក់​ក្នុង​ជីវិត​ ហើយ​ធ្វើ​ឲ្យ​នាង​រឹង​មាំ​ជាង​មុន​។​ បន្ទាប់​ពី​ឆ្លង​កាត់​មេរៀន​នោះ​ហើយ​ មនុស្ស​ស្រី​នឹង​ចាប់​ផ្ដើម​ចេះ​ស្រលាញ់​និង​មើល​ថែ​ខ្លួន​ឯង​ច្រើន​ជាង​មុន​។​

មនុស្ស​ស្រី​ទាំង​ឡាយ​អើយ... សូម​កុំ​ប្រាថ្នា​ចង់​បាន​ស្នេហា​ដ៏​ស្រស់​ស្អាត​ដូច​ក្នុង​រឿង​ភាគ​កូរ៉េ​អី

គ្រឿង​អលង្ការ​នឹង​មិន​បញ្ចេញ​ពន្លឺ​ព្រឹម​ៗ​របស់​វា​នោះ​ទេ​ បើ​សិន​ជា​វា​មិន​បាន​ឆ្លង​កាត់​ការ​សំលៀង និង​រចនា​ច្រើន​ដង​។​ គ្រាប់​ពូជ​ល្អ​មិន​អាច​លូត​លាស់ និង​រឹង​មាំ​បាន​ឡើយ​ បើ​សិន​ជា​វា​មិន​បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ និង​ទឹក​ភ្លៀង​។​ ប្រុស​អាក្រក់​ម្នាក់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​មនុស្ស​ស្រី​ម្នាក់ វា​ប្រៀប​បាន​នឹង​​ព្យុះ​ភ្លៀង​ក្នុង​ជីវិត​អ៊ីចឹង​។​ មេរៀន​មួយ​នេះ​ នឹង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ស្រី​ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ​ និង​ពូកែ​។​

មនុស្ស​ស្រី​ណា​ដែល​ថា​មិន​ប្រាថ្នា​ចង់​បាន​ស្នេហា​ដ៏​ស្រស់​បំព្រង​មួយ​នោះ​។​ តែ​គួរ​ឲ្យ​ស្ដាយ​ស្នេហា​ដែល​ល្អ​ឥត​ខ្ចោះ​មាន​តែ​ក្នុង​ប្រលោម​តែ​ប៉ុណ្ណោះ​។​ មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ទឹក​ភ្នែក​ បៀម​ភាព​ល្វីង​ជូរចត់​ នៅ​ពេល​ដែល​លះ​បង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ឯង​ស្រលាញ់​ហើយ​ តែ​ចុង​ក្រោយ​ក៏​ទទួល​បាន​អំពើ​ក្បត់​ពី​គេ​វិញ​នោះ​។​ មនុស្ស​ប្រុស​នៅ​បន្ទាប់​ពី​បង្កើត​ស្នេហា​ច្រើន​ឆ្នាំ​ហើយ​ ចុង​ក្រោយ​នឹង​បែរ​ខ្នង​ទៅ​ចង់​សាក​ល្បង​អ្វី​ថ្មី​មិន​ខាន​។​

តែ​ប្រុស​អាក្រក់​ម្នាក់​នោះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ​ជាង​មុន

នៅ​ពេល​ដែល​បែក​គ្នា​ មនុស្ស​ស្រី​តែង​តែ​សួរ​ខ្លួន​ឯង​ថា​ ហេតុអី​?​ ក្តី​ស្រលាញ់​របស់​ខ្ញុំ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​មែន​ទេ​? ហេតុ​អ្វី​ជីវិត​មួយ​នេះ​កាច​សាហាវ​ដល់​ម្ល៉ឹង​?​

