អានមួយៗហើយគិត! គំនិតល្អៗគួរយល់ដឹងមុនពេលចង់រៀបការ

  • 2019-04-24 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ប្រុស​ ៖ ប៉ា​! ខ្ញុំ​នឹង​រៀប​ការ​ហើយ

ឪពុក ៖ ឯង​ត្រូវ​តែ​សុំ​ទោស​យើង​ជា​មុន​សិន...!!

កូន​ប្រុស​ ៖ ហេតុ​អី​ខ្ញុំ​ត្រូវ​សុំ​ទោស​?​ តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស​?​

ឪពុក៖ តើ​ឯង​អាច​និយាយ​ពាក្យ​សុំ​ទោស​មក​សិន​បាន​អត់​?​

កូន​ប្រុស​ ៖ ហេតុ​អី​?​ ខ្ញុំ​បាន​ធ្វើ​អី​ខុស​ ?​ ហេតុ​អី​ត្រូវ​សុំ​ទោស​?

ឪពុក ៖ សុំ​ទោស​សិន​មក​...!!

កូន​ប្រុស​ ៖ ហេតុ​អី​?​ ប៉ា​ប្រាប់​ខ្ញុំ​សិន​មក​ថា​មក​ពី​មូល​ហេតុ​អ្វី​?​

ឪពុក ៖ សុំ​ទោស​! និយាយ​សិន​មក​...!! ហើយ​ប៉ា​នឹង​ប្រាប់​ឯង

កូន​ប្រុស​ ៖ ខ្ញុំ​ចង់​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​​អ្វី​ខុស​ជា​មុន​សិន​ប៉ា​

ឪពុក ៖ សុំ​ទោស​សិន​មក​ ….!!

កូន​ប្រុស​ ៖ បាទ​ សុំ​ទោស​ប៉ា​

ឪពុក ៖ ឥឡូវ​នេះ​ឯង​អាច​រៀប​ការ​បាន​ហើយ​។

រូបតំណាង

នេះ​គឺ​ជា​ការ​សាក​ល្បង​មុន​ពេល​រៀប​ការ​។​ នៅ​ពេល​ដែល​អ្នក​អាច​សុំ​ទោស​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ អ្នក​ជា​មនុស្ស​ដែល​អាច​រៀប​ការ​បាន​ហើយ​។​ ជីវិត​គ្រួសារ​របស់​អ្នក​ត្រូវ​ការ​ភាព​ស៊ូ​ទ្រាំ​ ប៉ុន្តែ​បើ​សិន​ជា​អ្នក​នៅ តែ​ប្រកាន់​យក​គោលការណ៍​ថា​បើ​មិន​បាន​ធ្វើ​ខុស​ នោះ​មិន​ចាំបាច់សុំ​ទោស​ទេ​ ហើយ​នឹង​មិន​សុំ​ទោស​ដាច់​ខាត​បើ​មិន​បាន​ដឹង​ពី​មូល​ហេតុ​ជា​មុន​ នោះ​មានន័យថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​រៀប​ការ​ បង្កើត​គ្រួសារ​ទេ​។​

បើ​ថ្ងៃ​ណា​មួយ​អ្នក​​រៀប​ការ​ជា​មួយនរណា​ម្នាក់​ អ្នក​គួរ​ចង់​ចាំ​ការ​សាក​ល្បង​​ដែល​ឪពុក​បាន​ផ្ដល់​ឲ្យ​​ដូច​ខាង​លើ​នេះ​។​ និយាយ​ពាក្យ​ថា​សុំ​ទោស​មិន​មាន​ន័យ​ថា​អ្នក​ជា​អ្នក​ខុស​នោះ​ទេ​ ជួន​កាល​ការ​សុំ​ទោស​គ្រាន់​តែ​ជួយ​ឲ្យ​អារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត​ស្ងប់​តែ​ប៉ុណ្ណោះ​។​ ចង​ចាំ​ថា​គូ​ស្នេហ៍​មិន​មែន​ជា​គូ​ប្រកួត​ប្រជែង​ទេ​ កុំ​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​ឲ្យ​សោះ​។​​

រូបតំណាង

«សុំ​ទោស​» ជា​ទូទៅ​គឺ​ជា​ពាក្យ​ដែល​អ្នក​ធ្វើ​ខុស​គួរ​តែ​និយាយ​។ ប៉ុន្តែ​សម្រាប់​ដៃ​គូ​ឬ​គ្រួសារ​ ជួន​កាល​អ្នក​ត្រូវ​តែ​និយាយ​ចេញ​ទៅ​ដោយ​ផ្ទុយ​ការ​ពិត​ដោយ​គ្មាន​មូល​ហេតុ​ទេ​។​ ដោយ​សារ​តែ​បើ​អ្នក​​នៅ​តែ​បង្ក​ជម្លោះ​យក​ឈ្នះ​រៀង​ខ្លួន​ តាំង​ខ្លួន​ជា​អ្នក​ត្រូវ​ដូច​គ្នា​ លទ្ធផល​គឺ​មាន​តែ​ខាត​បង់​ទាំង​សង​ខាង​តែ​ប៉ុណ្ណោះ​។​ តើ​នេះ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​មែន​ទេ​?​ ចម្លើយ​គឺ​ គ្មាន​នរណា​ចង់​បាន​បែប​នេះ​ទេ​...!!

ប៉ុន្តែ​ពេល​ខ្លះ​មិន​យល់​ដែរ​ ហេតុ​អ្វី​ម្នាក់​ៗ​មិន​ហ៊ាន​សុំ​ទោស​គ្នា​។​ ពេល​នរណា​ម្នាក់​សុំ​ទោស​មុន​ មិន​ប្រាកដ​ថា​គេ​ជា​អ្នក​ខុស​ទេ​ ប៉ុន្តែ​ដោយសារ​តែ​គេ​ស្រលាញ់​អ្នក​ខ្លាំង​តែ​ប៉ុណ្ណោះ​។​ គេ​គ្រាន់​តែ​មិន​ចង់​ឲ្យ​មនុស្ស​ដែល​គេ​ស្រលាញ់​ខូច​ចិត្ត​ដោយ​សារ​តែ​ភាព​អាត្មា​និយម​របស់​គេ​ប៉ុណ្ណោះ​។​ នៅ​ពេល​ដែល​ភាគី​ម្ខាង​សុំ​ទោស​ ភាគី​ម្ខាង​ទៀត​គួរ​តែ​អត់​ទោស​ឲ្យ​ដោយ​មិន​ចាំ​បាច់​គិត​ច្រើន​ទេ​ … អាថ៌កំបាំង​ធ្វើ​ឲ្យ​ជីវិត​គ្រួសាររបស់​អ្នក​កាន់​តែ​ប្រសើរ​គឺការ​សុំ​ទោស​ដោយ​គ្មាន​ហេតុ​ផល​៕

រូបតំណាង

ចុចអាន៖ បើ​មាន​បំណង​ចង់​រៀប​ការ​ជាមួយ​នរណា​ម្នាក់ ត្រូវ​ទទួល​យក​ចំណុច​ខ្វះខាត​គេ​ជាមុន​សិន

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា