ពាក្យបងស្រីផ្ដាំ! មុនដាក់ចិត្តស្រលាញ់បុរសណាម្នាក់ សូមអូនចាំពាក្យទាំងនេះក្នុងចិត្ត

  • 2019-04-30 07:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្អូន​ស្រី! រៀបការ​ប្រើ​ពេល​តែ​១​យប់ ១​ថ្ងៃ​ប៉ុណ្ណោះ​គឺ​នឹង​អាច​បញ្ចប់​ហើយ តែ​ចំណង​អាពាហ៍ពិពាហ៍​នឹង​ត្រូវ​នៅ​ចង​រឹត​រួត​ប្អូន​អស់​មួយ​ជីវិត។ ការ​រៀប​ការ​មិន​មែន​ជា​បញ្ហា​អាយុ​ទេ ក៏​មិន​មែន​​សំដៅ​លើ​ភាព​ចាស់​ទុំ​របស់​ខាង​ណា​ម្នាក់​ដែរ តែ​ជា​ការ​ទទួល​ស្គាល់​ភាព​ចាស់​ទុំ​របស់​មនុស្ស​ពីរ​នាក់​ដែល​អាច​គិត និង​ធ្វើ​រឿង​ដូច​គ្នា​បាន។

រូបតំណាង

មិន​ថា​អូន​អាយុ​ប៉ុន្មាន​ទេ អ្វី​ដែល​សំខាន់​គឺ​អូន​អាច​ទទួល​​យក​ និង​ទទួល​ស្គាល់​ពី​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពី​ក្មេង​ស្រី​ម្នាក់ ​ហើយ​និង​ការ​បោះ​ជំហាន​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ ហើយ​បន្ត​ទៀត​នឹង​ក្លាយ​ជា​ម្ដាយ​គេ​នោះ​ឯង។

ចុចអាន៖ ​ស្រលាញ់​​គ្នា​ដោយ​មិន​​យក​​​រឿង​ឈឺ​​ក្បាល​​ដាក់​​​ក្នុង​ខ្លួន​​ គួរ​​ទន្ទិញពាក្យ​​ទាំង​​​​នេះ​ក្នុង​​​ចិត្ត​

បើ​ពេល​នេះ​ អូន​អាយុ​ខ្ទង់​២០​ឆ្នាំ​ហើយ ក៏​អាច​ទទួល​យក​ការ​ផ្លាស់ប្ដូរ​បាន​ដែរ​ហើយ អាច​ពិចារណា​ពី​តួនាទី​ធ្វើ​ជា​ប្រពន្ធ និង​ម្ដាយ​គេ​បាន នោះ​គឺ​ដល់​ពេល​អាច​រៀបការ​បាន​ហើយ។ ប៉ុន្តែ​បើ​ទោះ​បី​អូន​អាយុ​៣០​ឆ្នាំ តែ​នៅ​ចង់​សប្បាយ​ ដើរ​លេង​ដាច់​យប់​ជាមួយ​ពួកម៉ាក នៅ​ចង់​បាន​សេរីភាព នៅ​​មិន​ទាន់​ចង់​គិត​គូរ​រឿង​ទុក​ដាក់​ផ្ទះ​សម្បែង​ យក​ល្អ​កុំ​ទាន់​សម្រេច​ចិត្ត​ថា​រៀប​ការ​អី!

រូបតំណាង

​ប្អូន​ស្រី​បង! អូន​ត្រូវ​ចាំ​ថា រៀបការ​នៅ​អាយុ​ប៉ុន្មាន​ក៏​មិន​សូវ​សំខាន់​ដែរ ដែល​សំខាន់​គឺ​ការ​តាំង​ចិត្ត​ក្នុង​ដំណើរ​ជីវិត​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​នេះ​ទៅ​វិញ​ទេ។ មនុស្ស​ប្រុស​អាច​យក​ប្រពន្ធ​ដែល​នៅ​រឡិករឡក់ មិន​ទាន់​ចាស់​ទុំ ហើយ​អាច​នៅ​ជាមួយ​គ្នា​យូរ​អង្វែង​បាន តែ​សម្រាប់​មនុស្ស​ស្រី​វិញ​ណា បើ​យក​ប្ដី​នៅ​មិន​ទាន់​ចេះ​គិត នៅ​ចង់​សប្បាយ ភ្លើតភ្លើន​នៅ​ឡើយ​គឺ​ពិបាក​រស់​ចុះ​សម្រុង​គ្នា​ណាស់។

