វិធីសម្របខ្លួនជាមួយ Ex ដោយជឿជាក់ ទោះធ្លាប់ឈឺចាប់រាប់ពាន់ដងដោយសារគេក៏ដោយ

  • 2019-06-04 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​​ជួប Ex ​ដោយ​ចៃ​ដន្យ ហើយ​គេ​​​ចូល​មក​និយាយ​រក​អ្នក​ធម្មតា​តាម​របៀប​អ្នក​ស្គាល់​គ្នា ​អ្នក​ប្រហែល​ជា​មាន​​អារម្មណ៍​ថា​ពិបាក​សម្រប​បន្តិច ព្រោះ​មនុស្ស​ធ្លាប់​ស្រលាញ់​គ្នា​ហើយ​បែក​គ្នា​ទៅ​​វិញ។ ​ប៉ុន្តែ​​បើ​គេ​ដាក់​ចិត្ត​ថា​ចង់​រាប់​អាន​អ្នក​ជា​មិត្ត​ទៅ​ហើយ ​ដូច្នេះ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ត្រូវ​​បើក​ចិត្ត​ឲ្យ​ទូ​លាយ​ផង​ដែរ។ ចៀស​វាង​បង្ហាញ​អាកប្បកិរិយា​ឆ្គង​ៗ ​ខាង​ក្រោម​នេះ​​ជា​វិធី​ខ្លះ​ៗ ជួយ​​អ្នក​ឲ្យ​​ជជែក​លេង​ជាមួយ EX ​បាន​ដូច​មិត្តភ័ក្កិ​ធម្មតា ៖​​

១. ចាត់​ទុក​គាត់ ប្រៀប​ដូច​មនុស្ស​ថ្មី​ដែល​អ្នក​ទើប​ស្គាល់​ថ្ងៃ​នេះ

​​កុំ​ឲ្យ​​អតីតកាល​ចូល​មក​លាយ​ឡំ​នឹង​ការ​សន្ទនា​របស់​អ្នក អ្នក​​ត្រូវ​ចាត់​ទុក​ថា​គាត់​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ពី​មុន ​ហើយ​ទើប​ជួប​ថ្ងៃ​នេះ។ ​ដូច្នេះ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​មិន​ទើស​ទាល់ ឬ​នឹក​ឃើញ​រឿង​ឈឺ​ចាប់​ចាស់ៗ ដែល​នាំ​ឲ្យ​ល្អក់​កករ​ពេល​ជជែក​គ្នា​។

​២. ​រក្សា​ការ​សម្លឹង​មុខ​គ្នា

​ត្រូវ​សន្ទនា​ដោយ​ការ​សម្លឹង​មុខ​គ្នា មិន​មែន​​​ម្នាក់​មើល​ទៅ​លើ ម្នាក់​អោន​មុខ​ចុះ​នោះ​ទេ។ បង្ហាញ​ពី​ភាព​រឹង​មាំ​របស់​អ្នក​ ទើប​ធ្វើ​ឲ្យ Ex ​កោត​ស្ងប់​ស្ងែង​អ្នក​​ថា​ពិត​ជា​មនុស្ស​រឹង​មាំ មិន​ទន់​ជ្រាយ មិន​ឆាប់​បាក់​ស្បាត​ពេល​បែក​បាក់​ស្នេហា។

៣. ចិត្ត​ស្ងប់

ទោះ​ជា​អតីត​កាល​កន្លង​មក​អ្នក​ធ្លាប់​យំ​ដោយសារ​គេ​ច្រើន​ដង ធ្លាប់​ត្រូវ​​គេ​កុហក និង​បោក​ប្រាស់​ចិត្ត​ក៏​ដោយ តែ​ត្រូវ​ចាត់​ទុក​ថា ​វា​រឿង​​កន្លង​ហួស ​រឿង​ឥត​ប្រយោជន៍។ ដូច្នេះ មិន​ត្រូវ​ឲ្យ​ Ex ​ចាប់​ចំណុច​ខ្សោយ​ពី​អារម្មណ៍​ក្រោធ​របស់​អ្នក​នោះ​ទេ អ្នក​គួរ​តែ​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ និង​ស្ងប់​ស្ងាត់​​​បំ​ផុត។