យើង​ពេល​ខ្លះ​បន្ទោស​ថា​ជីវិត​នេះ​កម្សត់​ពេក​ហើយ​ បន្ទោស​ព្រេង​វាសនា​ថា​ហេតុ​អ្វី​មិន​ឲ្យ​ផ្លូវ​ល្អ​មួយ​ដល់​យើង​។ តែ​ការ​ជួប​ ការ​ស្រលាញ់​ និង​ការ​បែក​បាក់​វា​ជា​វាសនា​ទាំង​អស់​។​ ទោះ​បី​ជា​យើង​ខំ​ស្រែក​យំ​ខ្លាំង​ប៉ុណ្ណា​ ខំ​តវ៉ា​ខ្លាំង​កម្រិត​ណា​ យើង​នៅ​តែ​មិន​អាច​កែ​ប្រែ​អ្វី​បាន​ទាំង​អស់។​​ ទោះ​បី​ជា​អ្នក​ស្អប់​អារម្មណ៍​បែប​នេះ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ តែ​អ្នក​មិន​ត្រូវ​គេច​វេស​ពី​វា​នោះ​ទេ​។​ ត្រូវ​ចាត់​ចាំ​ថា​វា​ជា​មេរៀន​ ទុក​រំលឹក​ខ្លួន​ឯង​កុំ​ឲ្យ​ធ្វើ​ខុស​ម្ដង​ទៀត​។​

មនុស្ស​ស្រី​រឹង​មាំ​ និង​អត់​ធ្មត់​ដោយ​សារ​តែ​ពួក​គេ​មាន​បទ​ពិសោធន៍​ក្នុង​អតីត​កាល​ច្រើន​។​ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ជា​មនុស្ស​ស្រី​ដែល​មិន​ដឹង​អី​ពី​មុន​មក​ ហើយ​មើល​ឃើញ​ជីវិត​ថា​ជា​ពណ៌​ផ្កា​ឈូក​។​ តែ​តាម​ពិត​ជីវិត​នេះ​គឺ​ឲ្យ​ខ្លាច​ពេក​ហើយ​ ត្រូវ​ឆ្លង​កាត់​រឿង​ឈឺ​ចាប់​រាប់​មិន​អស់​។​ គ្រាន់​តែ​ជា​ប្រុស​អាក្រក់​ម្នាក់​មិន​សម​ណា​នឹង​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​គេ​នោះ​ទេ​។​ ត្រូវ​តែ​​រស់​នៅ​ឲ្យ​បាន​ល្អ​ ត្រូវ​តែ​ស្រស់​ស្អាត​ និង​រីករាយ​ ទើប​ជា​ការ​សង​សឹក​ដ៏​ល្អ​បំផុត​។​

បន្ទាប់​ពី​ស្គាល់​រសជាតិ​ល្វីង​ជូរចត់​ក្នុង​រឿង​ស្នេហា​រួច​ហើយ​ មនុស្ស​ស្រី​នឹង​យល់​ថា​ មិន​ត្រូវ​ជឿ​ពាក្យ​ស្បថ​ និង​ការ​សន្យា​របស់​មនុស្ស​ប្រុស​ក្បត់​នោះ​ទេ​។​ ដូច្នេះ​មនុស្ស​ស្រី​ដាច់​ខាត​កុំ​ប្រញាប់​ខ្លាំង​ពេក​ក្នុង​រឿង​ស្នេហា​។​ ការ​ស្វែង​រក​ចម្លើយ​ក្នុង​បេះ​ដូង​មនុស្ស​ប្រុស​ត្រូវ​ប្រើ​ពេល​យូរ​ខ្លាំង​ណាស់​។​ ហើយ​មនុស្ស​ស្រី​ក៏​ត្រូវ​តែ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​។​ មនុស្ស​អាក្រក់​ម្នាក់​នឹង​ផ្ដល់​មេរៀន​ជា​ច្រើន​ក្នុង​ជីវិត​ដល់​អ្នក​ និង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ជាង​មុន​៕

ចុចអាន៖

ប្រភព៖ Guu ប្រែ​សម្រួល៖ ឃួន​ សុលីកា