ហេតុផល​ព្រោះ​ថា ភាព​ចុងក្រោយ​របស់​មនុស្ស​ស្រី​គឺ​គ្រួសារ ទោះ​បី​ពេល​រៀបការ​មិន​ទាន់​ចាស់​ចិត្ត​ចាស់​គំនិត តែ​ក្រោយ​រៀបការ​រួច ពេល​ក្លាយ​ជា​ម្ដាយ​គេ នាង​នឹង​ផ្លាស់​ប្ដូរ​ការ​គិត​របស់​នាង​ដោយ​ឯកឯង។ តែ​សម្រាប់​មនុស្ស​ប្រុស​វិញ គោល​ដៅ​របស់​គេ​មាន​របស់​ច្រើន ដូច​ជា​រឿង​ជីវិត​ឯកជន ការងារ មិត្តភ័ក្ដិ ត្រូវ​ការ​សប្បាយ ហើយ​ពេល​ខ្លះ​​អាច​ទុក​ប្រពន្ធ​កូន​ចោល​ឱ្យ​តែ​បាន​ដើរ​សប្បាយ​ជាមួយ​អ្នក​ក្រៅ តែ​មនុស្ស​ស្រី​វិញ​ពិបាក​ធ្វើ​បែប​នេះ​ណាស់។

ចុចអាន៖ អានមួយៗហើយគិត! គំនិតល្អៗគួរយល់ដឹងមុនពេលចង់រៀបការ

រូបតំណាង

អ៊ីចឹង​ហើយ មុន​សម្រេច​ចិត្ត​ជ្រើស​រើស​បុរស​ណា​ម្នាក់​ឱ្យ​ចូល​មក​ក្នុង​ជីវិត​ប្អូន អូន​ត្រូវ​តោង​គិត និង​ពិនិត្យ​មើល​ឱ្យ​បាន​ម៉ត់ចត់​ថា​ គេ​ជា​មនុស្ស​អាច​កាន់​ដៃ​អូន​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​បាន​ឬ​អត់ គេ​រឹង​មាំ​ និង​អាច​ជា​ដៃ​គូ​ប្រឹក្សា​ដ៏​ល្អ​សម្រាប់​អូន​ដែរ​អត់ ថា​តើ​គេ​លះបង់​ដើម្បី​អូន ដូច​ដែល​អូន​នឹង​លះបង់​ដើម្បី​គេ​សម្រាប់​គ្រួសារ​មួយ​នេះ​ដែរ​អត់ ថា​តើ​គេ​នៅ​ចង់​សប្បាយ​ដូច​ពេល​នៅ​លីវ​ខ្លួន​មួយ​ដែរ​អត់?

នេះ​គឺ​ជា​សំណួរ​ដែល​ត្រូវ​សួរ​ខ្លួន​ឯង​ឱ្យ​រក​ចម្លើយ​ឱ្យ​ឃើញ​ជា​មុន​សិន ព្រោះ​មិន​មែន​គ្រាន់​តែ​រៀបការ​ដើម្បី​បាន​ថ្នាក់​ថ្នម ថើប​បបោស​អង្អែល​គ្នា​តែ​មួយ​មុខ​ទេ តែ​ជា​​ពេលវេលា​វែង​ឆ្ងាយ​ដែល​ត្រូវ​ប្រឈម​ទាំង​រឿង​កើត​​ទុក្ខ រឿង​សើច​សប្បាយ រឿង​បាក់​ទឹក​ចិត្ត​ទាំង​ឡាយ​ដែល​នៅ​ខ្លួន​មួយ​អូន​មិន​ដែល​បាន​ជួប៕

អត្ថបទ៖ សរ សុគន្ធី