៤. រក្សា​ស្នាម​ញញឹម

គេ​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត​ខ្លាំង​ប៉ុណ្ណឹង​ហើយ តែ​ពេល​ជួប​អ្នក អ្នក​​បែរ​ជា​​នៅ​តែ​​អាច​សើច និង​ញញឹម​ដាក់​គេ​ធម្មតា ។ ​​ឃើញ​អ្នក​ធ្វើ​បែប​នេះ​បាន Ex ​មាន​តែ​រអៀស​ខ្លួន​​​ដែល​អ្នក​នៅ​តែ​ចិត្ត​ទូ​លាយ​រក្សា​ស្នាម​ញញឹម​ចំពោះ​គាត់​ យ៉ាង​ស្រស់​ស្អាត​លើ​​ផ្ទៃ​មុខ ទោះ​គ្មាន​វត្តមាន​គាត់​ក្នុង​បេះ​ដូង​ក៏​ដោយ។

​​៥. សួរ​សំណួរ​ទាក់​ទង​នឹង​សុខ​ទុក្ខ

​​ដើម្បី​ឲ្យ​ការ​ជជែក​របស់​អ្នក​មាន​ភាព​រលូន មិន​ដូច​សម្ដែង យ៉ាង​ហោច​ណាស់​អ្នក​គួរ​មាន​សំនួរ​ខ្លះ​ៗ​សួរ​ទៅ Ex​​ របស់​អ្នក​ខ្លះ​។ អាច​សូរ​គាត់​ថា ​សុខ​សប្បាយ​ជា​ទេ? ​​មាន​គម្រោង​ធ្វើ​អី​ខ្លះ​ថ្ងៃ​ចុង​សប្ដាហ៍ ​​​​ឬ​សួរ​ពី​​ការងារ​ ការ​សិក្សា​យ៉ាង​ម៉េច​ហើយ​ជា​​ដើម។ បង្កើត​សំនួរ​ធម្មតា​ៗ ​ប្រៀប​ដូច​​​អ្នក​​ទើប​ស្គាល់​គាត់​លើក​ទី​មួយ ដែល​មិន​មែន​ចង់​បង្ហាញ​ថា​​អ្នក​ចាប់​អារម្មណ៍​​ពី​ជីវិត​គាត់​ទេ ​គ្រាន់​តែ​ជា​ការ​គួរ​សម​ប៉ុណ្ណោះ។

​ថ្វី​ត្បិត​​អ្នក​និង​គាត់​ក្លាយ​ជា ​Ex ​ក៏​ដោយ ​តែ​មិត្ត​ភាព​ក៏​គួរ​តែ​រក្សា ​ជា​ជាង​ធ្វើ​មុខ​​យក្ស​ដាក់​គ្នា ​ដៀម​ដាម​​ពេល​ជួប​គ្នា​ម្ដង​ៗ ដែល​ធ្វើ​ឲ្យ​គ្មាន​សន្តិភាព​ផ្លូវ​ចិត្ត។ ​យើង​រាប់​អាន​គេ​ជា​មិត្ត និយាយ​រក​គេ​​ធម្មតា​មិន​មែន​មាន​ន័យ​ថា​យើង​អត់​ឱន​ឲ្យ​រាល់​អំពើ​គេ​ធ្លាប់​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ទេ ​តែ​វា​ជា​ការ​សង​សឹក​យ៉ាង​ចិត្ត​ត្រជាក់ និង​ឃោរ​ឃៅ​បំ​ផុត ​នៅ​ពេល​យើង​អាច​​បំភ្លេច Ex ជា​មនុស្ស​សំខាន់​បាន ហើយ​ចាត់​ទុក​គេ​ត្រឹម​អ្នក​រាប់​អាន​គ្នា​ដែល​ទើប​ស្គាល់​គ្នា​ថ្ងៃ​នេះ៕

ចុចអាន៖ ​​ ល្អ​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​ស្រលាញ់ អាក្រក់​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​អស់​ចិត្ត

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម